- 2014-10-28 15:28:51
- ព័ត៌មាន
ពេលដាច់លុយខ្លាំងគួរប្រថុយធ្វើបែបហ្នឹងជាមួយសង្សារអត់ហ្ន៎?
- 2014-10-28 15:28:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលដាច់លុយខ្លាំងគួរប្រថុយធ្វើបែបហ្នឹងជាមួយសង្សារអត់ហ្ន៎?
ចន្លោះមិនឃើញ
ការបង្ហាញពីភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ដោយគ្មានការលាក់បាំង គឺពិតជាមានសារៈសំខាន់ណាស់រវាងមនុស្សពីរនាក់ ដែលស្រលាញ់គ្នា ព្រោះវាបានបញ្ជាក់ពីភក្តីភាពនៃស្នេហាមួយ ដែលទុកចិត្តគ្នា និង គ្មានអាថ៌កំបាំង។ ចុះចំណែកបញ្ហាលុយកាក់វិញ តើគួរតែចែករំលែកគ្នាដែរអត់ នៅក្នុងទំនាក់ទំនងស្នេហា? ជាពិសេសបុរសៗហ្នឹងតែម្ដង បើសិនជាថ្ងៃណាមួយអ្នកដាច់លុយ ឬត្រូវការលុយបន្ទាន់ តើគួរប្រថុយហាមាត់ខ្ចីសង្សារមួយគ្រាសិនដែរអត់? ខ្ចីលុយសង្សារអញ្ចឹង តិចគេថា ប្រុសអន់ទៅ?
បើអញ្ចឹងសាកស្តាប់ យុវជនបួននាក់ខាងក្រោមបញ្ចេញទស្សនៈយ៉ាងម៉េចខ្លះ ជុំវិញបញ្ហាមួយនេះ។
រូបតំណាង
យុវជន តុលា អាយុ ២២ ឆ្នាំ មកពីស្រុកស្អាង ជានិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រាប់ឲ្យដឹងថា៖ " បើខ្ចីលុយសង្សារចាយ គ្រាន់តែដោះទាល់មួយគ្រា ខ្ញុំយល់ថាដូចជាគ្មានបញ្ហាអីទេ ឲ្យតែខ្ចីហើយសងវិញ តែបើខ្ចីហើយស៊ីដាច់ អត់សង ទើបបានជាមនុស្សប្រុសអន់មែន តែបើយល់ល្អមែនទែន កុំខ្ចីអីល្អជាង ព្រោះមនុស្សប្រុស ខ្ចីលុយមនុស្សស្រីស្ដាប់ទៅដូចជាមិនសមសោះ"។
កញ្ញា ដាវី និស្សិតវិទ្យាស្ថានវ៉ាន់ដា បានបញ្ចេញទស្សនៈស្រដៀងនេះដែរថា ៖ " ធ្វើជាមនុស្សប្រុសមិនគួរខ្ចីលុយសង្សារចាយទេ ព្រោះមនុស្សប្រុសដែលមានសង្សារ គួរតែមានលុយជាប់ខ្លួនជានិច្ច ទោះតិច ច្រើនក៏ដោយ តែបើដល់ថ្នាក់ដាច់លុយ ក៏មិនគួរប្រាប់ឲ្យសង្សារខ្លួនដឹងដែរ វាជារឿងមួយគួរឲ្យខ្មាសអៀនណាស់ "។
ផ្ទុយពី យុវជនទាំងពីរខាងលើ សុធា និស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានប្រាប់ឲ្យដឹងដែរថា ៖ " ខ្ញុំក៏ធ្លាប់ខ្ចីលុយសង្សារដែរ តែមិនមែនយកទៅចាយលើអ្វីអត់ប្រយោជន៍ទេ គឺខ្ញុំគ្រាន់តែកុនលុយដោះស្រាយបញ្ហាមួយពេលខ្លីតែប៉ុណ្ណោះ"។
សុធា ថ្លែងបន្ថែមទៀតថា៖ តែទោះជាយ៉ាងណា ខ្ញុំនៅតែគិតថាត្រឹមខ្ចីលុយសង្សារម្ដងម្កាលអញ្ចឹង ដូចជាមិនមែនជារឿងអីធំដំ ឬក៏អន់អីទេ ណាមួយសង្សារខ្ញុំចិត្តទូលាយណាស់ គាត់និយាយដោយបើកចំហជាមួយខ្ញុំទៀតផងថា ជាសង្សារគ្នាមានរឿងអ្វីក៏មិនត្រូវលាក់បាំងគ្នាដែរ។
ស្រដៀងគ្នានេះដែរ យុវជន សីថា អាយុ២៣ ឆ្នាំ ជាបុគ្គលិកផ្នែកលក់នៃក្រុមហ៊ុនឯកជនមួយ បាននិយាយរៀបរាប់ឲ្យដឹងថា ៖ " រឿងលុយកាក់ ខ្ញុំតែងតែចែករំលែកជាមួយសង្សារញឹកញាប់ណាស់ ពីដំបូងខ្ញុំមិនហ៊ានហារមាត់ខ្ចីទេ ខ្លាចសង្សារគិតថាខ្ញុំអន់ ព្រោះខ្លួនជាប្រុស តែដោយសារខ្ញុំមានហេតុផលច្បាស់លាស់ជាមួយគាត់ ណាមួយគាត់ក៏ស្រលាញ់ខ្ញុំស្មោះ ហេតុដូចនេះហើយគ្រាន់តែរឿងខ្ចីលុយមានអីត្រូវខ្លាចទៅ"។
បុគ្គលិកដដែលរូបនេះបានបន្ថែមឲ្យដឹងទៀតថា " ម្យ៉ាងទៀត បើស្រលាញ់គ្នាស្មោះមែន ត្រូវចេះជួយគ្នាពេលគ្រាមានបញ្ហា និងយល់ចិត្តគ្នាទៅវិញទៅមក ទើបថ្ងៃក្រោយអាចឈានទៅដល់ចំណងអាពាហ៍ពិពាហ៍ពិតប្រាកដ"៕
ចុះតើមានមិត្តយុវវ័យណាខ្លះ ធ្លាប់ជួបរឿងបែបនេះ?
អត្ថបទ៖ យិន សំបូរ