• 2024-04-16 05:46:35
  • ព័ត៌មាន

សិង្ហបុរី​នឹង​មាន​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ខែ​ក្រោយ

  • 2024-04-16 05:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបុរី បាន​ប្រកាស​ជា​សាធារណៈ​ថា​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ខែ​ក្រោយ។ ឧបនាយករដ្ឋមន្ត្រី Lawrence Wong នឹង​ឡើង​មក​កាន់​តំណែង​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ជំនួស​លោក Lee។

លោក Lee Hsien Loong

លោក Lee Hsien Loong បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ជា​ផ្លូវការ​​កាល​នៅ​ថ្ងៃ​ទី ១២ ​ខែ​សីហា ឆ្នាំ២០០៤។ គិត​មក​ទល់​ពេល​នេះ លោក​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​រយៈ​ពេល​ជិត ២០ ឆ្នាំ។

សរសេរ​លើ​គណនី​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​លោក​ផ្ទាល់ លោក Lee បាន​ប្រកាស​ថា​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ​២០២៤។ លោក​ក៏​បាន​អំពាវនាវ​ប្រជាជន​សិង្ហបុរី​ផ្ដល់​ការ​គាំទ្រ​ដល់​ឧបនាយករដ្ឋមន្ត្រី Lawrence Wong ដែល​នឹង​ឡើង​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​។

លោក Lawrence Wong

ក្រោយ​ការ​ប្រកាស​របស់​លោក Lee លោក Lawrence Wong ក៏​បាន​ចេញ​សារ​មួយ​ផង​ដែរ ថា​លោក​នឹង​ខិតខំ​ឲ្យ​អស់​សមត្ថភាព​ក្នុង​ការ​បម្រើ​ប្រទេស​ និង​ប្រជាជន​សិង្ហបុរី​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

បច្ចុប្បន្ន​លោក Lawrence Wong គឺ​ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សិង្ហបុរី​តាំង​ពី​ឆ្នាំ ២០២២ មក។ មុន​មក​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី លោក Wong ធ្លាប់​កាន់​តំណែង​ជា​ច្រើន​តាំង​ពី​ចូល​ប្រលូក​ឆាក​នយោបាយ​កាល​ពី​ឆ្នាំ ២០១១ មក ដូច​ជា​សមាជិក​សភា រដ្ឋមន្ត្រី​អប់រំ រដ្ឋមន្ត្រី​វប្បធម៌ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍ​ជាតិ​ជា​ដើម។ មុន​ចូល​នយោបាយ​ ពី​ឆ្នាំ ១៩៩៧ ដល់​ ២០១១ លោក​គឺ​ជា​មន្ត្រី​រាជការ​នៅ​ក្រសួង​​មួយ​ចំនួន​ដូច​ជា​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ ក្រសួង​សេដ្ឋកិច្ច ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​ទទួល​បន្ទុក​ទី​ផ្សារ​ថាមពល​សិង្ហបុរី។ ក្នុង​​ចន្លោះ​នោះ ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៨ លោក​ធ្លាប់​ជា​លេខា​ផ្ទាល់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន Lee Hsien Loong។

តាម​ពិត​ទៅ​ ការ​ប្រកាស​កំណត់​ថ្ងៃ​នៃ​ការ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​មិន​មាន​ភាព​ភ្ញាក់​ផ្អើល​ឡើយ​នៅ​សិង្ហបុរី។ នេះ​ក៏​ដោយ​សារ​តែ​ការ​រៀប​ចំ​ការផ្ទេរអំណាច​នេះ​បាន​កើត​ឡើង​ជាង ២ ឆ្នាំ​​ទៅ​ហើយ។ ក្នុង​កម្រិត​គណបក្ស​កាន់​អំណាច​សិង្ហបុរី លោក Lawrence Wong ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជំនួស​លោក Lee តាំង​ពី​ខែ​សីហា ឆ្នាំ​២០២២។ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក Lee បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​យ៉ាង​យូរ​បំផុត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ហើយ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​លោក Lawrence Wong។

សិង្ហបុរី​គឺ​ជា​ប្រទេស​ប្រកាន់​របប​សភា​និយម ហើយ​មាន​ការ​បោះ​ឆ្នោត​ជា​ទូ​ទៅ​រៀង​រាល់​ ៥ ឆ្នាំ​ម្តង។ ការ​រើស​នាយករដ្ឋមន្ត្រី​ គឺ​អាស្រ័យ​ដោយ​សំឡេង​គាំទ្រ​ភាគ​ច្រើន​របស់​សមាជិក​សភា​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​ប្រជាជន។ ដោយ​បក្ស​កាន់​អំណាច​របស់​សិង្ហបុរី​គ្រប់​គ្រង​សំឡេង​​ភាគ​ច្រើន​ក្នុង​សភា (៨៣ អាសនៈ នៃ ៩៣ អាសនៈ​សភា​សរុប) ដូច្នេះ​ការ​រើស​នាយករដ្ឋមន្ត្រី​ក្នុង​កម្រិត​ស្ថានភាព​​ជាក់​ស្តែង​ជា​សេចក្ដី​សម្រេច​របស់​បក្ស​កាន់​អំណាច៕

ប្រភព៖ CNA អត្ថបទ៖ សេរី មង្គល

មតិយោបល់