• 2024-12-11 06:49:12
  • ព័ត៌មាន

មូលហេតុធំៗ ៤ ធ្វើឱ្យ ទុរេន ត្រូវបានគេប្រសិទ្ធនាមជា ស្តេចនៃផ្លែឈើ ក្នុងតំបន់អាស៊ីអាគ្នេយ៍

  • 2024-12-11 06:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទុរេន ត្រូវបានគេប្រសិទ្ធនាមឱ្យថា ជាស្តេចផ្លែឈើ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើទោះបីជាក្លិនរបស់វា មិនសូវជាល្អសម្រាប់មនុស្សមួយចំនួន ប៉ុន្តែក៏គេនៅតែចាត់ទុកថា ជាផ្លែឈើពិសេសជាងគេ។ ក្នុងនោះមានហេតុផលមួយចំនួន ដូចជារសជាតិ និង អាហារូបត្ថម្ភដែលមាននៅក្នុងផ្លែទុរេន ទើបវាជាប់ឈ្មោះជាផ្លែឈើ ដែលពេញនិយមនៅក្នុងវប្បធម៌នៃប្រជាជាតិអាស៊ីអាគ្នេយ៍។

១. ក្លិន

ទុរេន ជាផ្លែឈើដែលមានក្លិនខ្លាំង ហើយសម្រាប់មនុស្សមួយចំនួនវិញ គឺគ្រាន់តែធុំក្លិនគឺចាញ់តែម្តង មិនចាំបាច់ដល់តែបរិភោគទេ។ ផ្ទុយមកវិញ ចំនួនអ្នកចូលចិត្តទុរេន ក្លិនរបស់វាគឺជាវត្ថុពិសេសទាក់ទាញចិត្តរបស់ពួកគេ ឱ្យជាប់ចិត្ត បរិភោគមិនចេះជិនណាយ។

២. រសជាតិ

ក្រៅពីមានក្លិនខ្លាំងហើយ ទុរេន មានរសជាតិផ្អែមឆ្ងាញ់ សាច់របស់វាទន់ល្មើយ។ មានពូជទុរេនខ្លះ ផ្អែមខ្លាំង និង ខ្លះវិញមានរសជាតិចត់ផងដែរ អាស្រ័យទៅតាមពូជ។ ស្តេចនៃផ្លែឈើនេះ គេច្រើនយកទៅធ្វើជានំខេក ក៏ដូចជាប្រើសម្រាប់ច្នៃជាមួយអាហារផ្សេងៗផងដែរ។

៣. ផ្តល់អាហារូបត្ថម្ភខ្ពស់

ទុរេន មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ ប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើមួយនេះ មានផ្ទុកនូវអាហារូបត្ថម្ភខ្ពស់ថែមទៀតផង ដែលមានវីតាមីន និង ជាតិរ៉ែខ្ពស់ ដូចជា វីតាមីនសេ, B6, ប៉ូតាស្យូម និង ហ្វៃប័រ។

ការបរិភោគទុរេន នៅក្នុងបរិមាណមួយសមស្រប អាចជួយដល់សុខភាពបេះដូង ឱ្យដំណើរការបានល្អ។

៤. រូបរាង

ទុរេន មានរូបរាងខុសប្លែកពីផ្លែឈើដទៃទៀត ដែលជាចំណុចមួយធ្វើឱ្យគេងាយចំណាំ។ វាមានបន្លា ដែលប្រៀបដូចជាស្រទាប់ការពារអញ្ចឹងដែរ ហើយជាផ្នែមមួយធ្វើឱ្យ ទុរេន ទទួលបាននាមហៅក្រៅថាជា ស្តេចនៃផ្លែឈើ។

សរុបមក ទុរេន មិនត្រឹមតែជាផ្លែឈើល្បីល្បាញ នៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែបានបង្កប់នូវវប្បធម៌ជ្រាលជ្រៅនៅក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាន។ នៅ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ថៃ ទុរេន តែងជាប់ទាក់ទងជាមួយការប្រារព្ធនូវពិធីបុណ្យ និង ប្រពៃណីផ្សេងៗ។

ស្តេចនៃផ្លែឈើមួយនេះ តែងលេចវត្តមាននៅក្នុងពិធីធំៗ ដែលតំណាងឱ្យភាពមានបាន សុខដុមរមនា។ នៅប្រទេសខ្លះ ទុរេន ត្រូវបានចាត់ទុកថាជាផ្លែឈើ ដែលនាំលាប នាំសំណាង៕

ប្រភព៖ Seasia ប្រែសម្រួល ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទថ្មី