• 2024-07-05 11:50:40
  • ព័ត៌មាន

ពូទីន គាំទ្រ​គំនិត​របស់​ដូណាល់ ត្រាំ ក្នុង​ការ​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន

  • 2024-07-05 11:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន គាំទ្រ​គំនិត​របស់​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ ទាក់ទិន​នឹងការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រ៉យទ័រ (Reuters)។

ថ្លែង​ពី​ប្រទេស​កាហ្សាក់ស្ថាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្រោយ​កិច្ចប្រជុំ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ (SCO) លោក​ពូទីន បាន​លើកឡើង​ថា៖ «ដោយ​សារ​តែ​លោកត្រាំ ជា​បេក្ខភាព​ប្រធានាធិបតី ប្រកាស​ថា ត្រៀម​ខ្លួន​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ប្រាកដ​ណាស់ យើង​ពិត​ជា​ស្ដាប់​លោក​យ៉ាង​យក​ចិត្តទុក​ដាក់»។

«ជា​ការពិត ខ្ញុំ​មិន​ច្បាស់​ថា តើ​លោក [ដូណាល់ ត្រាំ] នឹង​អនុវត្ត​ផែនការ​របស់​លោក​យ៉ាង​ណា​នោះ​ទេ។ នេះ​ជា​បញ្ហា​គន្លឹះ​មួយ»។ នេះ​ជា​ការ​បន្ថែម​របស់​លោក​ពូទីន។

លោក​បាន​បន្ត​ថា៖ «ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា លោក [ដូណាល់ ត្រាំ] ប្រាកដ​ជា​និយាយ​ចេញ​ពី​ចិត្ត​លើ​រឿង​នេះ [ផែនការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន] ដូច្នេះ​ហើយ យើង​គាំទ្រ​សំណើ​របស់​លោក»។

លោកត្រាំ និង​ពូទីន នា​ពេល​កន្លង​មក

កាសែត​អាមេរិក វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​មេសា​ថា លោក​ត្រាំ បាន​និយាយ​ជា​សម្ងាត់​ជាមួយ​លោក​ពូទីនថា លោក​ពូទីន​អាច​យក​ទឹកដី​​មួយ​ចំនួន ដែល​រុស្ស៊ី​ដណ្ដើម​បាន​រួម​មាន គ្រីមៀ និង​តំបន់​ដុនបាស ដើម្បី​បាន​សន្តិភាព​នៅ​អ៊ុយក្រែន។ ក្រុមការងារ​របស់​លោក​ត្រាំ នៅ​មិន​ទាន់​បញ្ជាក់​ពី​រឿង​នេះ​ទេ។

បន្ថែម​ពី​នេះ​ទៅ​ទៀត ក្រុម​ការងារ​របស់​លោក​ត្រាំ បាន​បង្ហាញ​ពី​ផែនការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​ប្រាប់​អ៊ុយក្រែន​ថា ប្រទេស​នេះ​នឹង​មិន​ទទួល​បាន​អាវុធ​ពី​អាមេរិក​ទៀត​ទេ បើ​មិន​ជជែក​ជាមួយ​រុស្ស៊ី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ។

អាមេរិក​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា ឆ្នាំ​នេះ ដោយ​មាន​បេក្ខភាព ២រូប​សំខាន់ៗ​រួម​មាន លោក​ប្រធានាធិបតី ចូ បៃដិន មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​​ប្រធានាធិបតី​ទី៤៥ ដូណាល់ ត្រាំ មក​ពី​គណបក្ស​សាធារណរដ្ឋ៕

ប្រភព៖ Reuters អត្ថបទ៖ សេរី មង្គល

មតិយោបល់