• 2016-08-20 12:52:11
  • សេដ្ឋកិច្ច

ជាង២០ឆ្នាំ ក្រសួង​ទេសចរណ៍​ សម្រេច​កែ​សម្រួល​ថ្លៃសំបុត្រ​ចូល​ទស្សនា​អង្គរវត្ត

  • 2016-08-20 12:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-ក្រសួង​ប្រកាស​កែសម្រួល​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ -ការ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច -ការ​បង្កើត​ផលិតផល​ខ្មែរ​ នៅមាន​បញ្ហា​មួយចំនួន សម្រាប់​ទាក់ចិត្ត​ភ្ញៀវ​បរទេស

 

នៅ​ក្នុង​សប្ដាហ៍​នេះ ក្រសួង​ទេសចរណ៍​បាន​ប្រកាស​កែសម្រួល​ថ្លៃ​សំបុត្រ​​ចូល​ទស្សនា​អង្គរ​ដោយ​បាន​ដំឡើង​ថ្លៃ​សំបុត្រ​ជិត​ពាក់​កណ្ដាល ប៉ុន្តែ ការ​អនុវត្ត​ផ្លូវ​ការ​​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ ២០១៧ ខាងមុខ។

 

ការ​កែសម្រួល​ថ្លៃ​សំបុត្រ​ដែល​បាន​រក្សា​​តម្លៃ​អស់​រយៈពេល​ ២២ ឆ្នាំ​​មក​នោះ អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​សម្ដែង​ការ​ព្រួយបារម្ភ​តិចតួច​អំពី​ផល​ប៉ះពាល់​នានា​ដល់​ភ្ញៀវ​បរទេស​មួយ​ចំនួន​ដែល​សាញ​អំពី​តម្លៃ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ការ​ទទូច​ឲ្យ​មាន​ការ​បង្កើន​ផលិតផល​ខ្មែរ​សម្រាប់​លក់​នៅ​តំបន់​ទេសចរ​សំខាន់​ៗ ដើម្បី​កាត់​បន្ថយ​ផលិតផល​បរទេស។

 

 
  • ក្រសួង​ប្រកាស​កែសម្រួល​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ
 

លោក សុង តុងហាប់  អនុប្រធាន​គ្រឹះស្ថាន​អង្គរ​ ដែល​ជា​ការិយាល័យ​លក់​សំបុត្រ​ចូល​អង្គរ​ បាន​ប្រាប់​ Sabay កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ មក​ ការ​លក់​សំបុត្រ​មិន​ដែល​បាន​កែ​សម្រួល​នោះ​ទេ​ គឺ​តម្លៃ​សំបុត្រ​ ២០ដុល្លារ ក្នុង​១ថ្ងៃ។ ដូច្នេះ ហើយ​ទើប​ក្រសួង​ទេសចរណ៍​សម្រេច​កែ​សម្រួល​ដោយ​ឈរ​លើ​កត្តា​បី​យ៉ាង៖

 

១. អតិផរណា និង ​ប្រាក់​ដុល្លារ៖ បើ​គិត​អំពី​អតិផរណា និង ប្រាក់​ដុល្លារ កាល​ពី​អំឡុង​ឆ្នាំ ១៩៩៤ គឺ​នៅ​ទាប​បើ​ប្រៀប​ធៀប​នឹង​ពេល​ឥឡូវ។ កាល​ណោះ ២០ដុល្លារ ស្មើនឹង​ ៣២ ដុល្លារ ៤០ដុល្លារ​ស្មើនឹង​៦៤​ដុល្លារ និង ៦០ដុល្លារ​ស្មើនឹង​៩៥​ដុល្លារ​ នៅ​ឆ្នាំ ២០១៦​នេះ។   ២. ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ៖ ថ្មីៗ​នេះ​​សៀមរាប​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី និង​​ប្រាសាទអង្គរវត្ត​ជាទី​តាំង​ទេសចរណ៍​សម្គាល់​អត្តសញ្ញាណ​ជាតិ​ដ៏​ទាក់ទាញ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ផង​ដែរ ។ ដូច្នេះ​តម្លៃ​សំបុត្រ​ដែល​កែ​សម្រួល​នេះ​មិន​ថ្លៃ​នោះ​ទេ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ដែល​មាន​ប្រាសាទ​ល្អ​បែប​នេះ សំបុត្រ​របស់​គេ​ថ្លៃ​ជាង​យើង​២-៣​ដង​ឯ​ណោះ។   ៣. ការ​ស្ទង់មតិ​ជាមួយ​ភ្ញៀវ​បរទេស៖ ភ្ញៀវ​បរទេស​ប្រមាណ​ជា​៣០០-៤០០​នាក់​ ដែល​ក្រសួង​បាន​ធ្វើ​ការ​ស្ទង់​មតិ​​នៅ​ឯ​ព្រលាន​យន្តហោះ​ កាល​ពី​​ពេល​កន្លង​មក​សុទ្ធតែ​ឯកភាព​លើ​ការ​កែសម្រួល​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​វត្ត។

