• 2016-02-14 19:31:04
  • ព័ត៌មាន

តា ហ៊្វុយសូ៖ អង្គការ​ខ្ញុំ​មាន​​ស្ថានភាព​​ស្រួល​ជាង​មុន

  • 2016-02-14 19:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​អង្គការរបស់​អតីត​តារា​កំប្លែង ស៊ូ សាវ៉ាង ហៅ ហ៊្វុយសូ មាន​ស្ថានភាព​លំបាក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​ពេល​នេះ​​មាន​​ភាព​​ល្អ​​ជាង​មុន​ច្រើន ក្រោយ​មាន​ការ​ជួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជំនួយ​របស់​សប្បុរសជន​ជាហូរហែ​មក​។ នេះ​បើ​តាម​សម្ដី​របស់​លោក ហ៊្វុយសូ។

 

 កញ្ញា នុត រត្ថា

​លោកតា​ ថ្លែង​ថា៖ “តាំង​ពី​​ផ្សព្វផ្សាយ​មក មាន​គេ​ជួយ​ជា​សម្ភារៈ​សិក្សា ជួសជុល​កន្លែង​ស្នាក់នៅ អាហារ​ហូបចុក និង​អំណោយ​ផ្សេង សមាគម​ខ្ញុំ​ស្រួល​ជាង​មុន"។

 

ក្នុង​នាម​ជា​ប្រធាន​អង្គការ លោកបាន​សម្ដែង​ក្ដី​រីករាយ និង​អរគុណ​ដល់​សប្បុរសជនក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ទាំង​អស់ ដែល​តែង​តែ​ជួយជ្រោមជ្រែង ស្រលាញ់ និង​អាណិត​ដល់​ក្មេង​ក្នុង​អង្គការ​របស់​លោក។ ​​

ដោយ​ឡែក ​ព្រឹក​នេះ នៅ​ទីតាំង​អង្គការ​របស់​លោក មាន​កម្មវិធី​មួយ​ឈ្មោះ​ថា «តោះ​ញ៉ាំ​​ជាមួយ​​គ្នា!!!» រៀបចំ​ដោយ​ក្រុមហ៊ុន ROMDOUL និង​​​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សប្បុរសជន។

 

 

លោកតា ហ្វុយសូ

 
 
 

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ROMDOUL កញ្ញា នុត រត្ថា បាន​ឱ្យ​ដឹង​ថា កញ្ញា​ធ្វើ​កម្មវិធី​នេះ​​នៅ​ថ្ងៃ ១៤ កុម្ភៈ​ឡើង​ក្នុង​ដើម្បី​​បណ្ដុះ​គំនិត​យុវវ័យ​ឱ្យ​ចេះ​ជួយ​​ការងារ​សង្គម និង​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​ក្មេងៗ​ជា​កុមារកំព្រា។

 

កញ្ញា​បន្ត​ថា “យើង​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​ជា​ពិសេស​យុវវ័យ ឱ្យ​យល់​ថា ទិវា​នៃ​​​ក្ដី​ស្រលាញ់​​មិន​មែន​ជា​ថ្ងៃ​បុណ្យ​សង្សារ បុណ្យ​តែ​​គូស្នេហ៍​របស់​គាត់ គឺ​ទិវា​នេះ​គាត់​អាច​ចែករំលែក​ក្ដី​ស្រលាញ់ ដល់​ឪពុកម្ដាយ គ្រួសារ បងប្អូន​គាត់ ជា​ពិសេស​អ្នក​ដែល​ខ្វះ​ក្ដី​ស្រលាញ់​ពិត​ប្រាកដ​ដូច​ជា​ក្មេងៗ​ថ្ងៃ​នេះ​អ៊ីចឹង។ អ្នក​ខ្លះ​គាត់​ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល ឪពុកម្ដាយ​ស្លាប់​ចោល​ជាដើម។ នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន!”។

 

ក្រៅ​ពី​កម្មវិធី​ញ៉ាំ​ជាមួយ​​គ្នា​ អង្គការ N.A.C.A ក៏​ទទួល​បាន​អំណោយ​ជាច្រើន​ទៀត​ដូចជា អង្ករ មី ភេសជ្ជៈ សម្ភារៈ​សិក្សា អាហារ​ និង​ថវិកា​មួយ​ចំនួន​។ លោក​តា ហ្វុយសូ ថ្លែង​ថា អំណោយ​ទាំងអស់​នេះ លោក​នឹង​​យក​ទៅ​ផ្គត់ផ្គង់​​លើ​អាហារហូបចុក ការសិក្សា​របស់​ក្មេងក្នុង​អង្គការ និង​សហគម​របស់​លោក ហើយសូមអំពាវនាវ​ឱ្យ​សប្បុរសជន​ នៅ​តែ​បន្ត​ជួយ​ និង​​អង្គការ​កុមារ​កំព្រា​​ផ្សេងទៀត​​ផង​​ដែរ៕

 

 
 

 

តើអ្នក​ចង់​បង្ហាញ​ក្ដី​ស្រលាញ់​​ថ្ងៃ ​១៤ កុម្ភៈ​អត់? តោះ! ទៅ​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់