
- 2025-02-21 04:12:35
- ព័ត៌មាន
អាមេរិក បន្តជំនួយ ដល់ អង្គការស៊ីម៉ាក់ សម្រាប់ បោសសម្អាតគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាម
- 2025-02-21 04:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក បន្តជំនួយ ដល់ អង្គការស៊ីម៉ាក់ សម្រាប់ បោសសម្អាតគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាម
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ជំនួយរបស់ USAID និង ជំនួយផ្សេងៗទៀត របស់អាមេរិក ត្រូវបានផ្អាកនៅទូទាំងពិភពលោក បន្ទាប់ពីមានការប្រែប្រួលស្ថានភាពនយោបាយនៅសហរដ្ឋអាមេរិក ក្រោយពីលោក Donald Trump បានជាប់ឆ្នោតក្លាយជាប្រធានាធិបតី។ ការផ្អាកជំនួយរបស់ អាមេរិក នៅទូទាំងពិភពលោកនេះ ក៏មានផលប៉ះពាល់ដល់អង្គការ CMAC នៅក្នុងប្រទេសកម្ពុជា ផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ អង្គភាពសុីម៉ាក់បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពសុីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលេីកលែង (waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបេីកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡេីងវិញតាមកិច្ចសន្យាដែលមានស្រាប់។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា “ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រោមជ្រែងស្នេីសុំទៅរដ្ឋាភិបាលឱ្យលេីកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡេីងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ”។
សហរដ្ឋអាមេរិកផ្តល់ជំនួយប្រហែលជាង ៦ លានដុល្លារ ចាប់ពីឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៥ ដើម្បីគាំទ្រសកម្មភាពដោះមីន របស់អង្គការ CMAC នៅកម្ពុជា។ ជំនួយនេះមានគោលបំណងសំខាន់ក្នុងការសម្អាតដីដែលមានមីន ដើម្បីធានាថាសហគមន៍អាចរស់នៅបានដោយសុវត្ថិភាព៕