• 2025-04-21 03:53:46
  • ព័ត៌មាន

កាន់តែជ្រៅហើយ!​ ចិន ព្រមានសងសឹក ប្រទេសណា ដែលចូលដៃចូលជើងជាមួយអាមេរិក លើសង្គ្រាមពន្ធគយ

  • 2025-04-21 03:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន បានព្រមានថានឹងចាត់វិធានការសងសឹកប្រឆាំងនឹងបណ្តាប្រទេសដែលសហការជាមួយសហរដ្ឋអាមេរិកក្នុងការប៉ុនប៉ង ដាក់ឱ្យប្រទេសចិនឯកោ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។ ការព្រមាននេះកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងប្រើការចរចាពន្ធគយដើម្បី ដាក់សម្ពាធលើដៃគូរបស់ខ្លួន ពាក់ព័ន្ធជាមួយទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា៖ «ប្រទេសចិនជំទាស់យ៉ាងដាច់អហង្ការចំពោះភាគីណាមួយដែលឈានដល់កិច្ចព្រមព្រៀងដោយធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ចិន។ ប្រសិនបើរឿងនេះកើតឡើង ចិននឹងមិនទទួលយកទេ ហើយនឹងចាត់វិធានការតបតវិញដោយសមភាព»។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពន្ធគយ ១៤៥% លើទំនិញនាំចូលពីចិន ដែលជាការឆ្លើយតបទៅនឹងពន្ធគយ ១២៥% របស់ចិនលើទំនិញអាមេរិក។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ទៅកាន់វៀតណាម ម៉ាឡេស៊ី និងកម្ពុជាកាលពីសប្តាហ៍មុន លោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រឆាំងនឹងពន្ធគយ និង «ការបៀតបៀនឯកតោភាគី»។ ចាប់តាំងពីលោក ត្រាំ បានដាក់ពន្ធគយលើចិន ក្នុងអំឡុងអាណត្តិទីមួយរបស់លោក ប្រទេសចិនបានបង្កើនពាណិជ្ជកម្មជាមួយអាស៊ីអាគ្នេយ៍ ដែលឥឡូវនេះជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនតាមតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តគំរាមកំហែងដាក់ពន្ធគយ ចិននឹងចាត់វិធានការចាំបាច់»។ អ្នកវិភាគជឿជាក់ថា ចិនអាចនឹងឆ្លើយតបជាមួយនឹងពន្ធគយបន្ថែមលើការនាំចេញរបស់អាមេរិកដែលងាយរងផលប៉ះពាល់ផ្នែកនយោបាយ ដូចជាផលិតផលកសិកម្ម ព្រមទាំងពង្រីកការត្រួតពិនិត្យនាំចេញលើវត្ថុធាតុដើមសំខាន់ៗ។

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមបណ្តាប្រទេសដទៃទៀត ដោយសារតែផលប៉ះពាល់សកលនៃការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់។ ប្រទេសមួយចំនួន ដូចជា វៀតណាម បានបញ្ជូនគណៈប្រតិភូទៅសហរដ្ឋអាមេរិកដើម្បីចរចា ខណៈអ្នកខ្លះទៀត ដូចជាសហភាពអឺរ៉ុប កំពុងពិចារណាវិធានការសងសឹកផ្ទាល់ខ្លួន៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់