
- 2025-07-15 04:05:22
- ព័ត៌មាន
កម្ពុជា នឹងអនុវត្តច្បាប់ កាតព្វកិច្ចយោធា ដែលមានរយៈពេលយូរជាងច្បាប់ចាស់ អាចរហូតដល់ ២៤ខែ
- 2025-07-15 04:05:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងអនុវត្តច្បាប់ កាតព្វកិច្ចយោធា ដែលមានរយៈពេលយូរជាងច្បាប់ចាស់ អាចរហូតដល់ ២៤ខែ
ចន្លោះមិនឃើញ
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលបានអនុម័តតាំងពីឆ្នាំ២០០៦ ប៉ុន្តែមិនទាន់បានអនុវត្តន៍នោះ នឹងចាប់ផ្តើមអនុវត្តន៍ជាផ្លូវការនៅឆ្នាំ២០២៦។ ការប្រកាសនេះធ្វើឡើងក្នុងឱកាសសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសិនរីករាយ និងខួបលើកទី៣២ នៃទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង។
ច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលបានអនុម័តនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ មាន៦ជំពូក និង១៨មាត្រា។ ច្បាប់នេះកំណត់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចន្លោះពី១៨ ទៅ៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ទោះជាយ៉ាងណា សម្រាប់ស្ត្រី ការបម្រើយោធានៅតែជាការស្ម័គ្រចិត្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ច្បាប់នេះនឹងត្រូវកែសម្រួល ជាពិសេសទាក់ទងនឹងរយៈពេលនៃការបម្រើ ដែលនឹងត្រូវបន្ថែមពី១៨ខែ ទៅ២៤ខែ ដើម្បីធានាបាននូវការហ្វឹកហ្វឺនគ្រប់ជ្រុងជ្រោយ។
ការសម្រេចអនុវត្តច្បាប់កាតព្វកិច្ចយោធា ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃ ជាពិសេសបន្ទាប់ពីការប៉ះទង្គិចនៅតំបន់មុំបី កាលពីខែឧសភា កន្លងទៅថ្មីៗនេះ ដែលបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងកម្លាំងយោធានេះមិនមែនដើម្បីឈ្លានពានប្រទេសណាមួយទេ ប៉ុន្តែដើម្បីការពារទឹកដីជាតិ៕