• 2025-08-25 06:31:29
  • ព័ត៌មាន

វៀតណាម ចាប់ផ្តើមជម្លៀសប្រជាជន និង បិទអាកាសយានដ្ឋាន ខណៈព្យុះទីហ្វុងកាជីគី ជិតមកដល់

  • 2025-08-25 06:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាមបានបិទអាកាសយានដ្ឋាន បិទសាលារៀន និងចាប់ផ្តើមជម្លៀសប្រជាជនជាច្រើន ដើម្បីត្រៀមទទួលនឹងព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតនៅឆ្នាំនេះ។ ព្យុះទីហ្វុងកាជីគី (Kajiki) មានល្បឿនខ្យល់រហូតដល់ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាកំពុងខិតជិតឆ្នេរសមុទ្រកណ្តាលនៃប្រទេសវៀតណាម ហើយត្រូវបានព្យាករណ៍ថានឹងកាន់តែខ្លាំងឡើងមុនពេលវាយប្រហារច្រាំងនៅរសៀលថ្ងៃចន្ទ (ទី២៥ ខែសីហា ឆ្នាំ២០២៥)។

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅរាត្រីថ្ងៃអាទិត្យថា៖ «នេះគឺជាព្យុះដ៏គ្រោះថ្នាក់ និងមានចលនាលឿនបំផុត» ដោយបានព្រមានថា ព្យុះកាជីគីនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដី។

ទីភ្នាក់ងារអាកាសធាតុវៀតណាមបានបញ្ជាក់ថា ព្យុះត្រូវបានព្យាករណ៍ថានឹងវាយប្រហារតំបន់រវាងខេត្តថាញ់ហ័រ (Thanh Hoa) និងខេត្តងេអាន (Nghe An) នៅប្រមាណម៉ោង ៩ព្រឹកម៉ោង GMT។

ប្រទេសវៀតណាម ដែលមានឆ្នេរសមុទ្រវែងជាប់នឹងសមុទ្រចិនខាងត្បូង ងាយរងគ្រោះដោយសារព្យុះដែលជារឿយៗបង្កឲ្យមានទឹកជំនន់ និងការបាក់ដីដ៏គ្រោះថ្នាក់។ រដ្ឋាភិបាលវៀតណាមបាននិយាយថា ព្យុះកាជីគីត្រូវបានរំពឹងថានឹងមានឥទ្ធិពលខ្លាំងដូចព្យុះទីហ្វុងយ៉ាគី (Yagi) ដែលបានវាយប្រហារប្រទេសនេះកាលពីជិតមួយឆ្នាំមុន ដោយបានសម្លាប់មនុស្សប្រមាណ ៣០០ នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ៣,៣ ពាន់លានដុល្លារអាមេរិក។

អាជ្ញាធរបានប្រកាសនៅថ្ងៃអាទិត្យថា ប្រជាជនជាងកន្លះលាននាក់នឹងត្រូវជម្លៀស ហើយបានបញ្ជាឱ្យទូកទាំងអស់ស្នាក់នៅច្រាំង។ អាកាសយានដ្ឋានពីរកន្លែងនៅខេត្តថាញ់ហ័រ និងខេត្តក្វាងប៊ិញ (Quang Binh) ត្រូវបានបិទ យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុន Vietjet បានលុបចោលជើងហោះហើររាប់សិបជើងទៅកាន់ និងចេញពីតំបន់នេះ។

ព្យុះកាជីគី បានឆ្លងកាត់ឆ្នេរភាគខាងត្បូងនៃកោះហៃណាន (Hainan) ប្រទេសចិន កាលពីថ្ងៃអាទិត្យ មុនពេលធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយបានបង្ខំឱ្យទីក្រុងសានយ៉ា (Sanya City) នៅលើកោះនេះបិទអាជីវកម្ម និងការដឹកជញ្ជូនសាធារណៈ។

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់