- 2014-09-30 16:25:23
- ព័ត៌មាន
គូស្រករជាអ្នកធ្វើការ និង ជាអ្នករកស៊ីគួរជ្រើសរើសយកមួយណាទៅណ៎ះ !
- 2014-09-30 16:25:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្រករជាអ្នកធ្វើការ និង ជាអ្នករកស៊ីគួរជ្រើសរើសយកមួយណាទៅណ៎ះ !
ចន្លោះមិនឃើញ
យុវវ័យមួយចំនួន តែងតែស្ទាក់ស្ទើរពីបញ្ហាជ្រើសរើសគូស្រករទៅថ្ងៃអនាគត។ អ្នកខ្លះនិយាយគ្នាលេងថា បើយកគ្រួសារគួរតែសម្លឹងមើលអ្នករកស៊ីទៅល្អជាង ឆាប់មានលុយ តែបើយកអ្នកធ្វើការងារមិនដឹងពេលណាសន្សំលុយបានទេ បើធ្វើការរង់ចាំតែថ្ងៃបើកប្រាក់ខែ ពេលចុងខែអញ្ចឹងនោះ។
តើយុវវ័យភាគច្រើនសុទ្ធតែមានក្ដីប្រាថ្នាចង់បានគូស្រករជាអ្នករកស៊ី ជាងអ្នកធ្វើការងារមែនឬយ៉ាងណា?
ទាក់ទងទៅនឹងបញ្ហានេះ កញ្ញា ជា រ៉ានី អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានបញ្ចេញទស្សនៈថា "ខ្ញុំច្បាស់ជាជ្រើសរើសយកគ្រួសារជាអ្នករកស៊ីហើយ ទើបឆាប់មាន"។ រ៉ានី ថ្លែងចំៗទៀតថា បើរៀបការជាមួយអ្នកធ្វើការងារឲ្យគេ យកតែប្រាក់ខែហ្នឹង ខ្ញុំថាប្រហែលជានៅតែប៉ុណ្ណឹង មិនដឹងអង្កាល់បានមានធូរធារនឹងគេទេ។
លើកឡើងស្រដៀងគ្នានេះដែរ កញ្ញា វ៉ាន់ សម្ផស្ស អាយុ ២៣ ឆ្នាំ ជាបុគ្គលិកផ្នែកទទួលភ្ញៀវ នៃសាលាឯកជនមួយ បានបញ្ចេញមតិថា ធ្វើការងារឲ្យគេ មិនដឹងពេលណាទើបសន្សំលុយបានទេ បើរកមួយខែចាយសម្រាប់តែមួយខែបែបហ្នឹងនោះ។
បុគ្គលិកដដែលរូបនោះ ថ្លែងបន្ថែមថា៖ "និយាយតាមត្រង់ទៅចុះ ខ្ញុំសង្កេតឃើញអ្នកធ្វើការងារនៅស្រុកយើង មិនទាន់ដូចនៅស្រុកគេទេ លុយចាយរាល់ខែសឹងតែមិនគ្រប់ អញ្ចឹងហើយបានជាអ្នកដែលធ្វើការងារភាគច្រើន ចេះតែចង់ងាកទៅរកស៊ីខ្លួនឯង ជំនួសឲ្យការធ្វើការងារយកប្រាក់ខែហ្នឹង"។
រូបតំណាង
ឆ្លើយតបទៅនឹងបញ្ហាដែលបានលើកឡើងខាងលើនេះ កញ្ញា អ៊ុង វតនា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រាប់ថា៖ "បើខ្ញុំរើសគូស្រករ ខ្ញុំមិនប្រកាន់ថា គេជាអ្នករកស៊ី ឬជាអ្នកធ្វើការងារនោះទេ"។
វតនា ថ្លែងបន្តថា ខ្ញុំចូលចិត្តទាំងពីរហ្នឹង តែបើជ្រើសរើសឲ្យត្រូវស្ថានភាពបច្ចុប្បន្ន ប្រហែលជាយកអ្នករកស៊ី ធ្វើជំនួញវិញល្អជាង ព្រោះទៅថ្ងៃអនាគត ខ្ញុំក៏មានក្ដីប្រាថ្នា ចង់ធ្វើជាអ្នករកស៊ីដោយខ្លួនឯងដែរ។
និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន ឆន គឹមឈន អាយុ២១ឆ្នាំ បានលើកឡើងថា៖ "ខ្ញុំយល់ថា យើងមិនអាចឲ្យតម្លៃទៅលើការងារជាអ្នករកស៊ីតែម្ខាងនោះទេ"។ មិនប្រាកដថា អ្នករកស៊ីសុទ្ធតែមានប្រៀបជាង អ្នកធ្វើការងារយកប្រាក់ខែទាំងអស់នោះ។ គិតសព្វៗទៅ ម្នាក់ម្យ៉ាងទេ អ្នកធ្វើការងារខ្លះគេបានប្រាក់ខែល្មមៗមែន ប៉ុន្តែគេស្រណុកកាយ សប្បាយចិត្ត។ ដោយឡែកអ្នករកស៊ីវិញ រកស៊ីសឹងគ្មានពេលឈប់សម្រាក ហើយពេលខ្លះថែមទាំងខាតបង់ទៀតផង។ គឹម ឈន បញ្ជាក់បន្ថែមដូច្នេះ៕
ចុះប្រិយមិត្តវិញ តើគិតថានឹងជ្រើសរើសយកមួយណាដែររវាងគ្រួសារអ្នករកស៊ី និងអ្នកធ្វើការងារ?
អត្ថបទ៖ យិន សំបូរ