• 2024-07-29 11:38:00
  • ព័ត៌មាន

ហារីស​រក​បាន២០០លាន​ដុល្លារ ក្រោយ​ជាប់​ជា​បេក្ខភាព​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​បាន​មួយ​អាទិត្យ

  • 2024-07-29 11:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់​អ្នកស្រី កាម៉ាឡា ហារីស រក​លុយ​បាន ២០០លាន​ដុល្លារ បន្ទាប់​ពី​អ្នកស្រី​ជាប់​ជា​បេក្ខភាព​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ជំនួស លោក ចូ បៃដិន បាន​មួយ​សប្ដាហ៍​។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​ការងារ​របស់​អ្នកស្រី។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានប្រកាសកាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដាកន្លង​ទៅថា លោកនឹង​ឈប់​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ហើយ​ប្រកាស​គាំទ្រ​អ្នកស្រី ហារីស ជា​អ្នកឈរ​ឈ្មោះបន្ត។

យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​របស់​អ្នកស្រី​ហារីស បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យសប្ដាហ៍​មុន ហើយគិត​ត្រឹម​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ យុទ្ធនាការ​របស់​អ្នកស្រី​រក​លុយ​បាន​ប្រមាណ ២០០លាន​ដុល្លារ​អាមេរិក។​

ក្រុមការងារ​របស់​អ្នកស្រី​បាន​បន្ថែម​ថា ទឹកប្រាក់​ទាំង​រយ​លាន​ដុល្លារ​នេះ​បាន​មក​ពី​អ្នក​បរិច្ចាគរាប់លាន​នាក់ ដោយ​ក្នុង​នោះ​ ៦៤% ជា​អ្នក​បរិច្ចាគ​ថ្មីថ្មោង។

ក្រៅ​ពី​រៃអង្កាស​ប្រាក់​បាន​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ យុទ្ធនាការ​របស់​អ្នកស្រី​ហារីស បាន​រើស​អ្នក​ស្ម័គ្រ​ចិត្ត​មូលដ្ឋាន​បាន​រហូត​ដល់​ទៅ ១៧ម៉ឺន​នាក់​ឯណោះ។

សូមជម្រាប​ផង​ដែរ​ថា អ្នកស្រី​ហារីស ជា​អនុប្រធានាធិបតី​របស់​លោក​ចូ បៃដិន។ អ្នកស្រី​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​​ជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស ក្រោយ​ពេល​ដែល​លោក​បៃដិន ប្រកាស​ឈប់​ឈរ​ឈ្មោះ៕

ប្រភព៖ Reuters អត្ថបទ៖ សេរី មង្គល

មតិយោបល់