- 2023-09-08 03:19:19
- ព័ត៌មាន
SunWalk កម្មវិធីដើររួមគ្នាដើម្បីសុខភាព និងមិត្តភាព រៀបចំដោយក្រុមហ៊ុន MSA Marketing Solutions Asia Ltd
- 2023-09-08 03:19:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SunWalk កម្មវិធីដើររួមគ្នាដើម្បីសុខភាព និងមិត្តភាព រៀបចំដោយក្រុមហ៊ុន MSA Marketing Solutions Asia Ltd
ចន្លោះមិនឃើញ
[ភូមិដើមប្រង់] - SunWalk ដែលជាកម្មវិធីបង្កើតឡើងដោយក្រុមហ៊ុនទីផ្សារ MSA Marketing Solutions Asia Ltd., បានលេចខ្លួនឡើងលើបរិវេណដីដើមប្រង់ដ៏ស្រស់ស្អាតកាលពីថ្ងៃទី 02 កញ្ញា 2023 កន្លងទៅនេះ។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការជំរុញឱ្យមានសហគមន៍មួយ ដែលពោរពេញទៅដោយមនុស្សគ្រប់វ័យមកជួបជុំគ្នាដើម្បីដើរ និងចូលរួមក្នុងសកម្មភាពសប្បាយៗ ព្រមទាំងពង្រឹងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។
កញ្ញា ងួន លីនណា អ្នកផលិត និងប្រធានគ្រប់គ្រងកម្មវិធី បានជម្រាបថា៖ ‘ការហាត់ប្រាណ និងការចូលរួមក្នុងសកម្មភាពកម្សាន្តអារម្មណ៍ ពិតជាមានសារសំខាន់ណាស់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ពួកយើងចង់បង្កើតឱ្យមានការចូលរួមពីយុវជនជំនាន់ក្រោយ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ ហើយជំរុញឱ្យមានការសប្បាយរួមគ្នាជាមួយមនុស្សជាទីស្រឡាញ់។ ពួកគាត់ដើរជាមួយគ្នា សើចជាមួយគ្នា សប្បាយជាមួយគ្នា គោរពគ្នា ញ៉ាំការ៉េម និងកាន់ប៉េងប៉ោងម្នាក់មួយជាមួយស្នាមញញឹម ហើយនេះគឺជាអ្វីដែលពួកយើងចង់ឃើញក្នុងកម្មវិធី SunWalk របស់យើង។
ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច អ្នកចូលរួមទាំងអស់ទទួលបានបទពិសោធដ៏មិនអាចបំភ្លេចបាន ដែលរួមមានសកម្មភាពជាច្រើន និងជាពិសេសគឺការដើរ។ កម្មវិធី SunWalk បានជំរុញឱ្យអ្នកចូលរួមគ្រប់រូប ទទួលបាននូវបរិបទរស់នៅដ៏សកម្ម ហើយពោរពេញទៅដោយភាពសប្បាយរីករាយ អមដោយមិត្តភាព និងមនុស្សជាទីស្រឡាញ់។ កម្មវិធី SunWalk បានធ្វើឡើងជាមួយសំណុំសកម្មភាពសប្បាយៗជាច្រើន ដែលបានបំផុសគំនិតថ្មីៗ និងបង្កើតអារម្មណ៍ល្អៗសម្រាប់អ្នកចូលរួម។ កម្មវិធីបានចាប់ផ្ដើមឡើងជាមួយការរួមគ្នាជិះកង់ និងបន្តដោយការប្រកួតបាល់ទាត់មិត្តភាព ដែលបានញ៉ាំងកម្មវិធីឱ្យមានចលនារួបរួមសហការគ្នាយ៉ាងមោះមុត។
កម្មវិធី SunWalk ក៏មានសកម្មភាពសម្រាប់កុមារតូចៗផងដែរ ដែលក្នុងនោះគឺកុមារទាំងអស់បានចូលរួមក្នុងវគ្គ SunWalk’s Kids Edition ដែលជាពេលវេលាដែលពួកគេអាចទទួលបានបទពិសោធថ្មីៗ និងចូលរួមលេងក្នុងសកម្មភាពសប្បាយៗ។ វគ្គនេះបានបណ្តុះគំនិតឱ្យកុមារទាំងអស់ចង់ស្វែងរកបរិបទរស់នៅដ៏សកម្មដែលអាចផ្តល់នូវសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តចាប់តាំងពីវ័យក្មេង។
