• 2025-02-05 03:06:34
  • ព័ត៌មាន

វិធានការ ទាំង ៥ ដើម្បីប្រុងប្រយ័ត្ន បង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ ២០២៥

  • 2025-02-05 03:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាព ក្នុងការបង្កាត់ពូជ ការកកើតមូស និងបំលាស់ទីនៃមូស រួមជាមួយនិងនិន្នាការនៃកើនឡើងចំនួនមូសដែលភាគច្រើន បំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា។ ជាបន្ថែមក្នុងរដូវប្រាំង រំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ ឬស្ទះដក់ទឹកក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយដែល ក្លាយជាជម្រកសម្រាប់មូសអង្កាមរស់នៅ និងបង្កបង្កើតកូនចៅនៅកន្លែងដែលមានទឹកដក់ក្លិនស្អុយ។ ទោះជា យ៉ាងណាក៏ដោយ ក្នុងរដូវប្រាំងនេះ ក៏មានវត្តមានមូសខ្លាខ្លះៗ នៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

ក្រុមការងារឆ្លើយតបរបស់ក្រសួងសុខាភិបាល បាននិងកំពុងផ្តល់អន្តរាគមន៍ឆ្លើយតបដោយសហការ ជាមួយក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តាមដាន ស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស ធ្វើការបាញ់ថ្នាំសំលាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និង ចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកកើតមូសនារដូវក្ដៅនេះ ដែលដើរតួជាមូសអង្កាម ដែលចូលចិត្ត រស់នៅតាមទឹកស្អុយ ពិសេសទឹកលូស្អុយ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុង ប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺ គ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ប្រកបដោយ ប្រសិទ្ធភាព ដោយចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំគ្មានដង្កូវទឹក» ដោយអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖

វិធានការទី១ ៖ ម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្មនានាត្រូវធានាឱ្យបានថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាចបង្កឱ្យមានទឹកដក់ ដែលអំណោយផលក្នុងការកកើតមូស។ ប្រសិនបើប្រព័ន្ធលូសាធារណៈ មានការកក ស្ទះ ត្រូវមានវិធានការជាបន្ទាន់ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។ វិធានការទី២ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។

វិធានការទី៣ ៖ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការនីទាំងអស់ ដែលកំពុងបំពេញ ការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់ របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹក នៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យដក់ទឹក។

វិធានការទី៤ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនយើង ដែលអាច ងាយនឹងខាំយើង។

វិធានការទី៥ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និង ព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យ យឺតជាង៤៨ម៉ោង បន្ទាប់ពីក្តៅខ្លួន) ។ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅភ្លាមៗនេះដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាព ពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិនិងអន្តរជាតិទាំងអស់ បន្តចូលរួមជួយអន្តរាគមន៍ និង សហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក៏ដូចជាជួយដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមនៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ ដើម្បីចៀសផុតពីជំងឺគ្រុនឈាមដែលអាចនឹងផ្ទុះឡើងបានគ្រប់ពេលនេះផងដែរ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់