/Pchum-Ben(1)/5f6023eb13b71_1600136160_medium.jpg)
- 2020-09-15 02:19:30
- ព័ត៌មាន
ហេតុអ្វីយុវតីមួយចំនួនជ្រើសរើស ការស្លៀកសំពត់ខ្មៅ ជំនួសសំពត់ហូលផាមួង ទៅវត្ត?
- 2020-09-15 02:19:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីយុវតីមួយចំនួនជ្រើសរើស ការស្លៀកសំពត់ខ្មៅ ជំនួសសំពត់ហូលផាមួង ទៅវត្ត?
ចន្លោះមិនឃើញ
គេច្រើនឃើញយុវតី មួយចំនួន ពាក់អាវស ស្លៀកសំពត់ខ្មៅ ដែលខ្លះជាសំពត់វ៉ាល់ ខ្លះជាសំពត់បត់ ជំនួសអាវប៉ាក់ និង សំពត់ហូលផាមួងពេល ដែលពួកគេទៅវត្តអារាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ពិធីបុណ្យផ្សេងៗ។
តើមានមូលហេតុអ្វីខ្លះ នៅពីក្រោយការជ្រើសរើស ការស្លៀកពាក់បែបនេះ?
១. វត្តនៅឆ្ងាយ
យុវតី លាង មុន្នីពេជ្រ ជាសិស្សនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រាប់ឱ្យដឹងថា មូលហេតុដែលនាងជ្រើសរើស ស្លៀកសំពត់ខ្មៅទៅវត្តជំនួសហូលផាមួង គឺដោយសារ វត្តត្រូវធ្វើដំណើរឆ្ងាយ បើស្លៀកសំពត់ហូលអាចប្រឡាក់ធូលីដី។ ពេជ្របានបន្តទៀតថា រដូវភ្ជុំខែវស្សា មានភ្លៀងធ្លាក់ដែលអាចមានផុក ពេលជិះម៉ូតូអាចធ្វើឱ្យទឹក ឬ ផុកខ្ទាតប្រឡាក់សំពត់ហូលផាមួង។ ដូច្នេះ មានតែសំពត់ខ្មៅទេ ទើបងាយស្រួល។
បន្ថែមពីលើនេះផងដែរ យុវតីខាងលើដដែលអះអាងថា នាងក៏មានអាវប៉ាក់សំពត់ហូលផាមួង ដែរ តែនាងស្លៀកសម្រាប់តែពេល ជិះឡាន មេឃគ្មានភ្លៀង និង ទៅវត្តជិតៗប៉ុណ្ណោះ។
២. តម្លៃសំពត់ខ្មៅ និង ហូលផាមួងខុសគ្នា
ណា ម៉ូនិច ជាសិស្សនៃវិទ្យាល័យច្បារអំពៅបានប្រាប់ ឱ្យដឹងថា តម្លៃសំពត់ហូលផាមួងថ្លៃ ជាងតម្លៃនៃសំពត់ខ្មៅឆ្ងាយណាស់។ ម៉ូនិចលើកឡើងថា « សំពត់ហូលខ្លះ មួយក្បិន មួយរយជាងឯណោះ ឯសំពត់ខ្មៅតែ បួន ប្រាំដុល្លារអីក៏ស្លៀកបានដែរ!» ។ សម្រាប់អ្នកដែលគ្មានប្រាក់គ្មានលទ្ធភាពទិញសំពត់ហូលផាមួង មកកាត់ស្លៀកទេ ដូច្នេះសំពត់ខ្មៅ គឺសាមញ្ញបំផុត។ «ខ្ញុំគិតថា មិនទាស់ខុសអីទេ សំខាន់កុំឱ្យតែស្រីៗស្លៀកខ្លី ឬ ស្លៀកខោចូលវត្តបានហើយ! បើត្រឹមសំពត់បត់ខ្មៅ ឬ ភ្លីស្សេ វែងៗអី ខ្ញុំគិតថាមិនអីទេ!»។ ម៉ូនិចបានលើកឡើងយ៉ាងដូច្នេះ។
(រូបតំណាង)
៣. ហូលផាមួងពិបាកថែ
«ស្រីៗ ពិបាកណាស់រឿងស្លៀកពាក់អត់ដូចប្រុសទេ គេស្រួល! ស្រីៗទៅវត្តត្រូវ ស្លៀកហូលផាមួង!» នេះជាការលើកឡើងរបស់ កញ្ញា ឡេង វ៉ាន់ថន។ កញ្ញាបានបន្ថែមទៀតថា កញ្ញាមិនឯកភាពថា ស្លៀកសំពតខ្មៅ ពាក់អាវស ល្អជាងស្លៀកអាវប៉ាក់ហូលផាមួងទេ តែហូលផាមួងពិបាកថែទាំ ដោយកញ្ញាមិនអាចបោកគក់ដោយខ្លួនឯងបានទេ ត្រូវយកទៅហាងដែលមានវិធីសាស្ត្របោកអ៊ុត ហូលផាមួងមិនឱ្យខូចគុណភាព។
«បោកម្ដងអស់ ជិតដប់ដុល្លារ! បើហ៊ានតែប្រឡាក់ស្ដាយរបស់ណាស់!» កញ្ញាបានលើកឡើងបែបនេះ បន្ទាប់ពីបង្ហាញចំណាប់អារម្មណ៍ថា ការស្លៀកសំពត់ខ្មៅទៅវត្តមិនមានអីខុសឆ្គងនោះទេ ឱ្យតែមានចិត្តជ្រះថ្លា ក្នុងការធ្វើបុណ្យ ប៉ុន្តែ ក៏មិនត្រូវស្លៀកខើចលើខើចក្រោមដែរ។
ចុះចំណែកប្រិយមិត្តវិញយល់ដូចពួកគាត់អត់?