• 2016-05-17 16:03:09
  • ព័ត៌មាន

​ស្រូវ​ធ្លាក់​ថ្លៃ អ្នកភូមិ​រកា​២ ​បាន​ប្ដូរ​មក​ដាំ​ឈូក​វិញ

  • 2016-05-17 16:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

តម្លៃ​ស្រូវ​នៅ​មាន​កម្រិត​ទាប និង កង្វះ​ទឹក​ធ្វើ​ស្រែ បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ​មួយ​ចំនួន​នៅ​ភូមិ​រការ​ពីរ ឃុំ​រការ​ជីលឹង ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​ បាន​ផ្លាស់​ប្ដូរ​ទម្លាប់​ពី​ធ្វើ​ដំណាំ​ស្រូវ មក​ដាំ​ឈូក​វិញ។

 

លោក​ ញៀន ពន្លក អាយុ ៤៥ឆ្នាំ រស់នៅ​ភូមិ​រការ២ ឃុំ​រកាជន្លឹង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល លោក​បាន​ប្រកប​រប​ធ្វើស្រែ​ស្រូវ និង​ដាំ​ឈូក​នេះ​ប្រមាណ ១៥ ឆ្នាំ ​មក​ហើយ ប៉ុន្ដែ ២ឆ្នាំ​ចុង​ក្រោយនេះ​លោក​មិន​បាន​ធ្វើ​ដំណាំ​ស្រូវ​ទេ ព្រោះ​កង្វះ​ទឹក និង​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​មានតម្លៃ​ទាប។

 

លោក ​ញៀន ពន្លក​ បាន​រៀបរាប់​ថា ដំណាំ​ឈូក​ដែល​អាច​លក់​បាន​មាន​ដូចជា ក្រអៅ ស្លឹក ផ្លា ផ្លែ​ស្រស់ និង​ផ្លែ​ស្ងួត ប៉ុន្តែ ​លោក​លក់​តែ​ផ្លែ​ឈូក​ស្ងួត​ប៉ុណ្ណោះ ព្រោះ​ផ្លែ​ឈូក​ស្ងួត​មានតម្លៃ​ខ្ពស់។

 

លោក​ញៀន ពន្លក​បាន​អោយ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំនេះ​ឈូក​មាន​ហាងឆេង​ខ្ពស់ ពោល​គឺ​ផ្លែ​ឈូក​ស្ងួត​ក្នុង១គីឡូ​តម្លៃ​ចាប់ពី ៨ ០០០៛ ទៅ ៩ ០០០៛ ដែល​តម្លៃ​នេះ​ គឺ​ខ្ពស់​ជាង​ឆ្នាំមុន​ដែល​មាន​តម្លៃ​ត្រឹមតែ​៣ ៥០០៛​ប៉ុណ្ណោះ។

 

លោក​ញៀន ពន្លក​បាន​បន្ដទៀត​ថា កត្តា​ខាងលើ​នេះ​ហើយ ​ដែល​បណ្ដាល​អោយ​ប្រជាកសិករ​នៅ​ក្នុង​តំបន់​នេះបាន​ផ្លាស់ប្ដូរ​ដោយ​យក​ដីស្រែ​របស់​គាត់​មក​ដាំ​ឈូក​វិញ ដែល​ផ្ទៃដី​សរុប​មាន​ទំហំ​ប្រហែល ៣០ ហិកតារ៕

 

 

 

 

អត្ថបទ៖ ព្រំដែន

មតិយោបល់