- 2023-11-14 03:51:23
- ព័ត៌មាន
អ្នកជំនាញ លើក 3 ចំណុចបញ្ជាក់ថាកម្ពុជា មានសក្តានុពល លើវិស័យអចលនទ្រព្យ
- 2023-11-14 03:51:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ លើក 3 ចំណុចបញ្ជាក់ថាកម្ពុជា មានសក្តានុពល លើវិស័យអចលនទ្រព្យ
ចន្លោះមិនឃើញ
អ្នកជំនាញលើ វិស័យអចលនទ្រព្យ បានលើកឡើងពីកត្តា 3 ចំណុច ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា ពិតជាមានសក្តានុពល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន កម្ពុជា កំពុងទទួលបានការវិនិយោគយ៉ាងគំហុក លើអគារ ខុនដូ និង សណ្ឋាគារជាដើម។
លោក MARCUS CHU នាយកប្រតិបត្តិក្រុមហ៊ុន ERA សិង្ហបុរី និងអាស៊ីប៉ាស៊ីហ្វិក ដែលជាក្រុមហ៊ុនលំដាប់កំពូលលេខ១ជាមួយនឹងភ្នាក់ងារដ៏ឆ្នើម ក្នុងការលក់ និងការធ្វើទីផ្សារខុនដូនៅកម្ពុជា ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យ បានលើកឡើងថា កម្ពុជា ជាប្រទេសមួយ ដែលមានសកត្តានុពលខ្លាំងក្នុងការទាក់ចិត្ត ឱ្យអ្នកជំនួញ វិនិយោគមកលើវិស័យអចលនទ្រព្យ ដែលជាចលករមួយសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។
លោកថា ថ្វីត្បិត នាពេលកន្លងមកមានបញ្ហារាំងស្ទះមួយចំនួន ដែលបង្ករឡើងដោយវិបត្តិជំងឺឆ្លងសកល កូវីដ១៩ ប៉ុន្តែចូលមកដល់ក្នុងឆ្នាំ 2023 នេះ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា បានត្រឡប់មករកភាពល្អប្រសើរវិញហើយ ស្របពេលជាមួយគ្នាដែលចំនួន អ្នកវិនិយោគលើវិស័យនេះ កាន់តែកើនឡើងខ្លាំង។
តាមការសង្កេតឃើញរបស់អ្នកជំនាញខាងលើ លើវិស័យអចលនទ្រព្យ បានឱ្យដឹងថា ចំណុចធំៗ 3 ដែលបញ្ជាក់ថាកម្ពុជា ជាប្រទេសដែលមានសកត្តានុពល លើវិស័យអចលនទ្រព្យ កត្តាទី1 គឺដោយសារកត្តាប្រជាជន ដោយសារកម្ពុជាមានចំនួនប្រជាជន ជាយុវវ័យច្រើន ដែលជាកម្លាំងជម្រុញតម្រូវការអចលនទ្រព្យ។ ចំណែក កត្តាទី2 គឺជាកត្តាទេសចរណ៍ ដែលកម្ពុជាបានបើកចំហរជើងមេឃ ស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ហើយពិតណាស់ លំហូរទេសចរនឹងជំរុញឲ្យមានតម្រូវការលើអចលនទ្រព្យ។
ហើយកត្តាទី 3 គឺកត្តាតម្លៃ ដែលនៅមានអត្រាទាបធៀបនឹងប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។ ជាក់ស្ដែងលោកថា តម្លៃអចលនទ្រព្យនៅកម្ពុជា នៅទាបជាង ១០ដង ធៀបនឹងសិង្ហបុរី។ ដូច្នេះ ឱកាសទិញលក់នៅមានភាគរយចំណេញខ្ពស់ ហើយលោកខ្លួនឯងក៏បានវិនិយោគអចលនទ្រព្យមួយចំនួនផងដែរ។
ដោយឡែក លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia នៅក្នុងកម្មវិធីសន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៥ របស់ក្រុមហ៊ុន និងទស្សនវិស័យសម្រាប់ឆ្នាំ 2024 ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូកម្ពុជា ក៏បានឯកភាពនឹងការលើកឡើងនេះដែរ។
លោកថា ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារអចលនទ្រព្យក្នុងតំបន់និងពិភពលោក យើងឃើញថាកម្ពុជាជាទីផ្សារដែលមានសក្តានុពលខ្ពស់ត្បិតតម្លៃអចលនទ្រព្យនៅប្រទេសរបស់យើងស្ថិតក្នុងតម្លៃសមរម្យ មានកំណើនសេដ្ឋកិច្ចនិងស្ថេរភាពសង្គមនិងនយោបាយ បរិកាសវិនិយោគមានភាពទាក់ទាញ ដែលសុទ្ធសឹងជាកត្តាជម្រុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។
លោក គង្គា បានគូសបញ្ជាក់ថា ទីផ្សារខុនដូនាឆ្នាំ ២០២៣ នេះគឺហាក់មានភាពល្អប្រសើរប្រសិនបើយើងធៀបជាមួយនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ហើយលោកមានសុទិដ្ឋិនិយម ថាឆ្នាំ ២០២៤ នឹងមានកំណើនល្អប្រសើរជាងនេះទៅទៀត ដោយសារការសង្កេតលើប្រាក់ចំណូល និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជាកំពុងបន្តកើនឡើងវិជ្ជមានជាលំដាប់”៕