- 2024-01-16 02:57:03
- ព័ត៌មាន
ណាវី ដាក់ផែនការ ខ្នះខ្នែងរកវត្ថុធាតុដើមនៅកម្ពុជា ខណៈថៃរកលុយបានរាប់លានដុល្លារពីការងារនេះ
- 2024-01-16 02:57:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាវី ដាក់ផែនការ ខ្នះខ្នែងរកវត្ថុធាតុដើមនៅកម្ពុជា ខណៈថៃរកលុយបានរាប់លានដុល្លារពីការងារនេះ
ចន្លោះមិនឃើញ
អ្នកស្រី សែម ណាវី អតីតកម្មការិនីរោងចក្រកាត់ដេរ បច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Sisyphus.inc បានដាក់ផែនការស្វែងរកវត្ថុធាតុដើមនៅក្នុងប្រទេសកំណើត សម្រាប់យកទៅចែកចាយនៅបរទេស ខណៈច្រើនឆ្នាំមកនេះ ថៃ កើបលុយរាប់លានដុល្លារក្នុង១ឆ្នាំៗ។
ក្រុមហ៊ុន Sisyphus.inc របស់អ្នកស្រី សែម ណាវី មានមូលដ្ឋាននៅប្រទេសជប៉ុន ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ មានលក់ និងចែកចាយវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងការផលិត ផលិតផលថែរក្សាសម្ផស្ស និងវីតាមិនថែរក្សាសុខភាព។ បច្ចុប្បន្នក្រុមហ៊ុនរបស់កូនខ្មែររូបនេះ បាន និងកំពុងប្រតិបត្តិការទីផ្សាររបស់ខ្លួននៅក្នុងប្រទេសជាច្រើនដូចជា ចិន ថៃ ម៉ាឡេស៊ី និងកម្ពុជាជាដើម។
ពាក់ព័ន្ធនឹងវត្ថុធាតុដើម ដែលយកមកផ្គត់ផ្គង់ទៅឲ្យដៃគូជាច្រើន អ្នកស្រី សែម ណាវី ប្រាប់ថា មួយគ្រឿងផ្សំធុនធានដេីម ភាគច្រើនរកឃើញនៅជប៉ុន ចិន ឥណ្ឌា ថៃ និងខាងអឺរ៉ុប ដោយឡែកនៅខ្មែរមិនទាន់មាន។ មួយផ្នែកទៀត យកមកពីប្រទេសផ្សេងៗទៀត សម្រាប់ទ្រទ្រង់សង្វាក់ផ្គត់ផ្គង់ទីផ្សារ។
ដោយឡែក កម្ពុជា បច្ចុប្បន្ន ត្រឹមជាទីផ្សារចែកចាយផលិតផលសម្រេច តាមចក្ខុវិស័យរបស់អ្នកនាង ផ្ទាល់ គឺផ្ដល់ឲ្យបងប្អូន លោកអ៊ុំ ពូ មីង នូវផលិតផលដែលមានគុណភាព។ ប៉ុន្តែ មិនមានវត្ថុធាតុត្រូវបានចម្រាញ់ចេញយកទៅបញ្ចូលក្នុងសង្វាក់ផ្គត់ផ្គង់របស់ខ្លួននោះទេ។
ត្រង់ចំណុចនេះ ស្ត្រីវ័យ ៣៩ឆ្នាំបានគូសបញ្ជាក់ថា ថៃដែលឧស្សាហកម្មគេរីកចម្រើនជាងយើងនោះ គេបានកៀគរចំណូលពីការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតផលិតផលផ្នែកសម្ផស្សរាប់លានដុល្លារក្នុង១ឆ្នាំៗ។ ដូច្នេះហើយ អ្វីដែលស្ថិតក្នុងផែនការអ្នកស្រី