• 2024-09-24 13:17:38
  • ព័ត៌មាន

បដិវត្តន៍​ឧស្សាហកម្ម​ទាំង​ ៤​ជំនាន់​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ

  • 2024-09-24 13:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​កកើត​នៃ​មនុស្ស​ជាតិ​មក មនុស្ស​តែង​តែ​ស្វែងរក​អ្វី​ៗ​ដែល​ថ្មី​ជានិច្ច​ក្នុង​ការ​អភិវឌ្ឍ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ ក្នុង​កំឡុង​ពេល​នោះ មនុស្ស​ត្រាច់ចរ​ចេញ​ពី​ព្រៃភ្នំ ហើយ​ធ្វើ​កសិកម្ម​បង្កើត​ជា​ភូមិឋាន​ ក្រោយមក​រីក​ធំធាត់​ក្លាយ​ជា​ទីក្រុង​ ដែល​នាំ​ឲ្យ​គំនិត​រីក​ចម្រើន​ជា​លំដាប់។

អស់​រយៈកាល​ជា​ច្រើន​ពាន់​ឆ្នាំ​មក មនុស្ស​ចាប់​ផ្ដើម​ចេះ​ប្រើ​ប្រាស់​សម្ភារៈ​ដែល​វិវត្តន៍​ពី​ថ្ម រហូត​ដល់​លោហៈ បន្ទាប់​មក​ក៏​រក​ឃើញ​ម៉ាស៊ីន។ គំនិត​វិទ្យាសាស្ត្រ​ទាំង​នោះ​ បាន​ញ៉ាំង​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ដ៏​ធំ​ក្នុង​ជីវិត​ដែល​គេ​ឲ្យ​ឈ្មោះ បដិវត្តន៍​ឧស្សាហកម្ម។

មក​ទល់​សព្វ​ថ្ងៃ​នេះ បដិវត្តន៍​ឧស្សាហកម្ម​មាន​ ៤​ជំនាន់ ដែល​រីក​ចម្រើន​ចាប់​តាំង​ពី​សតវត្ស​ទី ១៨ មក។ បដិវត្តន៍​ឧស្សាហកម្ម​ទាំង​ ៤​នោះ​មាន​ដូច​ជា៖

បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ១៖ កើត​ឡើង​ដំបូង​នៅ​ប្រទេស​អង់គ្លេស​ កំឡុង​ពាក់​កណ្ដាល​សតវត្ស​ទី ១៨។ បដិវត្តន៍​ឧស្សាហកម្ម​នេះ ធ្វើ​ឲ្យ​មនុស្ស​បង្កើន​ផលិតកម្ម​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក។

បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ២៖ កើត​ឡើង​នៅ​ប្រទេស​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​ជប៉ុន​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី ១៩។ ក្នុង​ជំនាន់​នោះ​ មនុស្ស​ចេះ​ប្រើប្រាស់​ថាមពល​អគ្គិសនី និង​បង្កើន​ផលិតកម្ម​ខ្លាំង​ជាង​មុន។

បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៣៖ កើត​ឡើង​នៅ​ពាក់​កណ្ដាល​ និង​ចុង​សតវត្ស​ទី ២០ ដែល​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ជា​បដិវត្តន៍​ឌីជីថល ដែល​មនុស្ស​ប្រើប្រាស់​អេឡិចត្រូនិក​ និង​ព័ត៌មាន​វិទ្យា​ ដើម្បី​បង្កើន​ផលិតកម្ម​ដោយ​ស្វ័យប្រវត្តិ។

បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤៖ កើត​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ឯង​ ដោយ​អភិវឌ្ឍ​បន្ថែម​លើ​បដិវត្តន៍​ជំនាន់​ទី ៣ ដែល​បន្ថែម​លើ​ការ​ប្រើប្រាស់​មនុស្សយន្ត​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស៕

ប្រភព៖ worldeconomicforum អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី