• 2025-08-26 07:18:58
  • ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក ត្រាំ ត្រៀមដាក់ពន្ធបន្ថែមលើគ្រឿងសង្ហារឹម នាំចូលមកអាមេរិក

  • 2025-08-26 07:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីពេលថ្មីៗនេះថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធលើគ្រឿងសង្ហារិមនាំចូល ដោយបន្ថែមលើពន្ធដែលបានដាក់រួចហើយលើផលិតផល និងទំនិញជាក់លាក់ផ្សេងទៀត។

លោក ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកបានចាប់ផ្តើមការស៊ើបអង្កេតលើគ្រឿងសង្ហារិមនាំចូល ដោយការស៊ើបអង្កេតនេះនឹងបញ្ចប់ក្នុងរយៈពេល ៥០ ថ្ងៃខាងមុខ។ “ក្នុងរយៈពេល ៥០ ថ្ងៃខាងមុខ ការស៊ើបអង្កេតនេះនឹងបញ្ចប់ ហើយគ្រឿងសង្ហារិមដែលនាំចូលពីបរទេសទៅសហរដ្ឋអាមេរិកនឹងត្រូវដាក់ពន្ធ ដោយអត្រាពន្ធនឹងត្រូវកំណត់នៅពេលក្រោយ” លោក ត្រាំ បានសរសេរនៅលើវេទិកា Truth Social របស់លោក។ “វានឹងនាំឧស្សាហកម្មគ្រឿងសង្ហារិមត្រឡប់មករដ្ឋ North Carolina, South Carolina, Michigan និងរដ្ឋនានា នៅសហរដ្ឋអាមេរិកវិញ។”

បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ ភាគហ៊ុនរបស់ក្រុមហ៊ុនគ្រឿងសង្ហារិម និងទំនិញក្នុងផ្ទះធំៗ ដូចជា Wayfair, RH (អតីត Restoration Hardware) និង Williams-Sonoma បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងការជួញដូរក្រោយម៉ោងទីផ្សារ។ ក្រុមហ៊ុន Wayfair នាំចូលគ្រឿងសង្ហារិមភាគច្រើនរបស់ខ្លួន ខណៈក្រុមហ៊ុន RH និង Williams-Sonoma កំពុងធ្វើការពង្រីកបណ្តាញផ្គត់ផ្គង់របស់ខ្លួន។

លោក ត្រាំ បានដាក់ពន្ធយ៉ាងខ្ពស់រួចហើយលើរថយន្ត ដែក និងអាលុយមីញ៉ូម ហើយលោកក៏បានលើកឡើងពីគម្រោងដាក់ពន្ធស្រដៀងគ្នានេះលើទង់ដែង ឱសថ និង បន្ទះឈីបនាំចូល។ ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ថាតើពន្ធលើគ្រឿងសង្ហារិមថ្មីនេះនឹងត្រូវអនុវត្តបន្ថែមលើអត្រាពន្ធតាមប្រទេសនីមួយៗ ឬយ៉ាងណានោះទេ។

រដ្ឋបាលលោក ត្រាំ បានចំណាយពេលជាច្រើនខែដើម្បីចរចាទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីកែសម្រួលតុល្យភាពពាណិជ្ជកម្មសកល។ កិច្ចព្រមព្រៀងថ្មីៗជាមួយសហភាពអឺរ៉ុប និងចិនបានជួយសម្រួលទីផ្សារបន្តិច ប៉ុន្តែនៅតែទុកបញ្ហារយៈពេលវែងមួយចំនួនមិនទាន់ដោះស្រាយ។

ពន្ធថ្មីណាមួយនឹងមកដល់នៅពេលដែលឧស្សាហកម្មគ្រឿងសង្ហារិម របស់សហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាជាច្រើន។ ក្រុមហ៊ុនដូចជា Wayfair បានឃើញតម្រូវការគ្រឿងសង្ហារិមថ្មីដូចជា សាឡុង និងតុអាហារធ្លាក់ចុះជាងមួយឆ្នាំមកហើយ ដែលផ្នែកមួយបណ្តាលមកពីទីផ្សារលំនៅដ្ឋានដែលធ្លាក់ចុះ ខណៈអ្នកទិញផ្ទះរង់ចាំអត្រាការប្រាក់ថយចុះ។

នៅពេលដែលការទិញផ្ទះថ្មីមានចំនួនតិច អតិថិជនក៏មានហេតុផលតិចក្នុងការទិញគ្រឿងសង្ហារិមថ្មី។ លើសពីនេះ អតិផរណាដ៏រឹងមាំបានធ្វើឱ្យអតិថិជនកាន់តែជ្រើសរើសក្នុងការចំណាយប្រាក់លើទំនិញដែលមិនចាំបាច់ ដូចជាភោជនីយដ្ឋាន សម្លៀកបំពាក់ថ្មី ការធ្វើដំណើរ និងការតុបតែងផ្ទះ៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់