
- 2025-04-08 04:58:58
- ព័ត៌មាន
កណ្តាប់ដៃដែក ប៉ូលិសជប៉ុន បំបែក ចំនួនសមាជិក អង្គការឧក្រិដ្ឋកម្ម យ៉ាគូហ្សា ធ្លាក់ដល់កម្រិតទាបបំផុត
- 2025-04-08 04:58:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កណ្តាប់ដៃដែក ប៉ូលិសជប៉ុន បំបែក ចំនួនសមាជិក អង្គការឧក្រិដ្ឋកម្ម យ៉ាគូហ្សា ធ្លាក់ដល់កម្រិតទាបបំផុត
ចន្លោះមិនឃើញ
ចំនួនសមាជិកនៃអង្គការឧក្រិដ្ឋជនប្រចាំប្រទេសជប៉ុន ដែលគេស្គាល់ថាជា «យ៉ាគូហ្សា» បានធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីមួយ ពោលគឺមានត្រឹមតែ ១៨,៨០០ នាក់នៅឆ្នាំ២០២៤។ នេះ បើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារប៉ូលិសជាតិជប៉ុន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា។ នេះជាលើកដំបូងដែលចំនួនសមាជិកយ៉ាគូហ្សាបានធ្លាក់ចុះក្រោម ២០,០០០ នាក់ ចាប់តាំងពីការចាប់ផ្តើមកត់ត្រាទុកក្នុងឆ្នាំ១៩៥៨។
កម្លាំងយ៉ាគូហ្សា បានចាប់ផ្តើមថមថយតាំងពីឆ្នាំ២០០៥ ដោយសារការបង្ក្រាបយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរ។ ទោះបីជាចំនួនសមាជិកថយចុះក៏ដោយ ទីភ្នាក់ងារប៉ូលិសជាតិបានព្រមាននៅក្នុងរបាយការណ៍របស់ខ្លួនថា «សកម្មភាពមួយចំនួនរបស់ពួកគេកាន់តែមានភាពស្រពេចស្រពិល ជាមួយនឹងប្រភពថវិការបស់ពួកគេកាន់តែមានភាពចម្រុះ»។ របាយការណ៍នេះបានបន្ថែមថា «ការពិតដែលថា យ៉ាគូហ្សានៅតែជាការគំរាមកំហែងដល់សង្គមរបស់យើងនៅតែមិនផ្លាស់ប្តូរ»។
ទិន្នន័យបានបង្ហាញថា ការធ្លាក់ចុះនេះគឺជាផ្នែកមួយនៃនិន្នាការដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយចំនួនសមាជិកនិងសហការីនៃអង្គការឧក្រិដ្ឋកម្មទាំងនេះបានថយចុះជាបន្តបន្ទាប់។ នៅឆ្នាំ២០២៣ ចំនួនសមាជិកសរុបមានប្រមាណ ២២,៤០០ នាក់ ដែលបានថយចុះ ១,៧០០ នាក់បើធៀបនឹងឆ្នាំមុន ហើយនៅឆ្នាំ២០២៤ វាបានធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម ១៨,៨០០ នាក់។ ការធ្លាក់ចុះនេះត្រូវបានគេសន្មតថាមកពីច្បាប់ប្រឆាំងឧក្រិដ្ឋកម្មដែលតឹងរ៉ឹង ដែលរារាំងសមាជិកក្រុមទាំងនេះមិនឱ្យបើកគណនីធនាគារ ជួលអាផាតមិន ឬទិញទូរស័ព្ទដៃ។
ទោះជាយ៉ាងណា ភាពស្រពេចស្រពិលនៃសកម្មភាពរបស់យ៉ាគូហ្សាក៏ត្រូវបានភ្ជាប់ទៅនឹងការកើនឡើងនៃក្រុមឧក្រិដ្ឋកម្មអនាមិក ដែលគេហៅថា «តូគូរ្យូ» (tokuryu)។ ក្រុមទាំងនេះប្រើប្រាស់បណ្តាញសង្គមដើម្បីជ្រើសរើសយុវជនដែលចង់រកលុយរហ័ស ដើម្បីប្រព្រឹត្តបទល្មើសដូចជា ការឆបោកតាមអនឡាញ និងការក្លែងបន្លំការវិនិយោគ។ នៅឆ្នាំ២០២៤ ប៉ូលិសបានស៊ើបអង្កេតលើសមាជិក «តូគូរ្យូ» ចំនួន ១០,១០៥ នាក់ ពាក់ព័ន្ធនឹងបទល្មើសរកប្រាក់ចំណេញ ដែលបង្ហាញពីបញ្ហាថ្មីមួយសម្រាប់អាជ្ញាធរ។
អ្នកជំនាញបាននិយាយថា ទោះបីជាយ៉ាគូហ្សាបាត់បង់ឥទ្ធិពលខ្លាំងក៏ដោយ ក៏ពួកគេនៅតែរកផលចំណេញពីសកម្មភាពរបស់ក្រុម «តូគូរ្យូ» ដោយនាំយកក្រុមទាំងនេះមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ ករណីខ្លះបានបង្ហាញថា អតីតសមាជិកយ៉ាគូហ្សា ឬសមាជិកបច្ចុប្បន្ន បានចូលរួមជាមេក្លោង ឬអ្នកចូលរួមក្នុងបទល្មើសទាំងនេះ។
អង្គការយ៉ាគូហ្សាធំៗ ដូចជា យ៉ាម៉ាហ្គូជី-ហ្គូមី (Yamaguchi-gumi) នៅតែជាក្រុមដែលមានសមាជិកច្រើនជាងគេ ដោយមានប្រមាណ ៨,១០០ នាក់នៅឆ្នាំ២០២២ ប៉ុន្តែចំនួននេះបានថយចុះជាលំដាប់។ អ្នកវិភាគជឿថា ការបន្តធ្លាក់ចុះនេះអាចនឹងធ្វើឱ្យយ៉ាគូហ្សាបាត់បង់អំណាចបន្ថែមទៀតនៅក្នុងសង្គមជប៉ុន ប៉ុន្តែការកើនឡើងនៃក្រុមឧក្រិដ្ឋកម្មថ្មីៗនឹងនៅតែជាបញ្ហាប្រឈមសម្រាប់ប៉ូលិស។