- 2024-05-21 11:22:40
- ព័ត៌មាន
បុគ្គលិកអាកាសចរណ៍សិង្ហបុរីទទួលបានប្រាក់រង្វាន់ ៨ខែក្នុងឆ្នាំ២០២៤
- 2024-05-21 11:22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកអាកាសចរណ៍សិង្ហបុរីទទួលបានប្រាក់រង្វាន់ ៨ខែក្នុងឆ្នាំ២០២៤
ចន្លោះមិនឃើញ
បុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិសិង្ហបុរី ឬ ភាគច្រើនស្គាល់ជាភាសាអង់គ្លេសថា Singapore International Airline (SIA) នឹងទទួលបានប្រាក់រង្វាន់ ឬ លុយ Bonus ចំនួន ៧,៩៤ខែ នៅក្នុងឆ្នាំ២០២៤ ដោយសារតែក្រុមហ៊ុនរកស៊ីចំណេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel News Asia។
នៅក្នុងឆ្នាំ២០២៤នេះ ខាងក្រុមហ៊ុនបានព្យាករណ៍ថាខ្លួនអាចនឹងចំណេញរហូតដល់ទៅក្បែរ ២ប៊ីលានដុល្លារអាមេរិក។ ផលចំណេញនេះនឹងបែងភាគលាភទៅឱ្យបុគ្គលិករបស់ខ្លួនដោយម្នាក់ទទួលបានជិត ៨ខែ ហើយបុគ្គលិកមួយចំនួន ដែលមានគ្រប់តម្រូវការរបស់ក្រុមហ៊ុននឹងទទួលបាន ១,៥ខែបន្ថែមទៀត។
ប្រាក់ភាគលាភ ៧,៩៤ខែនេះបំបែកកំណត់ត្រាចាស់ ដោយកាលពីឆ្នាំមុន ក្រុមហ៊ុនសាំងហ្គាពួរមួយនេះចែង Bonus ដល់បុគ្គលិករបស់ខ្លួនរហូតដល់ ៦ខែឯណោះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី ផលចំណេញលើសលុបនេះបានពីកំណើនតម្រូវការហោះហើរពីអ្នកស្រុកអាស៊ីខាងជើងរួមមាន អ្នកទៅមកស្រុកចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម។
បន្ថែមពីនេះទៅទៀតផលចំណេញនេះក៏បានពីកំណើននៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតំបន់មជ្ឈិមបូព៌ា ស្របពេលដែលនៅតំបន់នោះមានបញ្ហានយោបាយ និងជម្លោះផ្សេងៗជាពិសេសរារាំងមិនឱ្យនាវានានាចេញចូលច្រកសមុទ្រក្រហម ដែលជាច្រកតភ្ជាប់ពីមហាសមុទ្រឥណ្ឌា ទៅសមុទ្រមេឌីទែរ៉ាណេនៅអឺរ៉ុបបានយ៉ាងងាយស្រួល។
ក្រុមហ៊ុនអាកាសចរណ៍ SIA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧ តែរៀបចំជាកម្មសិទ្ធិរដ្ឋសិង្ហបុរីនៅឆ្នាំ១៩៧២។ ក្រុមហ៊ុននេះមានយន្តហោះ ២០០គ្រឿង ហើយគ្រោងបន្ថែមឡើងទៅ ២០៩គ្រឿងទៀតនៅឆ្នាំនេះ។ ក្រុមហ៊ុននេះក៏មានជើងហោះញឹកញាប់នៅស្រុកខ្មែរផងដែរ៕