• 2024-03-24 05:01:30
  • ព័ត៌មាន

សម្ដេចនាយករដ្ឋមន្ដ្រី បង្ហាញខឿនអភិវឌ្ឍន៍ ៥ចំណុច ដើម្បីសម្រេចទិសដៅជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ឆ្នាំ២០៣០

  • 2024-03-24 05:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវាជាតិ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា នវានុវត្ដន៍លើកទី២ ឆ្នាំ២០២៤ បានប្រកាសបើកជាផ្លូវការហើយនៅថ្ងៃទី២៤ ខែមីនា នេះ ក្រោមវត្ដមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទិវាជាតិ ឆ្នាំ២០២៤ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី២៤ រហូដល់ថ្ងៃទី២៦ ខែមីនា នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍”។

ថ្លែងក្នុងពិធីបើក ទិវាជាតិលើកទី២ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ គាំទ្រលើការដឹកនាំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ដ្រ និងនវានុវត្ដន៍ ដើម្បីឲ្យវិស័យអាទិភាពនេះក្លាយជាខឿន នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាបានប្រសើរឡើង។

ក្រសួង ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវប្រកាន់ខ្ជាប់នូវគោលការណែនាំចំនួន ៥ចំណុច។

ទី១ បន្ដពង្រឹងអភិបាលកិច្ចលើវិស័យបច្ចេកវិទ្យា និងនវានុវត្ដន៍ស្របតាមបទដ្ឋានគតិយុទ្ធជាធរមាន ខណៈដែលយើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រុមប្រឹក្សាជាតិបច្ចេកវិទ្យា។ ទន្ទឹមគ្នានេះត្រូវប្ដូរទម្លាប់ធ្វើការដោយឡែករៀងៗខ្លួនមកធ្វើការរួមគ្នាដោយប្រកាន់យកស្មារតីសហការគ្នាក្នុងអភិក្រមចិរភាពក្នុងប្រព័ន្ធតួអង្គតែមួយដែលជាកត្ដាមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រព័ន្ធនវានុវត្ដន៍ជាតិមួយប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

ទី២ បន្ដជំរុញបដិវត្ដកម្មបច្ចេកវិទ្យាដល់វិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម ដើម្បីឆ្លើយតបទៅនឹងបដិវត្ដឧស្សាហកម្ម៤.០ ក្នុងគោលដៅចាប់យកឲ្យបានលឿននូវបច្ចេវិទ្យាចុងក្រោយទាំងឡាយដើម្បីបង្កើនផលិតភាពសហគ្រាស និងជំរុញសហគ្រាសបុរាណក្នុងស្រុកចាប់យកឲ្យបានទាន់ពេលវេលា និងពេញលេញនូវវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។

ទី៣ បន្ដជំរុញឲ្យមានថ្នាលបច្ចេកវិទ្យាចម្រុះបន្ថែមទៀត ដើម្បីគាំទ្រដល់ដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជនក្នុងការស្វែងរកទីផ្សារ និងចាប់យកខ្សែចង្វាក់ផ្គត់ផ្គង់ទាំងនៅក្នុងតំបន់ និងសកលលោក។ ថ្នាលបច្ចេកវិទ្យានេះត្រូវឈរលើយន្ដការកិច្ចការសហការរវាងវិស័យសាធារណៈ វិស័យអប់រំ និងវិស័យឯកជនដែលមានការចូលរួមយ៉ាងសកម្មជាមួយតួអង្គពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍ ដើម្បីអប់រំ​ បណ្ដុះបណ្ដាល ស្រាវជ្រាវអភិវឌ្ឍ ឆ្លើយតបទៅនឹងតម្រូវការសង្គម ក្នុងបដិការបដិវត្ដឧស្សាកម្មទី៤។

ទី៤ អនុវត្ដយន្ដការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឲ្យបានម៉ឺងម៉ាត់នូវការអនុវត្ដន៍របស់ក្រសួង ស្ថាប័នពាក់ព័ន្ធដូចទៅនឹងសូចនាករដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ឆ្នាំ២០៣០។ សូមឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការជាមួយគ្នាដោយស្មារតីទទួលខុសត្រូវ ក្នុងការសម្រេចបញ្ចូលរាល់ព័ត៌មាន សូចនាករដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវ ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព។

និងទី៥ សម្ដេចបានណែនាំឲ្យគ្រឹះស្ថានបណ្ដុះបណ្ដាល អប់រំ ស្រាវជ្រាវ និងវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមត្រូវសហការគ្នាជាមួយស្ថាប័ន ក្រសួង រាជរដ្ឋាភិបាល ដើម្បីបង្កើតនូវមូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍លើគ្រប់វិស័យ។ គោលដៅនេះអាចសម្រេចទៅបានអាស្រ័យលើការផ្លាស់ប្ដូរផ្នត់គំនិត របៀបរបបចាត់ចែង ការគ្រប់គ្រងការងារធុរកិច្ចជាមួយនឹងការវិនិយោគផ្នែកមូលធន និងការបណ្ដុះធនធានមនុស្ស។

ក្រោយពិធីប្រកាសបើកដោយសម្ដេចនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅព្រឹកនេះ ក៏មានការដាក់តាំងបង្ហាញថ្នាលបច្ចេកវិទ្យា ការស្រាវជ្រាវ និងនវានុវត្ដន៍លើចំណីអាហារជាចច្រើនស្ដង់។ ទន្ទឹមគ្នានេះក៏មានវេទិកាធំៗដូចជា៖ “បច្ចេកវិទ្យាចំណីអាហារ និងទឹកស្អាត” បច្ចេកវិទ្យាអប់រំ និងសុខភាព” បច្ចេកវិទ្យាថាមពលអគ្គិសនី អេឡិចត្រូនិក និងគ្រឿងបន្លាស់មេកានិក” បច្ចេកវិទ្យាបៃតង និងអព្យាក្រឹត្យភាពកាបូន” និងវេទិកាសេវាបច្ចេកវិទ្យាក្លោដ និងបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់