អ្នកចូលរួមទាំងអស់បានទទួលនូវបទពិសោធថ្មីៗជាច្រើនដូចជាវគ្គ SunWalk Hour និង Golden Hour ដែលពួកគេបានដើរ និងសប្បាយរីករាយជាមួយទេសភាពបែបធម្មជាតិ អមដោយពន្លឺព្រះអាទិត្យលិចប្រឿងៗដ៏ស្រស់ស្អាត។ លើសពីនេះទៅទៀត កម្មវិធីក៏មានការសណ្ដាប់ធម្មទេសនា និងសមាធិ ពី ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលបានផ្ដល់នូវដំបូន្មានផ្លូវចិត្តជាច្រើនសម្រាប់អ្នកចូលរួម។
ក្នុងដំណើរ SunWalk Hour ឃើញថាមានចំណតចំនួនបួនធំៗដែលមានឈ្មោះថា៖ ចំណតអនុស្សា (ដើម្បីរំឮកអនុស្សាវរីយ៍ និងបង្កើតពេលវេលាល្អៗបន្ថែមជាមួយគ្នា) ចំណតកម្សាន្ត (ដើម្បីផ្ដល់នូវកន្លែងបន្ធូរអារម្មណ៍ អមដោយវង់ភ្លេងខ្មែរ) ចំណតស្នាមញញឹម (ដើម្បីបង្កើតឱ្យមានភាពសប្បាយរីករាយ) និងចំណតសារភាព (ដើម្បីផ្ដល់ជូននូវឱកាសក្នុងការសារភាព ឬសរសេររឿងរ៉ាវក្នុងចិត្តដោយអនាមិក)។
កម្មវិធី SunWalk បានបញ្ចប់ទៅជាមួយការប្រគំតន្រ្តីបែប Acoustic ដ៏លន្លង់លន្លោចក្នុងបរិយាកាសដ៏ស្រស់ស្រាយនាពេលល្ងាចត្រជាក់ចិត្ត ជាពេលវេលាដ៏ពិសេសសម្រាប់ការបង្កើតទំនាក់ទំនងថ្មី និងបន្ធូរអារម្មណ៍ពីទុក្ខកង្វល់នានា។ កម្មវិធី SunWalk បានដំណើរការទៅយ៉ាងជោគជ័យដោយសារតែការខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ពីគណៈគ្រប់គ្រងរៀបចំកម្មវិធី អ្នកស្ម័គ្រចិត្ត និងអ្នកឧបត្ថម្ភ ដែលបានយល់ឃើញពីតម្លៃនៃការលើកកម្ពស់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងបរិបទរស់នៅជាសហគមន៍។
ភាពជោគជ័យរបស់កម្មវិធីបានបង្ហាញនូវការរួបរួមគ្នាខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណតម្លៃសុខភាព មិត្តភាព និងសាមគ្គីភាពក្នុងសហគមន៍។ អ្នកចូលរួមបានត្រឡប់ទៅវិញជាមួយការប្ដេជ្ញាចិត្តក្នុងកាបង្កើតការររស់នៅបែបសកម្ម និងពោរពេញទៅដោយសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី SunWalk បន្ទាប់ៗទៀត សូមចូលទៅកាន់ https://www.facebook.com/SunwalkFunwalk។
អំពីកម្មវិធី SunWalk៖
កម្មវិធី SunWalk ធ្វើឡើងក្នុងគោលបំណងបង្កើតសហគមន៍មួយ ហើយលើកកម្ពស់ការថែរក្សាសុខភាព និងការបង្កើតមិត្តភាព តាមរយៈការដើររួមគ្នា។ ជាមួយកម្មវិធី និងសកម្មភាពជាច្រើន កម្មវិធី SunWalk នឹងជំរុញឱ្យអ្នកចូលរួមស្វែងរកនូវបរិបទរស់នៅពោរពេញទៅដោយទំនាក់ទំនងល្អ និងការថែទាំសុខភាព ឆ្ពោះទៅកាន់ការរស់នៅដ៏ល្អប្រសើរទាំងអស់គ្នា។