• 2025-04-28 03:02:19
  • ព័ត៌មាន

ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានសមត្ថភាព ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១១,០០០ ហិកតា

  • 2025-04-28 03:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន ដែលស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង បានក្លាយជាសមិទ្ធផលដ៏អស្ចារ្យ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់កសិករ សហគមន៍ និងវិស័យទេសចរណ៍។ ជាមួយបច្ចេកវិទ្យាទំនើប និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ទំនប់នេះត្រូវបានគេចាត់ទុកជា “អច្ឆរិយៈថ្មី” ដែលផ្លាស់ប្តូរមុខមាត់កសិកម្ម និងជីវភាពប្រជាជននៅខេត្តបាត់ដំបង។

ទំនប់សាលាតាអន ជាប្រព័ន្ធធារាសាស្ត្រ នៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ដោយគ្រប់គ្រងការបើក-បិទទ្វារទឹកតាមរយៈប្រព័ន្ធកុំព្យូទ័រ។ សំណង់ស្ទាក់ទឹកមេ ដែលកាត់ស្ទឹងសង្កែ មានប្រវែង ៧៥ ម៉ែត្រ ដើរតួជាទំនប់ស្ទាក់ទឹកទី៣ នៅលើដងស្ទឹងសង្កែ បន្ទាប់ពីអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត។ ទឹកដែលរក្សាទុកនឹងហូរចូលទៅបឹងទន្លេសាប ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល។

ប្រព័ន្ធនេះរួមមានហេដ្ឋារចនាសម្ព័ន្ធដ៏ទូលំទូលាយ ដូចជា ប្រឡាយមេបេតុង ៤ ខ្សែ ប្រវែងសរុប ១៧,៥០ គីឡូម៉ែត្រ និងសំណង់សិល្បការចំនួន ៦២ កន្លែង។ ក្នុងនោះ មានសំណង់ក្បាលហុងយកទឹក ៤ កន្លែង សំណង់ស្ទាក់ទឹក ១២ កន្លែង សំណង់ចែកទឹក ២៥ កន្លែង ស្ពានឆ្លងប្រឡាយសម្រាប់យានយន្ត ១២ កន្លែង និងស្ពានថ្មើរជើង ៩ កន្លែង។ លើសពីនេះ អគារត្រួតពិនិត្យ និងឃ្លាំងនៅសំណង់មេក៏ត្រូវបានសាងសង់ឡើង ដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១១,០០០ ហិកតា និងស្រូវប្រាំង ៤,០០០ ហិកតា ដែលជួយបង្កើនទិន្នផលកសិកម្ម និងប្រាក់ចំណូលសម្រាប់កសិកររាប់ពាន់គ្រួសារ។ ប្រព័ន្ធនេះផ្តល់ទឹកជាប្រចាំ និងមានស្ថិរភាព ដែលអនុញ្ញាតឱ្យកសិករអាចដាំដុះបានទាំងរដូវវស្សា និងរដូវប្រាំង ដោយកាត់បន្ថយហានិភ័យនៃគ្រោះរាំងស្ងួត។

លើសពីនេះ ទំនប់សាលាតាអន ក៏ជាប្រភពទឹកសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបង និងតំបន់ជាយក្រុង។ នេះមិនត្រឹមតែលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជួយធានាសុខភាពសាធារណៈ និងនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកទៀតផង។

បន្ថែមលើអត្ថប្រយោជន៍ផ្នែកកសិកម្ម និងទឹកស្អាត ទំនប់សាលាតាអន ក៏បានបន្ថែមសោភ័ណភាពដ៏ទាក់ទាញដល់ក្រុងបាត់ដំបង។ ទេសភាពនៃប្រឡាយទឹក និងសំណង់ទំនើប បានប្រែក្លាយតំបន់នេះទៅជាគោលដៅទេសចរណ៍ថ្មី ដែលទាក់ទាញភ្ញៀវទេសចរ។ អ្នកទេសចរអាចរីករាយនឹងទិដ្ឋភាពធម្មជាតិ និងសិក្សាពីបច្ចេកវិទ្យាទំនើបនៃប្រព័ន្ធធារាសាស្ត្រ ដែលបង្ហាញពីភាពរីកចម្រើនរបស់ខេត្តបាត់ដំបង។

ជាមួយនឹងប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន ខេត្តបាត់ដំបងមិនត្រឹមតែឈានទៅរកភាពជោគជ័យផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប៕

រូបភាព​៖ កណ្តៀរ / មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់