• 2023-10-02 03:09:51
  • ព័ត៌មាន

តើពិធី បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា មានទំនាក់ទំនងគ្នាយ៉ាងណា?

  • 2023-10-02 03:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។

លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុង ព្រះពុទ្ធសាសនា ដោយបច័្ចយបួន មានចង្អាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈេ្វងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកដែល បណ្តាលឲ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឲ្យព្រះអង្គកើត ព្រះទ័យសងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញ បិណ្ឌបាត្រឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជប្រកាសផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យបួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។

ការអនុវត្តន៍បែបនេះ ចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្រ្តក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជមិនឲ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗមកក៏សល់រយៈពេលតិចទៅៗ រហូតមកដល់សព្វថៃ្ងនេះ អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល) ៕

ប្រភព៖ ក្រសួងវប្បធម៌

មតិយោបល់