• 2025-05-16 09:52:30
  • ព័ត៌មាន

ឆាប់ៗនេះ ទៅលេងខ្នងផ្សារ កាន់តែងាយស្រួល! ផ្លូវប្រវែង ជាង ៧ គីឡូម៉ែត្រ កំពុងសាងសង់

  • 2025-05-16 09:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ បានប្រព្រឹត្តទៅនៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅជុំវិញតំបន់ភ្នំខ្នងផ្សារ ដែលជាផ្នែកមួយនៃឧទ្យានជាតិជួរភ្នំក្រវាញ។

គម្រោងនេះមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបែបបៃតង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការពារធនធានធម្មជាតិ ព្រមទាំងជីវៈចម្រុះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធដែលនឹងសាងសង់នេះនឹងត្រូវប្រគល់ជូនសហគមន៍មូលដ្ឋានគ្រប់គ្រង ដើម្បីបង្កើតឱកាសរកចំណូល និងផ្លាស់ប្តូរពួកគេពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកជាសហគ្រិនដែលចូលរួមអភិរក្សធម្មជាតិ។

ហេដ្ឋារចនាសម្ព័ន្ធដែលបានសម្ពោធនេះរួមមាន ផ្លូវក្រាលគ្រោះក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីផ្លូវលេខ ៤៨.៤CAM ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ និងផ្លូវថ្មើរជើងឡើងភ្នំខ្នងផ្សារ ប្រវែងប្រមាណ ៤ គីឡូម៉ែត្រ ពីជើងភ្នំដល់ដំណាក់ដានព្រះ។ ក្រសួងបរិស្ថានក៏មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដាំដើមឈើហូបផ្លែ និងឈើផ្តល់ម្លប់ ដើម្បីឱ្យភ្ញៀវទេសចរអាចសម្រាក និងទទួលទានអាហារបាន។

លើសពីនេះ គម្រោងនេះនឹងផ្តល់ទឹកស្អាតចម្រោះពីប្រភពទឹកធម្មជាតិនៅលើភ្នំ និងដាក់ស្លាកព័ត៌មានបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលសម្រាប់អ្នកឡើងភ្នំនៅតាមកន្លែងសម្រាកនីមួយៗ។ ការអភិវឌ្ឍនេះមិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្សបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។

ពិធីសម្ពោធនេះបានបង្ហាញពីក្តីសង្ឃឹមថ្មីសម្រាប់តំបន់ភ្នំខ្នងផ្សារ ដែលនឹងក្លាយជាគោលដៅលម្ហែបៃតងដ៏សំខាន់ ដើម្បីជំរុញទេសចរណ៍បែបធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទថ្មី