 

ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍ ​ដែល​បាន​ចុះ​កាលបរិច្ឆេទ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​សីហា​ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ ២០១៧ រាជរដ្ឋាភិបាល​នឹង​កែសម្រួល​តម្លៃ​បណ្ណ​សម្រាប់​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដូច​ខាង​ក្រោម៖   -ប្រភេទ​បណ្ណ​ចូល​ទស្សនា​ ១ថ្ងៃ តម្លៃ ៣៧ ដុល្លារ -ប្រភេទ​បណ្ណ​ចូល​ទស្សនា​ ៣ថ្ងៃ តម្លៃ ៦២ ដុល្លារ (សុពលភាព​១០ថ្ងៃ) -ប្រភេទ​បណ្ណ​ចូល​ទស្សនា​ ៧ថ្ងៃ តម្លៃ ៧២ ដុល្លារ (សុពលភាព​ ១ខែ)   នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ​ដែរ បាន​បញ្ជាក់​ថា នៅ​ក្នុង​តម្លៃ​បណ្ណ​ទាំង​ ៣ ខាង​លើ គឺ ២ ដុល្លារ សម្រាប់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ការ​ព្យាបាល​ជំងឺ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។

 

 
  • ការ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច
  ទោះបី​ជាយ៉ាង​ណា​ក៏ដោយ ការ​កែ​សម្រួល​តម្លៃ​ខាង​លើ លោក ចាន់ សុផល​ អ្នក​សេដ្ឋកិច្ច​ឯក​រាជ្យ​ បាន​មើល​ឃើញ​ថា ការ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​វត្ត​អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ ចំពោះ​ភ្ញៀវ​បរទេស​មួយ​ចំនួន​ (ភ្ញៀវ​មក​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍) ដែល​សាញ​រឿង​តម្លៃ​។ យ៉ាង​ណា លោក សុផល ​មាន​សុទិដ្ឋិនិយម​ថា ការ​កែ​សម្រួល​តម្លៃ​នេះ ​នឹង​បង្កើន​ចំណូល​បាន​មួយ​ផ្នែក​ធំ​សម្រាប់​សេដ្ឋកិច្ច​ជាតិ។   សូមចុចអាន៖  ការ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច

 

  • ការ​បង្កើត​ផលិតផល​ខ្មែរ​ នៅមាន​បញ្ហា​មួយចំនួន សម្រាប់​ទាក់ចិត្ត​ភ្ញៀវ​បរទេស
 

ទាក់ទង​នឹង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​នេះ​ដែរ លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ផលិតផល​ខ្មែរ​នៅ​មាន​បញ្ហា​ខ្លះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស។ បញ្ហា​ទាំង​នោះ​រួមមាន​ កង្វះ​អ្នក​ជំនាញ​ឌីហ្សាញ​ផលិតផល ការ​ដើរ​ទីផ្សារ និង តម្លៃ គឺជា ឧបសគ្គ​មួយ ​នៃ​ការ​លក់​ផលិត​ផល ប្រពៃណី​របស់​កម្ពុជា ឬ​ផលិត​ផល​ជា​អនុស្សាវរីយ៍ ទៅ​ឲ្យ​ភ្ញៀវ​បរទេស។

 

ការ​លើក​ឡើង​ពី​បណ្ឌិត​ ម៉ី កល្យាណ​ បែប​នេះ​ដោយ​សង្កេត​ឃើញ​ថា ភ្ញៀវ​បរទេស​មក​ទស្សនា​នៅ​កម្ពុជា​ច្រើន ប៉ុន្តែ ផលិតផល​ខ្មែរ​ដែល​លក់​សម្រាប់​ភ្ញៀវ​បរទេស​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ភាគច្រើន​ជា​ផលិតផល​បរទេស​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​នៃ​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា។

 

