• 2025-08-04 03:51:23
  • ព័ត៌មាន

កម្ពុជា នៅតែរក្សាបាននូវការធានាសុវត្ថិភាព និង ស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ

  • 2025-08-04 03:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីប្រកាសនៅថ្ងៃសុក្រ ទី ១ ខែសីហា ឆ្នាំ ២០២៥ ដើម្បីបញ្ជាក់ជាថ្មីដល់សាធារណជន និងសហគមន៍អន្តរជាតិថា កម្ពុជានៅតែជា “គោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរួសរាយរាក់ទាក់” សម្រាប់ភ្ញៀវទេសចរ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានជាផ្លូវការ ដែលបានស្តារសន្តិភាព និងស្ថិរភាពឡើងវិញនៅទូទាំងប្រទេស។

ក្រសួងទេសចរណ៍បានឱ្យដឹងថា៖ “ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់យ៉ាងមុតមាំដល់សាធារណជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ថា កម្ពុជានៅតែមានសុវត្ថិភាព និងសន្តិសុខទាំងស្រុងសម្រាប់ទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែនគោកជាច្រើន។”

តំបន់ដែលធ្លាប់រងផលប៉ះពាល់ រួមទាំងតំបន់ជុំវិញប្រាសាទព្រះវិហារ ឥឡូវនេះត្រូវបានចាត់ទុកថាមានសុវត្ថិភាព នេះបើតាមការបញ្ជាក់របស់ក្រសួង។ ក្រសួងបានសង្កត់ធ្ងន់ថា គោលដៅទេសចរណ៍ដ៏ល្បីល្បាញទាំងអស់របស់កម្ពុជាគឺនៅតែដំណើរការពេញលេញ និងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ “គោលដៅទេសចរណ៍ដ៏អស្ចារ្យ និងទេសភាពដ៏ស្រស់ស្អាតរបស់យើង រួមទាំងប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រាជធានីភ្នំពេញដ៏រស់រវើក ឆ្នេរខ្សាច់មាសស និងទឹកសមុទ្រពណ៌ខៀវថ្លានៅខេត្តព្រះសីហនុ ព្រមទាំងខេត្តកំពត និងកែបដែលផ្តល់នូវភាពស្ងប់សុខ និងខេត្តភាគឦសានដែលសម្បូរទៅដោយជីវចម្រុះ និងទេសចរណ៍សហគមន៍ គឺនៅតែមានសុវត្ថិភាព អាចចូលទៅទស្សនាបាន និងដំណើរការពេញលេញជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងភាពយកចិត្តទុកដាក់របស់ប្រជាជនមូលដ្ឋាន។”

ក្រសួងបានបន្តថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាសុវត្ថិភាព និងការការពារភ្ញៀវទេសចរ ដោយអាជ្ញាធរជាតិ និងមូលដ្ឋានកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងរក្សាស្ថិរភាពនៅទូទាំងប្រទេស។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព សន្តិសុខ ការគោរពវប្បធម៌ និងបដិសណ្ឋារកិច្ច ក្រសួងលើកទឹកចិត្តឱ្យភ្ញៀវទេសចរបន្តដំណើរទេសចរណ៍របស់ពួកគេ និងទទួលយកបទពិសោធន៍នៃមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាដោយ “ទំនុកចិត្តពេញលេញលើសុវត្ថិភាព និងភាពកក់ក្តៅ”។

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣.៣៦ លាននាក់ ដែលកើនឡើង ៦.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់