• 2024-09-11 12:24:49
  • ព័ត៌មាន

Taylor Swift ប្រកាស​បោះឆ្នោត​ជូន​អ្នកស្រី​ហារីស

  • 2024-09-11 12:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក​អ្នកនាង Taylor Swift បាន​ប្រកាស​បោះឆ្នោត​ជូន​អ្នកស្រី​កមលា ហារីស (Kamala Harris) អនុប្រធានាធិបតី​ និង​បច្ចុប្បន្ន​ជា​បេក្ខជន​ប្រធានធិបតី​សហរដ្ឋអាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនស្តាក្រាម​កាល​ពី​ព្រឹក​មិញ​នេះ។

អ្នកចម្រៀង​រូប​នេះ​បាន​សរសេរ​ថា៖ «ខ្ញុំ​នឹង​បោះឆ្នោត​ជូន​អ្នកស្រី​កមាលា ហារីស និង​លោក ធីម វ៉ល្ហ្ស៍ (Tim Walz បេក្ខភាព​អនុប្រធានាធិបតី​របស់​អ្នកស្រីហារីស) សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ២០២៤»។

អ្នកនាង Swift បាន​សរសេរ​បន្ត​ថា អ្នកនាង​នឹង​បោះឆ្នោត​ជូន​អ្នកស្រី​ហារីស ដោយសារ​តែ​អ្នកស្រី​ជា​មេដឹកនាំ​ដ៏​ពូកែ​មួយ​រូប ដែល​មាន​ចរិតលក្ខណៈ​អត់ធ្មត់ ជាជាង​ការ​បង្ក​ចលាចល។

ជាមួយ​គ្នា​នេះ​ដែរ​ អ្នកនាង​ Swift បាន​ធ្វើ​ការ​ថ្កោល​ទោស​ទៅ​ក្រុម​យុទ្ធនាការ​ឃោសនាការ​បោះឆ្នោត​របស់​លោក ដូណាល់ ត្រាំ ដែល​យក​រូបអ្នកនាង​ទៅ​កាត់ត​ក្នុង​វីដេអូ​ បង្កើត​ដោយ​ប្រព័ន្ធ​បញ្ញាសប្បនិមិត្ត​ AI។ ក្នុងវីដេអូ AI នោះ​ អ្នកនាង​ Swift បាន​ប្រកាស​គាំទ្រ​លោក ត្រាំ។

សូមជម្រាបផងដែរថា លោក ត្រាំ ហាក់ដូចជាមិនសូវទទួល​បានការគាំទ្រ​ពីសំណាក់តារា​ហូលីវូដប៉ុន្មាន​នោះ​ទេ។ មួយផ្នែកនៃ​មូលហេតុ​នេះ​គឺ ដោយសារ​តែ​ហូលីវូដមាន​ទីតាំង​នៅ​រដ្ឋកាលីហ្វរញ៉ា ហើយ​រដ្ឋ​នេះ​ឯង​ជា​មូលដ្ឋាន​នៃ​ការ​គាំទ្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​និន្នាការ​បែប​សេរីនិយម ស្រប​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​បក្ស​របស់​លោកត្រាំ មាននិន្នាការ​បែប​អភិរក្ស៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់