• 2023-11-13 12:48:20
  • ព័ត៌មាន

អតីត​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស

  • 2023-11-13 12:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​នេះ លោក David Cameron អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវ​បាន​លោក Rishi Sunak នាយករដ្ឋមន្ត្រី​អង់គ្លេស​បច្ចុប្បន្ន​ តែង​តាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​អង់គ្លេស។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​អង់គ្លេស​ទាក់ទិន​នឹង​ការ​ផ្លាស់​ប្ដូរ​សមាសភាព​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល។

អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស លោក James Cleverly ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​មហាផ្ទៃ​ជំនួស​លោក​ស្រី Suella Braverman។

តាម​រយៈ​សារ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ X (អតីត Twitter) លោក Cameron ថា​នឹង​ខិតខំ​ប្រើប្រាស់​បទពិសោធន៍​ខ្លួន​មាន​ក្នុង​ការ​ជួយ​នាយករដ្ឋមន្ត្រី Sunak ទាក់​ទង​នឹង​វិស័យ​ការបរទេស។

លោក​ Cameron ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៦ ហើយ​ធ្លាប់​ធ្វើ​ជា​ប្រធាន​គណបក្ស​អភិរក្ស​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៦។ លោក​ធ្លាប់​ធ្វើ​ជា​តំណាង​រាស្ត្រ​អង់គ្លេស​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១៦។

នា​ពេល​ដែល​លោក​ធ្វើ​ជា​ដឹកនាំ​រដ្ឋាភិបាល​នេះ​ហើយ ដែល​អង់គ្លេស​បាន​ធ្វើ​ប្រជាមតិ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​អង់គ្លេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ ២០១៦។ ជា​លទ្ធផល ប្រជាជន​អង់គ្លេស​ប្រមាណ ៥១ ភាគរយ​បាន​បោះ​ឆ្នោត​សម្រេច​ចិត្ត​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ ក្រោយ​លទ្ធផល​នេះ​កើត​ឡើង លោក Cameron សម្រេច​លា​លែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី។ មូល​ហេតុ​ធំ​មួយ​នៃ​ការ​លា​លែង​នេះ​គឺ​ ដោយសារ​លោក​មាន​ជំហរ​គាំទ្រ​ចង់​ឲ្យ​អង់គ្លេស​បន្ត​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប៕

ប្រភព៖ CNBC អត្ថបទ៖ សេរី មង្គល

មតិយោបល់