• 2025-08-26 07:42:21
  • ព័ត៌មាន

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ ៤,៣ ពាន់លានដុល្លារ នឹងលេចរូបរាងនៅ ម៉ាឡេស៊ី

  • 2025-08-26 07:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Thomson Medical Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីសិង្ហបុរី លោក Peter Lim បានប្រកាសបើកដំណើរការគម្រោងសាងសង់មន្ទីរពេទ្យឯកជន និង អចលនទ្រព្យ ប្រភេទលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានតម្លៃជាង ៤,៣ ពាន់លានដុល្លារអាមេរិក នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។

គម្រោង Johor Bay ដែលមានទំហំ ១០,៥២ ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-សិង្ហបុរីភាគខាងត្បូង នឹងរួមបញ្ចូលមន្ទីរពេទ្យ Thomson Hospital Iskandariah បន្ទប់ជំនាញវេជ្ជសាស្ត្រ មជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងអគារវិទ្យាសាស្ត្រ សម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រ។ គម្រោងនេះ ជាគម្រោងធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏នឹងរួមបញ្ចូលលំនៅដ្ឋានប្រណីត សណ្ឋាគារកម្រិត ផ្កាយ៥ និងតំបន់ពាណិជ្ជកម្មដ៏សម្បូរបែប។

តំបន់អាស៊ីអាគ្នេយ៍កំពុងជួបប្រទះនឹងការកើនឡើងជាលំដាប់នៃចំនួនប្រជាជនវ័យចាស់ ដែលជំរុញដោយអាយុជីវិតវែងជាងមុន និងអត្រាកំណើតធ្លាក់ចុះ។ យោងតាមអង្គការសុខភាពពិភពលោក តំបន់នេះត្រូវបានគេរំពឹងថានឹងឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃសមាមាត្រប្រជាជនអាយុ ៦០ ឆ្នាំឡើងទៅ ពី ១២,២% ក្នុងឆ្នាំ ២០២៤ ទៅ ២២,៩% នៅឆ្នាំ ២០៥០។

លោក Kiat Lim អនុប្រធានប្រតិបត្តិក្រុមហ៊ុន Thomson Medical និងជាកូនប្រុសរបស់លោក Peter Lim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ពេលវេលាគឺសមស្របហើយ៖ កម្លាំងសេដ្ឋកិច្ច សន្ទុះហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរប្រជាសាស្ត្រកំពុងប្រសព្វគ្នា”។

រដ្ឋមន្ត្រីសំខាន់នៃរដ្ឋជូហ័រ លោក Onn Hafiz Ghazi បាននិយាយថា រដ្ឋនេះស្វាគមន៍ការវិនិយោគនេះ ដោយហៅវាថាជាការជំរុញជាយុទ្ធសាស្ត្រដល់ការចូលទៅកាន់សេវាថែទាំសុខភាព និងកំណើនសេដ្ឋកិច្ច។

ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានប្រកាសកិច្ចព្រមព្រៀងសម្រាប់តំបន់សេដ្ឋកិច្ចពិសេស (SEZ) នៅ Johor កាលពីខែមករា កន្លងទៅ ដោយមានគោលបំណងទាក់ទាញការវិនិយោគ និងសម្រួលដល់ចលនាទំនិញ និងប្រជាជនរវាងប្រទេសទាំងពីរ។ ផ្លូវរថភ្លើងល្បឿនលឿនថ្មី ឆ្លងកាត់ព្រំដែនត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២៦៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់