សេដ្ឋកិច្ច​វិទូ​កម្ពុជា​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា  ប្រសិន​បើ​យើង​អាច​បង្កើន​​ផលិត​ផល​អនុស្សាវរីយ៍ ដោយ​លក់​​បាន​កាន់​តែ​ច្រើន​ គឺ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សេដ្ឋកិច្ច គឺ​ស្មើនឹង​ការ​បង្កើន​ការងារ​ បង្កើន​ចំណូល និង ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​ស្គាល់​នូវ​ផលិតផល​របស់​ខ្មែរ ព្រោះ​ពួកគេ​បាន​ទិញ​ផលិតផល​ទាំង​នោះ​ទុក​ជា​អនុស្សាវរីយ៍។

 

សូមចុចអាន៖ សេដ្ឋកិច្ចវិទូ​កម្ពុជា៖ ផលិតផល​ខ្មែរនៅ​មាន​បញ្ហា​ខ្លះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស

 

ទាក់ទង​នឹង​បញ្ហា​នេះ លោក សុង តុងហាប់ អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ អនុប្រធាន​គ្រឹះស្ថាន​អង្គរ បាន​លើក​ឡើង​ថា ក្រសួង​ក៏​ដូចជា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ដោយ​ខិត​ខំ​បង្កើន​ផលិតផល​ខ្មែរ​ផង រួម​ទាំង​សេវាកម្ម​គ្រប់​ប្រភេទ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។ "យើង​បាន​បង្កើន​ផល​ផល​ក្នុង​ស្រុក រួម​ទាំង​សណ្ឋាគារ​ផ្កាយ 4-5 ឲ្យ​ភ្ញៀវ​ស្នាក់​នៅ ហេដ្ឋារចនាសម្ព័ន្ធ គិត​ពី​តម្លៃ និង គុណភាព ដើម្បី​បម្រើ​សេវា​ដល់​ភ្ញៀវ​ទេសចរណ៍"។ លោក សុង តុងហាប់​ មានប្រសាសន៍។

 

ទាក់ទង​នឹង​ការ​កែសម្រួល​តម្លៃ​លើ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​មាន​ទំហំ ៤១០ គីឡូម៉ែត្រ​ការ៉េ អនុប្រធាន​គ្រឹះស្ថាន​អង្គរ បាន​លើកឡើង​ថា៖ "ភ្ញៀវ​ទេសចរ​ពេល​ទិញ​បណ្ណ​១សន្លឹក​​ចូល​ទស្សនា​អង្គរ​មិនមែន​មើល​តែ​អង្គរ​ទេ គឺ​អាច​មើល​បាន​ប្រាសាទ​ជាច្រើន​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​មួយ​នេះ"។

 

ទន្ទឹម​នឹង​នេះ លោក តុងហាប់ បាន​បន្ថែម​ថា នៅ​ក្នុង​តម្លៃ​ថ្មី បណ្ណ​ចូល​ទស្សនា​អង្គរ​​ គឺ​ចំនួន​ ២ ដុល្លារ ដែល​សរសេរ​បញ្ជាក់​នៅ​លើ​បណ្ណ គឺ​ចូលរួម​នៅ​ក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា។ "ពួកគាត់​មក​ទស្សនា​ប្រាសាទ​ដ៏​ប្រណិត​របស់​ខ្មែរ​ហើយ ភ្ញៀវ​បរទេស​ទាំង​អស់​ក៏​បាន​ចូលរួម​ជួយ​ដល់​កុមារ​ក្រីក្រ​ផងដែរ"។  

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​កែ​សម្រួល​តម្លៃ​ខាងលើ ​នឹង​បង្កើន​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាតិ។

 

ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​នៅ​រមណីយដ្ឋាន​អង្គរ​ គឺ​បែង​ចែក​ជា​ពីរ​ គឺ​នៅ​រដូវ Hight Season និង Low Season ។  

-Hight season គិត​ចាប់​ពី​ខែ កញ្ញា រហូត​ដល់​ ខែ​មីនា គឺ​លក់​សំបុត្រ​បាន​ពី ២០ម៉ឺន-៣០ម៉ឺន​ដុល្លារ​ក្នុង​១ថ្ងៃ។ -Low Season គិត​ចាប់​ពី​ខែ មេសា រហូត​ដល់​ខែ សីហា គឺ​លក់​សំបុត្រ​បាន​ពី ១០ម៉ឺន-២០ដុល្លារ ក្នុង​១ថ្ងៃ។ នេះ​ជា​ការ​ប្រាប់​ឲ្យដឹង​ពី​ លោក សុង តុងហាប់៕

 

អត្ថបទ៖ វិបុត្រ

មតិយោបល់