• 2025-08-26 05:15:44
  • ព័ត៌មាន

គំនិតជាអ្នករកស៊ី លោក Trump ទាក់បានភ្ញៀវធំៗ! កូរ៉េខាងត្បូង ព្រមវិនិយោគ ១៥០ ពាន់លានដុល្លារ

  • 2025-08-26 05:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងវិនិយោគប្រមាណ ១៥០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសរបស់លោក Ryu Jin ប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េ (FKI)។ ការវិនិយោគនេះគឺជាការបន្ថែមលើការសន្យាមុនៗរបស់ប្រទេសនេះក្នុងការវិនិយោគ ៣៥០ ពាន់លានដុល្លារនៅទីនោះ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលជួយកាត់បន្ថយពន្ធគយទៅវិញទៅមករបស់ សហរដ្ឋអាមេរិកសម្រាប់ កូរ៉េខាងត្បូង។

លោក Ryu Jin បានប្រកាសពីចំនួនទឹកប្រាក់សន្យាវិនិយោគរួមគ្នានេះ តំណាងឱ្យក្រុមហ៊ុនកូរ៉េខាងត្បូង ក្នុងអំឡុងពេលតុមូលធុរកិច្ចដែលរៀបចំឡើងរវាងថ្នាក់ដឹកនាំធុរកិច្ចនៃប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយថ្នាក់ដឹកនាំធុរកិច្ច និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងលោក Lee Jae-yong ប្រធានក្រុមហ៊ុន Samsung Electronics លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia។

"ដើម្បីបើកសករាជថ្មីនៃការរស់ឡើងវិញនៃឧស្សាហកម្មផលិតកម្ម និងដឹកនាំទីផ្សារសកលជាមួយសហរដ្ឋអាមេរិក ក្រុមហ៊ុនកូរ៉េខាងត្បូងកំពុងគ្រោងវិនិយោគរួមគ្នា ១៥០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក" នេះបើតាមការបញ្ជាក់របស់លោក Ryu នៅក្នុងកិច្ចប្រជុំនោះ។ លោកបានសង្កត់ធ្ងន់ថា ការវិនិយោគនេះនឹងផ្តោតលើវិស័យដូចជា បញ្ញាសិប្បនិម្មិត បន្ទះឈីប Bio-Technology ការសាងសង់នាវា និងថាមពលនុយក្លេអ៊ែរ ដោយបង្ហាញពីការរួមបញ្ចូលគ្នារវាងសមត្ថភាពច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក និងបច្ចេកវិទ្យាផលិតកម្មកម្រិតខ្ពស់របស់កូរ៉េខាងត្បូង។

កាលពីខែមុន ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលកំណត់ពន្ធគយ ១៥ ភាគរយលើការនាំចេញកូរ៉េខាងត្បូងទៅសហរដ្ឋអាមេរិក បើធៀបនឹង ២៥ ភាគរយដែលបានប្រកាសដំបូង ជាថ្នូរនឹងការសន្យាវិនិយោគ ៣៥០ ពាន់លានដុល្លាររបស់កូរ៉េខាងត្បូងនៅក្នុងវិស័យសាងសង់នាវា ថាមពល និងវិស័យផ្សេងទៀតរបស់សហរដ្ឋអាមេរិក៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់