• 2015-04-07 23:07:08
  • ព័ត៌មាន

Bag to School ​ យក​សម្ភារៈ​​សិក្សា​ទៅ​ជូន​​ដល់​សិស្សានុសិស្ស​ចំនួន១០០០​រូប ​នៅ​ខេត្ត​កំពង់​ធំ

  • 2015-04-07 23:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​សុក្រ​ ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០១៥​​ កន្លង​ទៅ​នេះ​​ សភាយុវ​ពាណិជ្ជករ​អន្តជាតិ​ កម្ពុជា សាខា​ភ្នំពេញ​ Junior​ Chamber​ International Cambodia - Phnom Penh​ ហៅ​កាត់​ថា​ JCI Cambodia​-Phnom ​Penh សហការ​ជា​មួយ​ JCI Marina មក​ពី​ប្រទេស​សិង្ហបុរី​​ បាន​រៀប​ចំ​កម្មវិធី​ ស្ម័គ្រ​ចិត្ត​ការងារ​សហគមន៍​ ហៅ​ថា​ Bag to School នៅ​បឋម​សិក្សា​ បាក់​ស្នា​ នា​ស្រុក​បារាយណ៍​​ ខេត្ត​កំពង់ធំ។​ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​កម្មវិធី​ Bag to School​ ធ្វើ​ឡើង​ចាប់​ពី​​ដើម​​ឆ្នាំ​២០១​៥​មក​។​ កម្ម​​វិធី​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពាំ​នាំ​យក​សម្ភារៈ​​សិក្សា​ទៅ​ជូន​​ដល់​សិស្សា​នុសិស្សចំនួន១០០០ រូប​នៅ​ខេត្ត​កំពង់​ធំ។ ការ​ពាំ​នាំ​នូវ​អំណោយ​នេះ​ជា​​ការ​ជំរុញ​ទឹក​ចិត្ត​សិស្សានុសិស្ស​តូចៗ​ ​អោយ​មាន​គំនិត​ខិតខំ​សិក្សា​ដើម្បី​អនាគត​​ដ៏​ត្រចះត្រចង់​របស់​ពួក​គេ​នា​ពេល​អនាគត ហើយ​ម្យ៉ាង​ទៀត​ក៏​ជា​កម្លាំង​ចិត្ត​ជំរុញ​អោយ​ពួក​គេ​មិន​បោះបង់​ការ​សិក្សា​នៅ​ពាក់​កណ្ដាល​ទី​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។​

 

 

Bag to School ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ នៅ​តាម​ខេត្ត​ផ្សេងៗ​គ្នា​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ភ្ញៀវកិត្តិយស​ចូល​រួម​ដែល​ភាគ​ច្រើន​ជា​ សហគ្រិន​ អ្នក​ដឹក​នាំ​វ័យក្មេង​ និង​ អ្នក​គ្រប់​គ្រង​សំខាន់ៗ​ ដែល​ពួក​គាត់​ចូល​រួម​ស្ម័គ្រ​ចិត្ត​ជួយ​ដល់​សហគមន៍​ដែល​មាន​ទុក្ខ​លំបាក។​  លើស​ពី​នេះ​ទៅ​ទៀត​ ក្នុង​ឆ្នាំ​ សភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​​ សាខា​ភ្នំពេញ​ មាន​សេច​ក្តី​សោមនស្ស​រីករាយ​​​និង​មោទនភាព​ ដោយ​មាន​ការ​ចូល​រួម​ជា​ពិសេស​ពី សំណាក់​លោក​ Ismail Haznedar ​ប្រធាន​កំពូល​របស់​សភាយុវពាណិជ្ជករ​អន្តរជាតិ​ពិភពលោក។​

 

 

សូម​បញ្ជាក់​ផង​ដែរ​ថា​ JCI Cambodia-Phnom Penh​ គឺ​ជា​អង្គការ​អន្តរជាតិ ​មិន​រក​ប្រាក់​ចំណេញ​មួយ​ ដែល​ប្រមួល​ផ្តុំ​ដោយ​ពាណិជ្ជករ​វ័យ​ក្មេង​អាយុ​ក្រោម​៤០​ឆ្នាំ​ជា​ច្រើន​ ដែល​កំពុង​ស្ម័គ្រ​ចិត្ត​ចូល​រួម​អភិវឌ្ឍ​សង្គម​ដើម្បី​ការ​ផ្លាស់​ប្ដូរ​​ជា​វិជ្ជមាន។ ​ក្រៅ​ពី​កម្មវិធី​ Bag to​ School​ នេះ សមាគម​មួយ​នេះ​ក៍​មាន​គម្រោង​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​សហគមន៍​ បង្កើត ​ឱកាស​ពាណិជ្ជកម្ម ​អភិវឌ្ឍ​សមត្ថភាព​បុគ្គល​ និង​ទំនាក់ទំនង​អន្តរជាតិ។ ​គម្រោង​ដែល​ សភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​បាន​ធ្វើ​កន្លង​មក​រួម​មាន​ JCI​ Breakfast Talk ការ​ពិភាក្សា​អំពី​បទពិសោធន៍​ក្នុង​ការ​ធ្វើ​ជំនួញ​ផ្សេងៗ​ និង​ JCI Sharing of Smile គី​ជា​កម្មវិធី​នាំ​មក​នូវ​សេចក្ដី​ញញឹម​ដល់​កុមារ​ដែល​ជួប​ប្រទះ​នឹង​ការ​លំបាក​ ដែល​ភាព​ញញឹម​នេះ​ហើយ​ជួយ​អោយ​ពូក​គេ​តស៊ូ​ក្នុង​ជីវិត​ ព្រម​ទាំង​ JCI Youth Leadership Conference ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ជា​ច្រើន​ ហើយ​នឹង​មាន​​កម្មវិធី​ជា​ច្រើន​ទៀត៕

 

 

 
 
 

 

អត្ថបទ៖​ ដៃគូសហការ​
មតិយោបល់