• 2024-11-19 04:08:54
  • ព័ត៌មាន

មកដឹងពីជំនឿ មូលហេតុចាស់ពីដើមតាំងទីងមោង នៅតាមផ្ទះ ឬវាលស្រែ

  • 2024-11-19 04:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទំនៀមទូទៅនៅតាមស្រែពេលដែលស្រូវជិតទុំនិងស្រូវទុំ គេតែងដោតទីងមោងនៅកណ្តាលស្រែនោះ។ គេយកក្រណាត់សំពត់ឬខោអាវចាស់ៗដែលលែងប្រើកើតទៅហើយ មកត្រដាងលើឈើខ្វែងមួយ ជួនកាលមានទាំង ពាក់មួកឱ្យផង ដើម្បីឱ្យមានរាងហាក់ដូចជាមនុស្ស។ ពេលស្រូវទុំជាពេលដែលមានធ្លាក់ខ្យល់ ព្រោះជារដូវរំហើយ ដូច្នេះកំណាត់សំពត់ ឬខោអាវនោះតែងបក់រវិច ឬក៏មានចលនាបន្តិចបន្តួច។ សត្វស្លាបមានសត្វចាបជាដើមដែលចុះមក ស៊ីស្រូវ ឃើញហើយយល់ថាជាមនុស្ស ក៏មិនហ៊ានចុះមកក្នុងស្រែទេ។ ដូច្នេះទីងមោងនៅក្នុងស្រែមានន័យថាមនុស្ស ក្លែងក្លាយដែលបន្លាច ចាប។

មានទំនៀមមួយទៀតឥតទាក់ទងអ្វីនឹងចាប ព្រមទាំងស្រូវទុំឡើយ។ ប៉ុន្តែទាក់ទងទៅនឹងខ្មោច ព្រាយរំបល់ដែល បង្កើតជម្ងឺឆ្លងរាតត្បាត មានអាសន្នរោគ ឬអុតធំជាដើម។ នៅតំបន់ដែលក្រទឹក ហើយមានអនាម័យពុំបានដិតដល់ នារដូវប្រាំងក្តៅពេញបន្ទុក ឆ្នាំខ្លះជម្ងឺប្រភេទនេះមករាតត្បាតនៅ ភូមិ។ កាលណាមាននរណាម្នាក់រងគ្រោះហើយ ឬម៉្យាងទៀតពុំ ទាន់មានកើតហេតុទេ តែបង្ការការក្រ គេតែងរកវិធីបញ្ចៀសខ្មោចចង្រៃនោះឱ្យចេញពីភូមិកររបស់គេរៀងៗខ្លួន។ វិធីនោះគឺគេយកឆ្នាំងដីចាស់ដែលខូចខាតអស់ទៅហើយមកគូរដោយធ្យូងឱ្យមានមុខមាត់គួរឱ្យខ្លាចនៅលើគូថរបស់វា។ ជួន កាល គ្រាន់តែគូរមុខអាក្រក់នោះនៅលើបន្ទះក្តារអ្វីមួយក៏បាន។ គេយកឆ្នាំងឬបន្ទះក្តារនោះទៅពាក់លើរបង ផ្ទះរបស់គេ ជាពិសេសនៅជិតមាត់ទ្វារចូលផ្ទះ។ នេះមានន័យថារូបដែលមានតែមុខនោះពុំមែនសំដៅថាជាមនុស្ស ដូចទីងមោងដែល ពោលខាងលើទេ គឺសំដៅថាជាយក្ស ឬជាពួកអាសោរអ្វីមួយមានរាហូជាដើម (ព្រោះមានតែក្បាល ហើយមុខគួរ ឱ្យស្បើម) ដែលនៅមាត់ទ្វាររបងរារាំងខ្មោចឧបទ្រព មិនឱ្យចូលភូមិ ហាក់ដូចជាទ្វារបាលដូច្នោះដែរ។

នេះជាទំនៀមពីរដែលគ្មានការទាក់ទងនឹងគ្នាអ្វីទាំងអស់។ រដូវធ្វើខុសគ្នា។ មួយជារដូវរំហើយមួយជា រដូវក្តៅខ្លាំងបែកក្រហែង។ មួយបន្លាចចាប មួយទៀតបន្លាចខ្មោច។ ចំណុចតែមួយដែលដូចគ្នា គឺនៅត្រង់”បន្លាច”។

ចាប់ពីប្រមាណមួយទសវត្សមកនេះ មានកើតទំនៀមមួយទៀតដែលមើលទៅឃើញថាថ្មី ប៉ុន្តែដែលថ្មីតែសំបកក្រៅ។ ទំនៀមនោះគឺនៅខែក្តៅ ទោះជាមានហេតុផលថាអាចមានជម្ងឺរាតត្បាត ឬក៏គ្មាន ក៏នៅភូមិខ្លះអ្នកស្រុកដាក់រូប បន្លាចព្រាយរំបល់នោះនៅតាមទ្វារច្រកចូលផ្ទះ ឬដីភូមិករផ្សេងៗ។ វត្ថុបន្លាចព្រាយនោះ បើគិតជារូបរាងគឺជាទីងមោង បន្លាចចាបនៅតាមស្រែ ប៉ុន្តែការធ្វើមានការផ្ចិតផ្ចង់ជាងទីងមោងស្រែឆ្ងាយណាស់។ ដោយសារសព្វថ្ងៃនេះសម្លៀកបំពាក់ហៅថា “ខោអាវជជុះ” មានតម្លៃថោកគួរសមអាចទិញបានច្រើនបន្លាស់ ហើយមនុស្សតែងបោះបង់ខោអាវ ចាស់ញឹកញាប់ ពុំមានជាការលំបាកអ្វីទេក្នុងការសម្អិតសម្អាងទីមោងឱ្យកាន់តែដូចមនុស្សជាងមុន។ គំនិតដើមគឺធ្វើយ៉ាង ណាឱ្យខ្មោចខ្លាច តែទន្ទឹមនឹងនោះ សព្វថ្ងៃនេះយើងសង្កេតឃើញថាអ្នកបន្លាចខ្មោចមានរូបរាងជាមនុស្ស ដែលបញ្ចោញ ភាពកំប្លុកកំប្លែងស្ទើរតែភ្លេចតួនាទីដើម ដូចមានសម្រង់រូបខ្លះនៅខាងក្រោមនេះ ដែលឃើញនៅតំបន់រលួស ខេត្តសៀមរាបនៅឆ្នាំ២០០៣ ៕

ប្រភពដកស្រង់ចេញពីសៀវភៅ យសោធរ រៀបរៀងដោយ នរវិទូ អាំង ជូលាន

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់