• 2016-09-12 20:51:49
  • ព័ត៌មាន

សហគ្រិន​ឆ្នើម​ នារី​បញ្ច​ពិសី​ ប្រាប់​បី​ចំណុច​​ មុន​ចាប់​បើក​​អាជីវកម្ម​​

  • 2016-09-12 20:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដើម្បី​ជា​ការ​ចែក​រំលែក​ដល់​អ្នក​ដែល​មាន​គំនិត​ចង់​បើក​អាជីវកម្ម សហគ្រិន​​វ័យ​ក្មេង​ឆ្នើម​ផ្នែក​សង្គម​​ឆ្នាំ​២០១៦ ​​អ្នក​ស្រី នាវ នារី​បញ្ច​ពិសី​ បាន​លើក​ឡើង បី​ចំណុច​សំខាន់​ៗ​​​​ ​ជា​បទ​ពិសោធន៍​​ផ្ទាល់​ខ្លួន​ក្នុង​ការ​គិត​គូរ​មុន​ឈាន​ដល់​ការ​បង្កើត​ជំនួញ​ដោយ​ខ្លួន​ឯង។

 

អ្នក​ស្រី​នាយិកា​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd. បាន​​និយាយ​ថា​ ការ​​បើក​អាជីវកម្ម​មួយ​​ អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​ការ​ស្រលាញ់​ចូល​ចិត្ត។ នៅ​ពេល​​ដែល​​​មាន​ក្ដី​ស្រលាញ់​​ពេញ​ចិត្ត​ធ្វើ​វា​ ​នោះ​អ្នក​ធ្វើ​​អាជីវកម្ម​​​នឹង​មាន​ចិត្ត​ចង់​រីក​ចម្រើន​ទៅ​មុខ​​​ ដោយ​​មិន​ធុញ​ទ្រាន់។ ​​​​​​​​​

 

១. ការ​ស្រលាញ់ ៖ “សម្រាប់​​អាជីវកម្ម​ទាំង​អស់​ បង​នៅ​តែ​ប្រើ​ពាក្យ​១​ម៉ាត់​ថា បើ​អត់​ស្រលាញ់​កុំ​ធ្វើ​...ធំ​បំផុត​​ទាល់​តែ​យើង​ស្រលាញ់។​" នេះ​​បើ​តាម​សម្ដី​របស់​សហគ្រិន​​វ័យ​ក្មេង​ឆ្នើម​ផ្នែក​សង្គម​ ឆ្នាំ​២០១៦។ ​

 

អ្នក​ស្រី បញ្ច​ពិសី​ បាន​លើក​ឡើង​ពី​ឧទាហរណ៍​ជាក់​ស្ដែង ពី​ក្រុមហ៊ុន​របស់​ខ្លួន​​ដែល​ជោគ​ជ័យ​​មក​ទល់​សព្វ​ថ្ងៃ​ក៏​ដោយ​សារ​តែ ​​​ដៃ​គូ​សហការ​​​ចេះ​​ស្រលាញ់​ការងារ​ដូច​ៗ​​គ្នា។ សហគ្រិន​រូប​នេះ​និយាយ​ថា៖ "​​​ អ៊ីចឹង​បង​​គិត​ថា Business​ កាល​ណា​យើង​ស្រលាញ់​ទើប​​យើង​លូក​ដៃ​បាន​កប់ ​ ហើយ​​ទៅ​ធ្វើ​ការ​ជា​មួយ​ហ្នឹង​​វា​​ អត់​ចេះ​​ធុញ​ទ្រាន់​"។

 

អ្នក​ស្រី បញ្ច​ពិសី​ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​មាន​ទឹក​ចិត្ត​ស្រលាញ់​ គឺ​មិន​ធុញ​ទ្រាន់​​នឹង​​ការងារ​ជំនួញ​នោះ​ឡើយ​ទោះ​ធ្វើ​ការ​​ច្រើន​ឆ្នាំ​ក៏​ដោយ​ ​ថែម​ទាំង​រីក​រាយ​នឹង​ការងារ​នោះ​ទៀត​ផង។

