• 2015-03-21 06:07:22
  • ព័ត៌មាន

ជំទាវ​ទី ១ Michelle Obama បាន​មក​ដល់​ដី​កម្ពុជា​ហើយ

  • 2015-03-21 06:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ជំទាវ​ទី ១ Michelle Obama បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នាវេលាម៉ោង​ប្រមាណ​ជា ៨:៤៥​ នាទី​ យប់ ថ្ងៃ​ទី ២០ ខែមីនា ២០១៥។

 

ប្រភពព័ត៌មាន​ពី​ប្រលាន​យន្ដហោះ​សៀមរាប បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​របស់​លោក​ជំទាវ​ ទី១ Michelle Obama គេ​សង្កេត​ឃើញ​មាន​ការ​ទទួល​ស្វាគមន៍​ពី​ ជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ឯកឧត្ដម ​ហង្ស ជួនណារ៉ុង  រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​យុវជន​ និង កីឡា និង ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ព្រមទាំង ឥស្សរជន​មួយ​ចំនួន​ទៀត។

 

ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​ តាម​គម្រោង​គឺ ជំទាវ​ទី១ Michelle Obama នឹង​ទៅ​ទស្សនកិច្ច​នៅ វិទ្យាល័យ ហ៊ុន សែន បាគង នៅព្រឹក​ស្អែក។ បន្ទាប់​ពី​នេះ​ លោក​ជំទាវ នឹង​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត។

 

ជំទាវ​ទី១ Michelle Obama នឹង​មក​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​កម្ពុជា​មាន​រយៈពេល ៣ ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ទី ២០-២២ ខែមីនា ឆ្នាំ ២០១៥។

 

យោងតាមការប្រកាស របស់ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ បានឱ្យដឹងថា នៅ​មុន​មក​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ជំទាវ​ទី ១ បាន​ធ្វើទស្សនកិច្ច នៅតាមបណ្តាប្រទេស មួយចំនួននៅតំបន់អាស៊ី ។

 

នៅ​ក្នុង​លិខិតដដែល បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ នូវដំណើរទស្សនកិច្ច របស់លោកស្រី Michelle Obama។

 

លោកស្រី Michelle Obama ភរិយារបស់លោក បារ៉ាក់ អូបាម៉ា បាន​ក្លាយជា ភរិយាប្រធានាធិបតីអាមេរិក ទី២ ដែលបានមកធ្វើទស្សនកិច្ច នៅក្នុង ប្រទេសកម្ពុជា បន្ទាប់ពីលោកស្រី ហ្សាក់ហ្គាលីន ខេននឺឌី ( jacgueline kennedy) ជាភរិយារបស់ លោកខេននឺឌី (John Fitzgerald Kennedy) ប្រធានាធិបតីទី ៣៥ របស់សហរដ្ឋអាមេរិក កាលណោះ បានមកបំពេញ ទស្សនកិច្ច នៅកម្ពុជា លើកដំបូង នៅឆ្នាំ១៩៦៧ នាសម័យសង្គមរាស្ត្រនិយម៕

 

 
 
 
 
 
 
 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់