• 2025-06-03 06:59:31
  • ព័ត៌មាន

អាជ្ញាធរថៃ រៀបចំផែនការជម្លៀសប្រជាជន ត្រៀមប្រឈមស្ថានការណ៍ជម្លោះព្រំដែន​ ជាមួយកម្ពុជា

  • 2025-06-03 06:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរនៅខេត្តស៊ីសាកេត និង Ubon Ratchathani បានរៀបចំផែនការជម្លៀសប្រជាជន ដើម្បីត្រៀមប្រឈមនឹងស្ថានការណ៍ជម្លោះព្រំដែនជាមួយកម្ពុជា បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ឧសភា ២០២៥ ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់ បានពលីជីវិត។

សាលារៀនដុមប្រាឌិតវិទ្យា ដែលជាសាលាដែលនៅជិតបំផុតតំបន់ជម្លោះនៅ Ubon Ratchathani បានអនុវត្តការហ្វឹកហាត់ជម្លៀសបន្ទាន់ ដើម្បីរៀបចំសិស្ស និងបុគ្គលិកសម្រាប់ស្ថានការណ៍អាសន្ន។ ផែនការនេះរួមបញ្ចូលការណែនាំអំពីកន្លែងជម្រកសុវត្ថិភាព និងនីតិវិធីជម្លៀសទៅកាន់តំបន់ផ្សេង។ នៅខេត្តស៊ីសាកេត អាជ្ញាធរក្នុងស្រុកបានសហការជាមួយកងទ័ពថៃ ដើម្បីកំណត់កន្លែងជម្លៀសបណ្តោះអាសន្ន និងរៀបចំការដឹកជញ្ជូនសម្រាប់ប្រជាជននៅតំបន់ជិតព្រំដែន ដូចជានៅជុំវិញប្រាសាទតាមាន់ធំ។

រដ្ឋាភិបាលថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រី ប៉ែតថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាក់ថា មិនមានផែនការបិទច្រកព្រំដែនជាអចិន្ត្រៃយ៍ទេ ទោះបីមានសំណើពីកងទ័ពឱ្យបិទច្រកទាំង៦ និងច្រកបណ្តោះអាសន្ន១០ ក៏ដោយ។ អ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ទោ វីនថៃ សុវណ្ណរ៉ី បានបញ្ជាក់ថា ស្ថានការណ៍នៅតាមព្រំដែននៅតែស្ងប់ស្ងាត់ជារួម ហើយការបិទច្រកនឹងត្រូវអនុវត្តតែនៅពេលមានហានិភ័យសន្តិសុខធ្ងន់ធ្ងរ ជាពិសេសប្រសិនបើមានការប្រើប្រាស់អាវុធចម្ងាយឆ្ងាយ។

ភាគីកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល២សប្តាហ៍៕

អត្ថបទ ៖ Nich

មតិយោបល់