• 2015-08-13 13:00:04
  • ព័ត៌មាន

​អាហារ​ពី​​សមុទ្រ ពិបាករក​​នៅរវាង​ពី​​ខែ កក្កដា ដល់ខែ ​តុលា

  • 2015-08-13 13:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រស់​​នៅ​ក្នុង​តំបន់​សមុទ្រ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អង្កាល និង​ ពងទឹក​ខេត្ត​កែបភាគច្រើន​ ប្រកប​របរ​នេសាទ ដើម្បី​រក​ប្រាក់​​​​​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ម្នាក់ៗ​ត្រូវ​ចេញ​ទូក​នេសាទ តាំង​ពី​ម៉ោង ៤ កន្លះ​ល្ងាច ហើយ​​ត្រឡប់​មក​វិញ​នៅ​ម៉ោង ៦ កន្លះ​ព្រឹក ប៉ុន្តែ​ ខែ​នេះ​ពិបាក​រក​ភោគផល​សមុទ្យ​បន្តិច។

 

 

លោក គង់ យន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អង្កាល​ឱ្យ​ដឹង​ថា ក្រុម​អ្នក​នេសាទ​បាន​ចេញ​ទូក ពីម៉ោង ៤ កន្លះ​ល្ងាច និង ​ត្រឡប់​​មក​​វិញ នៅ​ម៉ោង ៦ កន្លះ​ព្រឹក​ជា​ប្រចាំ ដោយ​បាន​ក្ដាម បង្គា មឹក​ទៀតសោត ​តិច​ច្រើនតាម​ថ្ងៃ​ និង​ រដូវ​កាល។

 

បើតាម​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អង្កាល​រូបនេះ គឺចាប់​ពី​ខែ ​កក្កដា ដល់ ខែ​តុលា ភោគផល​សមុទ្រ​ មិន​សូវ​ជាមាន​​ច្រើននោះ​​ទេ ប៉ុន្តែ​​ បើ​នៅដើម​ឆ្នាំ និង ចាប់​ពី​ខែ ​វិច្ឆិកា គឺ​សំបូរ​ច្រើន ហើយ​ប្រជា​នេសាទ ក៏​ទទួល​​បានផល​ច្រើន​​ទៅ​តាម​ហ្នឹង​ដែរ។

 

លោក គង់ យន រៀបរាប់​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំងពីរ​ខាងលើ មាន​ប្រហែល ១ ម៉ឺន​គ្រួសារ ដែល​ភាគ​ច្រើន​ជា​ប្រជា​នេសាទ ហើយ​ឃុំ​ទាំងពីរ​នេះមាន​ទូក​នេសាទ​សរុប​ចំនួន ៦៤ គ្រឿង។

 

ទោះបីជា​យ៉ាងណា ការ​រក​ភោគផល​សមុទ្រ​មិន​បាន​ច្រើន គឺ​​បញ្ហា​ប្រឈមដ៏ធំ របស់អ្នករស់នៅឃុំ អង្កាល និង​ ពងទឹក ចំណែក​រឿង​អាកាសធាតុ​មិន​ជាបញ្ហា​អ្វី​ឡើយ។ បុរស​វ័យ​ខ្ទង់​ជាង ៦០ ឆ្នាំ​ថ្លែង​ថា "បើ​រក​មិន​សូវ​បាន​​ខាត​ហើយ ព្រោះ​ត្រូវ​ចំណាយ​​​លើ​ប្រេង អាហារ​ហូបចុកទៅមក...ឧទាហរណ៍​ថា ទូក​ចេញ​ម្ដង​អស់ ១៥ ម៉ឺន បើ​យើង​អូស​បាន ​១០ ម៉ឺន​គឺ​ខាត។ បើ​ស្អែក​​អូស​មិន​បាន​ច្រើន​ទៀត គឺ​ខាត​ទៀត។ ធ្វើ​ម៉េច​វា​ជា​របរ​របស់​អ្នក​ស្រុក​​យើង បើ​​មិន​ចុះ (ទូក) មិន​ដឹក​រក​អី"។

 

អ្នក​ឃុំ​អង្កាល​រូប​នេះ​មាន​ប្រសាសន៍​ថា កត្តា​​មិន​សូវ​មាន​ភោគផល​សមុទ្រ​អាចបណ្ដាល​មក​ពី ការ​ផុត​ពូជ​ជីវចម្រុះ បាត់បង់​ព្រៃឈើ​ ឬ​ ដើម​កោងកាង​ជាដើម។ ​យ៉ាងណាលោក​​សូម​អរគុណដល់​​ សភាយុវពាណិជ្ជករ​អន្តរជាតិ កម្ពុជា សាខា​ចតុមុខ (JCI) អភិបាលខេត្ត​កែប ក្រសួង​បរិស្ថាន សហព័ន្ធ​សហភាព​យុវជន រួម​ទាំង​ស្ថាប័ន ​​ប្អូនៗ​ក្មួយៗ​​ស្ម័គ្រចិត្ត​ជាច្រើន​ផ្សេង​ទៀត ដែល​បាន​ចុះ​មក​ដាំ​ដើម​កោងកាង នៅ​តំបន់​ឆ្នេរ​ព្រែក​តានេន កាល​ពី​ថ្ងៃ​ទី ៩ ខែ​សីហា​កន្លង​ទៅ។

 

លោក​ថា ​ដើម​កោង​កាង​សំខាន់​ណាស់ ព្រោះ​វា​មិន​ត្រឹម​តែ​​ជួយ​បង្ការ​គ្រោះ​ធម្មជាតិ​ទេ ថែម​ទាំង​ជួយ​ការពារ​ច្រាំង​សមុទ្រមិន​ឱ្យ​បាក់ ជាពិសេស​ផ្ដល់​ជម្រក​ដល់​ជីវចម្រុះ​ និង បក្សីផង​ដែរ៕

 

 

សកម្មភាពក្រុម JCI ដាំដើមកោងកាង នៅព្រែកតានេន ខេត្តកែប

 

 

ចុចអាន៖ អ្នកស្ម័គ្រចិត្ត​ខ្មែរ​បរទេស​រាប់​រយ​នាក់ ចុះ​ដាំ​ដើម​កោងកាង ២ ពាន់​ដើម​នៅ​កែប

ចុចអាន៖ ទស្សនៈ​ខ្លីៗ ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី