• 2024-09-04 11:07:29
  • ព័ត៌មាន

រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​លាលែង​ពី​តំណែង

  • 2024-09-04 11:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន​លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បានលាលែង​ចេញ​តំណែង​​នៅ​ក្នុង​ថ្ងៃ​ពុធ ស្រប​ពេល​ដែល​លោកប្រធានាធិបតី​វ្ល៉ាឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) រុះរើ​គណរដ្ឋមន្ត្រី​របស់​លោក​។

លោក ហ្សេលេនស្គី កន្លង​មក​បាន​និយាយ​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋាភិបាល​អ៊ុយក្រែន​មាន​ភាព​ចាំ​បាច់​ណាស់ ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​សង្គ្រាមប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក​រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ ជា​សមាជិករដ្ឋាភិបាល​មួយ​រូប​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ចំនួន ៥រូប ដែល​បាន​លាលែង​ចេញ​ពី​តំណែង។

លោក​នៅ​មិនទាន់​ចេញ​សេចក្ដីថ្លែងការណ៍​នយោបាយ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​លាលែង​ចេញ​ពី​តំណែង​របស់​លោក​នោះ​ទេ។

រដ្ឋមន្ត្រី​វ័យ ៤៣ឆ្នាំ​រូប​នេះ​ជា​អ្នកតំណាង​ដ៏​សំខាន់​មួយ​រូប​របស់​អ៊ុយក្រែន​​ ដោយ​លោក​ចេះ​និយាយ​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ ក្រោយ​ពេល​ដែល​មាន​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​អស់​រយៈពេល​​ប្រមាណ ៣០ខែមកនេះ។

លោក គូឡេបា ធ្លាប់អញ្ជើញ​មក​រាជធានី​ភ្នំពេញ​​បាន​ម្ដង​ដែរ​កាល​ពី​ឆ្នាំ២០២២ នៅ​ក្នុង​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន។ នៅ​ពេល​មក​ស្រុក​ខ្មែរ លោក​មក​ចូល​រួម​ប្រជុំអាស៊ាន និង​ចុះ​ហត្ថលេខា​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍ (TAC)៕

ប្រភព៖ Reuters អត្ថបទ៖ សេរី មង្គល

មតិយោបល់