• 2015-08-14 18:40:12
  • ព័ត៌មាន

យុវតី​ម្នាក់ ធ្វើ​វីដេអូ​បង្ហាញ​សម្រស់​​ស្រ្តី​ខ្មែរតាំង​ពី​បុរាណ​​ដល់​បច្ចុប្បន្ន

  • 2015-08-14 18:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ ប្រហែល​ជាង​២នាទី​បង្ហាញ​ពី​សម្រស់​ស្រ្តី​ខ្មែរ​​​​តាំង​ពី​ជំនាន់​សម័យ​កាល​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ធ្វើ​ដោយ​យុវតី​ម្នាក់ ដើម្បី​ផ្សព្វផ្សាយ​ពី​សម្រស់​ស្ត្រី​ខ្មែរ​តាម​រយៈ​តុប​តែង​ខ្លួន​តាម​សម័យ​កាល​នីមួយ​ៗ។​

 

ឌូ ពុធម៉ូលីតា ​អ្នក​ដឹក​នាំ​វីដេអូ​ខាង​លើ​​​បាន​ប្រាប់​​ពី​គោល​បំណង​​សំខាន់​ក្នុង​ការ​បង្កើត​វី​ដេអូ​​នេះឡើង​​គឺ​ចង់​ចែក​រំលែក​​និង​​​ផ្សព្វ​ផ្សាយ​​​ទៅ​ដល់​​បងប្អូន​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​រួម​ទាំង​បណ្ដា​ប្រទេស​ដទៃ​ទៀត​ឲ្យ​បានដឹង​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នារី​ខ្មែរ​។​យ៉ាង​​ណា​មិញ​ ម៉ូលីតា ​និយាយ​ថា​​វីដេអូ​នេះ​​​មិន​បាន​បង្ហាញ​គ្រប់​ទម្រង់​ទាំង​អស់​នោះ​ទេ​គឺ​នៅ​ចន្លោះ​ខ្លះ​ៗ​ព្រោះ​តែ​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​។

 

 

​​ចំពោះ​វីដេអូ​​បែប​នេះ​មាន​ភាព​ស្រដៀង​ទៅ​នឹង​​វីដេអូ​បរទេស​ដែល​ធ្លាប់​បាន​ធ្វើ​រួ​ចហើយ​។ បញ្ហា​នេះ ម៉ូ​លីតា ថ្លែង​​ថា នេះ​ជា​គំនិត​រួម​របស់​ពិភព​លោក​ដែល​គេ​ធ្វើដើម្បី​ផ្សព្វផ្សាយ​ពី​ខ្លួន​គេ។ ដោយ​ឡែក​​​នាង ធ្វើ​ដើម្បី​ចែក​រំលែក ​​និង​​​ផ្សព្វ​ផ្សាយ​​​ទៅ​ពិភព​លោក​​ឲ្យ​បាន​យល់​ពី​អ្វី​ដែល​​ជា​វប្បធម៌​ខ្មែរ និង​សម្ផស្ស​នារី​ខ្មែរ​តាម​សម័យ​កាល​​ដែរ។

 

“មាន​ប្រទេស​ជា​ច្រើន​គេ​ធ្វើ​ពាក់​ព័ន្ធ​នឹង​វីដេអូ​ហ្នឹង​ហើយ​បង​ គេ​ធ្វើ​គឺ​បង្ហាញ​ពី​វប្បធម៌​របស់​ប្រទេស​គេ អីចឹង​យើង​ធ្វើ​ដើម្បី​បង្ហាញ​ពី​ប្រទេស​យើង​ដែរ​ទៅ​ ណាមួយ​ក៏​ចង់​ឲ្យ​មាន​គេ​ស្គាល់​ និង​បង្ហាញ​ពី​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ"។ ម៉ូលីតា​ ថ្លែង​។​

 

 

អ្នក​ដឹក​នាំ​​វីដេអូ​​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ស្ទឹង​ត្រែង​រូប​នេះ​ បាន​ប្រាប់​ទៀត​ថា ​ពី​ដំបូង​ឡើយ​​មិត្ត​ភក្តិ​នាង​បាន​ផ្ញើ​វីដេអូ​​បរទេស​មក​ឲ្យ​នាង​មើល​រួច​ហើយ​ក៏​ចាប់​ផ្តើម​​​គិត​គូរ​​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​។​ បន្ទាប់​​មក ម៉ូលីតា ​ក៏​សម្រេច​ចិត្ត​ថា​ធ្វើ​ជា​វីដេអូ​មួយ​បង្ហាញ​ពីប្រវត្តិ​សាស្រ្ត​​សម្រស់​ស្រ្តី​ខ្មែរ​តាំង​ពី​ពី​បុរាណ​រហូត​ដល់​ឆ្នាំ២០១៥នេះ​តែ​ម្តង។

 

ជាមួយ​គំនិត​នេះ ​នាង​ជាមួយ​​ប្អូន​ស្រី​​​បាន​ទៅ​បណ្ណាល័យ​ ស្រាវ​ជ្រាវ​ថា​សម័យ​នី​មួយៗ​គេ​ស្លៀក​ពាក់​យ៉ាង​ម៉េច?​ នាង​បាន​ប្រើ​ពេល​២​អាទិត្យ​ក្នុង​ការ​ស្វែង​រក​នូវ​ឯកសារ​ពាក់​ព័ន្ធ​នានា និង​ចំណាយ​ពេល​ផលិត​ជា​វីដេអូ​មួយ​ថ្ងៃ​ពេញ។

 

លីតា លើក​ឡើង​​ថា “​អូ​បង...​ចំពោះ​វីដេអូ​ហ្នឹង​ខ្ញុំ​​ធ្វើ​ប្រហែល​មាន​ជាង​១០​ជំនាន់​ ទោះ​ជា​យ៉ាង​ណា​គង់​តែ​មាន​កង្វះ​ខាត​ បើ​សិន​ជា​ប្រិយមិត្ត​បាន​ឃើញ​ ថា​មាន​ខ្វះសម័យ​កាល​ណា​មួយ ​​សូម​អភ័យ​ទោស និង​​ជួយ​ប្រាប់​ខ្ញុំ​បន្ថែម​ផង"៕

 

អត្ថបទ៖ ថា ម៉ាលីដា​

​​

មតិយោបល់