• 2025-08-04 04:37:15
  • ព័ត៌មាន

ជប៉ុន ទទួលរងនូវការកើនឡើងកម្តៅ ដ៏ក្តៅបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត តាំងពីឆ្នាំ ១៨៩៨

  • 2025-08-04 04:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជប៉ុន បានឆ្លងកាត់ខែកក្កដា ដ៏ក្តៅបំផុតចាប់តាំងពីការចាប់ផ្តើមកត់ត្រានៅឆ្នាំ ១៨៩៨។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ដែលបានព្រមានអំពី “កម្តៅខ្លាំង” បន្តនៅក្នុងខែបន្ទាប់។

អ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្តៅកំពុង កើនឡើងកាន់តែខ្លាំង និងញឹកញាប់នៅទូទាំងពិភពលោក ដោយសារការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ហើយប្រទេសជប៉ុនក៏មិនមែនជាករណីលើកលែងនោះដែរ។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដាបានកើនឡើង ២.៨៩ អង្សាសេ ធៀបនឹងមធ្យមភាគឆ្នាំ ១៩៩១-២០២០ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ នេះជាឆ្នាំទីបីជាប់ៗគ្នាដែលខែកក្កដា មានសីតុណ្ហភាពជាមធ្យមបំបែកកំណត់ត្រា។

នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ប្រទេសជប៉ុនបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួន គឺ ៤១.២ អង្សាសេ នៅតំបន់ភាគខាងលិចនៃខេត្តហ៊ីយ៉ូហ្គោ។ ទីភ្នាក់ងារឧតុនិយមបាននិយាយថា “ខែបន្ទាប់ត្រូវបានរំពឹងថានឹងបន្តនាំមកនូវកម្តៅខ្លាំងនៅទូទាំងប្រទេស”។

ទឹកភ្លៀងក្នុងខែកក្កដា មានកម្រិតទាបនៅទូទាំងតំបន់ធំៗនៃប្រទេសជប៉ុន ដោយតំបន់ភាគខាងជើងដែលបែរមុខទៅសមុទ្រជប៉ុនបានជួបប្រទះនឹងទឹកភ្លៀងទាបបំផុតក្នុងកំណត់ត្រា។ រដូវវស្សានៅតំបន់ភាគខាងលិចនៃប្រទេសជប៉ុនបានបញ្ចប់ប្រហែលបីសប្តាហ៍មុនកាលកំណត់ធម្មតា ដែលជាកំណត់ត្រាផ្សេងមួយទៀត។

ភ្នំហ៊្វូជីដ៏ល្បីល្បាញរបស់ជប៉ុន ក៏បានបាត់បង់ ព្រិលរបស់ខ្លួនយូរបំផុតក្នុងកំណត់ត្រាកាលពីឆ្នាំមុន ដោយមិនបានលេចឡើងរហូតដល់ដើមខែវិច្ឆិកា ធៀបនឹងមធ្យមភាគនៅដើមខែតុលា៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់