 

២. គោល​ដៅ​ ៖ លោក​ស្រី​នាយិកា​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) បាន​និយាយ​ថា បន្ទាប់​ពី​មាន​ក្ដី​ស្រលាញ់​ហើយ​ ត្រូវ​មាន​គោល​ដៅ ​ហើយ​គោល​ដៅ​​​នោះ​ត្រូវ​​តែ​ច្បាស់​លាស់​ ​ទើប​​អាច​សិក្សា​​​​ដឹង​ថា ​ត្រូវ​​ឆ្លង​កាត់​​អ្វី​ខ្លះ​ដើម្បី​​​ឲ្យ​ដល់​គោល​ដៅ​ដែល​ចង់​បាន​នោះ។

 

សហគ្រិន​ដែល​មាន​​ស្រុក​កំណើត​នៅ​​​ភ្នំពេញ​រូបនេះ​ បាន​​​លើក​ឧទាហរណ៍​​ថា នៅ​ពេល​​បើក​ក្រុមហ៊ុន​មួយ អ្នក​​បើក​ត្រូវ​គិត​ច្បាស់​ថា​ ​គោល​ដៅ​របស់​​​ក្រុមហ៊ុន​ចង់​បាន​អ្វី? អតិថិជន​​​របស់​ខ្លួន​ជា​នរណា? ​​​

 

៣. ក្រុម​ការងារ ៖ ក្រោយ​ពី​រៀប​ចំ​គោល​ដៅ​ច្បាស់​លាស់​​ហើយ សហគ្រិន​ជោគ​ជ័យ​​ខាង​លើ​​​បាន​ឲ្យ​​តម្លៃ​ទៅ​លើ​​ក្រុម​ការងារ ដោយ​អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ​បើ​​គ្មាន​ការ​គាំ​ទ្រ​ពី​ក្រុម​ការងារ​ផ្ទាល់ ទាំង​ដៃ​គូ កិច្ចការ​អាជីវកម្ម​​នោះ​មិន​អាច​ដំណើរ​ការ​បាន​ឡើយ ព្រោះ​ត្រូវ​ការ​សហការ​ជា​ក្រុម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

 

គួរ​រំលឹក​ផង​ដែរ​ថា អ្នក​ស្រី​ នាវ នារី​បញ្ច​ពិសី មុន​ឈាន​ទៅ​ដល់​ភាព​ជោគជ័យ​​​នោះ អ្នក​ស្រី​ធ្លាប់​​ឆ្លង​កាត់​ការ​រៀន​សូត្រ​ពី​បទ​ពិសោធ​​ន៍​ការងារ​​ជាច្រើន។

 

អ្នក​ស្រី បញ្ចពិសី បាន​ចាប់​ផ្ដើម​​​​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ នៅ​ក្នុង​​ឆ្នាំ​២០១៣ ក្រោយ​លា​ឈប់​ពី​​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ចាស់​។ មក​ទល់​ពេល​នេះ​អ្នក​ស្រី​​មាន​ក្រុមហ៊ុន​បី​​​ គឺ​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd. សណ្ឋាគារ និង ក្រុមហ៊ុន​​​ទទួល​រៀប​ចំ​​កម្មវិធី​ផ្សេងៗ​ ហើយ​បន្ត​បើក​នូវ​មុខ​ជំនួញ​ដទៃ​ទៀត ដូច​ជា​ប្រតិបត្តិករ ឥណទាន (ថវិកាហ្វាយនិន) និង​ជំនួញ​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត ហើយ​ក៏​គ្រោង​បើក​បន្ថែម​នៅ​ពេល​ខាង​មុខ​ផង​ដែរ៕ ​​

 

ចុចអាន៖  នាវ នារី​បញ្ច​ពិសី៖ ខ្ញុំ​ធ្វើ​ការ​ឲ្យ​គេ​១២​ឆ្នាំ ទើប​បង្កើត​បាន​​ក្រុមហ៊ុន​ខ្លួន​ឯង

 

អត្ថបទ៖ មាន រតនា

មតិយោបល់