គឺស្វះស្វែងចម្រាញ់វត្ថុធាតុដើមយកចេញពីបន្លែ ផ្លែឈើ ឬរុក្ខជាតិនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី សែម ណាវី ថ្លែងថា "កន្លងមក យើងធ្លាប់ដឹងថា ចាស់ៗយើងប្រាប់ពីរឿងថា រុក្ខជាតិនេះ បន្លែនេះ អាចព្យាបាលជំងឺនេះ ជំងឺនោះបាន ដូច្នេះខ្ញុំជឿថា យើងអាចរកវត្ថុធាតុដើមបាន គ្រាន់តែយើងនៅខ្វះបច្ចេកទេសប៉ុណ្ណោះ!”។
អ្នកស្រី សែម ណាវី បានពន្យល់ថា ជាដំបូងអ្នកស្រី នឹងស្រាវជ្រាវអំពី រុក្ខជាតិ បន្លែ ឬផ្លែឈើ ដែលស្ថិតក្នុងការសង្ស័យថាអាចចម្រាញ់ធ្វើជាវត្ថុធាតុដើម និងវីតាមីន សម្រាប់ផលិតផលិតផលថែរក្សាសម្ផស្ស។
ចំណុចនេះ អ្នកស្រី ប្រាប់ទៀតថា ប្រសិនបើក្នុងប្រទេសកម្ពុជា អ្នកស្រីមិនអាចរកកន្លែងពិសោធន៍បាន អ្នកស្រី នឹងយកមកពិសោធន៍នៅមន្ទីរពិសោធន៍ដែលជាដៃគូនៅប្រទេសជប៉ុន។ ប្រសិនបើលទ្ធផល ពិសោធន៍បង្ហាញថា អាចយកជាការបាន ជំហានបន្ទាប់ អ្នកស្រី នឹងគិតពីការស្វែងរកដៃគូ វិនិយោគបង្កើតរោចក្រចម្រាញ់វត្ថុធាតុដើមនៅកម្ពុជាបើអាចទៅរួច។
សែម ណាវី គឺជាស្រ្តីមាឌល្អិត តែចិត្តធំ ស្រមើស្រមៃខ្ពស់ ហើយទាំងនោះ បានរុញដោលឲ្យនាងក្លាយជាអ្នកដឹកនាំក្រុមហ៊ុនកម្រិតអន្តរជាតិ បើទោះនាងមិនបានសិក្សាដល់ថ្នាក់ឧត្តមក៏ដោយ។
ត្រង់ចំណុចនេះ ណាវី បាន លើកទឹកចិត្តយុវជនដែលមិនមានលទ្ធភាពរៀនសូត្របានវែងឆ្ងាយ កុំតូចចិត្ត កុំអស់សង្ឃឹម តែត្រូវតាំងចិត្ត រកឲ្យឃើញក្ដីសុបិនរបស់ខ្លួនឯង ហើយប្រឹងដើរទៅរកវាកុំបោះបង់។ ស្ត្រីអ្នកភ្នំពេញរូបនេះលើកឡើងទៀតថា សញ្ញាប័ត្រពីការសិក្សាចំណេះទូទៅសំខាន់ តែការរៀនជំនាញខ្លីអ្វីមួយក៏សំខាន់ ហើយវាអាចត្រួសត្រាយផ្លូវនាំជីវិតទៅរកភាពជោគជ័យដូចគ្នា។
បច្ចុប្បន្ន ក្រៅតែពីនាំយកផលិតផលសម្រេចផ្នែកសម្ផស្សមានគុណភាព និងវីតាមិនថែរក្សាសុខភាពពីជប៉ុនមកចែកចាយនៅកម្ពុជា ណាវី ក៏កំពុងចរចានាំផលិតផលមួយចំនួនពីកម្ពុជា ទៅចែកចាយនៅប្រទេសជប៉ុនវិញដែរ។
ទៅថ្ងៃអនាគត ណាវី ជឿជាក់ថា នឹងមានវត្ថុធាតុដើមចម្រាញ់នៅកម្ពុជា ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាង ទៅកាន់ទីផ្សារប្រទេសជាច្រើនក្នុងតំបន់ នឹងអាចឈានទៅកម្រិតពិភពលោកថែមទៀត៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB