• 2025-02-20 02:38:38
  • ព័ត៌មាន

បងធំ ២ ជួបគ្នា! ទីបំផុត សហរដ្ឋអាមេរិក និង រុស្សី សម្រេចឡើងតុ ដើម្បីដោះស្រាយរឿងរ៉ាវ ពិភពលោក

  • 2025-02-20 02:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបពិភាក្សាគ្នា នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះគឺជាការជួបគ្នាលើកដំបូងហើយ ចាប់តាំងពីមានវិបត្តិសង្គ្រាម នៅអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២។ អ្នកដែលដឹកនាំការពិភាក្សានេះគឺ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។

ការពិភាក្សានេះមានរយៈពេលប្រហែល ៤ម៉ោងកន្លះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមការងារជាន់ខ្ពស់ ដើម្បីពិភាក្សាពីការបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន។ គោលបំណងសំខាន់ គឺដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងដែលមិនល្អ ចាប់តាំងពី រុស្ស៊ីបានចាប់ផ្តើមធ្វើសង្គ្រាម។

ក្រោយការពិភាក្សា លោក Marco Rubio បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងរុស្ស៊ី អាចធ្វើការជាមួយគ្នា ដើម្បីរកវិធីដោះស្រាយលើបញ្ហាធំៗ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកមិនពេញចិត្តទេ ដោយសារមិនបានចូលរួមក្នុងការពិភាក្សានេះ។ លោកបានបញ្ជាក់ថា អ៊ុយក្រែន ត្រូវតែមានកន្លែងនៅក្នុងការពិភាក្សាអំពីសន្តិភាព។ ការពិភាក្សានេះ ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ទូទាំងពិភពលោក ព្រោះវាអាចមានឥទ្ធិពលលើទំនាក់ទំនងអន្តរជាតិ និងសន្តិសុខពិភពលោក។

សរុបមក ការជួបគ្នានេះ គឺជាចំណុចសំខាន់មួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយប្រទេសទាំងពីរកំពុងព្យាយាមរកផ្លូវដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងដោះស្រាយបញ្ហាផ្សេងៗ៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទថ្មី