• 2024-07-24 12:38:17
  • ព័ត៌មាន

គ្រាន់​តែ​ផ្ដើម​ឃោសនាសោះ បេក្ខភាព​ប្រធានាធិបតី​ជំនួស​លោក​បៃដិន​រក​បាន ១០០លាន​ដុល្លារ

  • 2024-07-24 12:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ចាប់​ផ្ដើម​ឃោសនា​ការ​បោះឆ្នោត​ប្រធានាធិបតី​សោះ អ្នក​ស្រី កមាលា ហារីស ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គណបក្ស​ប្រជាធិបតេយ្យ រក​បាន​ច្រើន​ជាងជាង​ ១០០លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមការងារ​ឃោសនា​​របស់​អ្នកស្រី។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានប្រកាសកាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដាកន្លង​ទៅថា លោកនឹង​ឈប់​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ហើយ​ប្រកាស​គាំទ្រ​អ្នកស្រី ហារីស ជា​អ្នកឈរ​ឈ្មោះបន្ត។

យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​របស់​អ្នកស្រី​ហារីស បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ហើយគិត​ត្រឹម​ល្ងាច​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ យុទ្ធនាការ​របស់​អ្នកស្រី​រក​លុយ​បាន​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក។​

ក្រុមការងារ​របស់​អ្នកស្រី​បាន​បន្ថែម​ថា ទឹកប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​នេះ​បាន​មក​ពី​អ្នក​បរិច្ចាគសរុប ១,១លាន​នាក់។

ក្រៅ​ពី​រៃអង្កាស​ប្រាក់​បាន​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ យុទ្ធនាការ​របស់​អ្នកស្រី​ហារីស បាន​រើស​អ្នក​ស្ម័គ្រ​ចិត្ត​មូលដ្ឋាន​បាន​រហូត​ដល់​ទៅ ៨៨ម៉ឺន​នាក់​ឯណោះ។

សូមជម្រាប​ផង​ដែរ​ថា អ្នកស្រី​ហារីស ជា​អនុប្រធានាធិបតី​របស់​លោក​ចូ បៃដិន។ អ្នកស្រី​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​​ជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស ក្រោយ​ពេល​ដែល​លោក​បៃដិន ប្រកាស​ឈប់​ឈរ​ឈ្មោះ៕

ប្រភព៖ CBC News អត្ថបទ៖ សេរី មង្គល

មតិយោបល់