- 2014-11-05 12:00:27
- ព័ត៌មាន
យុវវ័យខេត្តព្រះសីហនុនិយាយពីបញ្ហាគ្រឿងញៀន
- 2014-11-05 12:00:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យខេត្តព្រះសីហនុនិយាយពីបញ្ហាគ្រឿងញៀន
ចន្លោះមិនឃើញ
យុវវ័យមួយចំនួនក្នុងខេត្តព្រះសីហនុ បានជួបជុំគ្នាលើកជាកង្វល់ពីបញ្ហាគ្រឿងញៀនដែលបង្កជាបញ្ហាដល់សង្គម។ ក្ដីបារម្ភរបស់យុវវ័យដោយសារ គ្រឿងញៀនបានបង្កើត បញ្ហាដូចជា ឧក្រិដ្ឋកម្ម, ជម្លោះក្នុងគ្រួសារ, និង ការបាត់បង់ធនធានមនុស្ស គឺជាឥទ្ធិពលអាក្រក់សម្រាប់សង្គមនាពេលបច្ចុប្បន្ន។
រូបតំណាង (រូបភាព៖ បរទេស)
កញ្ញា ពេជ្រ សូនីតា និស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យឡាហ្វ ក្នុងខេត្តព្រះសីហនុ បាននិយាយកាលពីពេលថ្មីៗនេះថា “មានពេលខ្លះខ្ញុំមានការភ័យខ្លាចណាស់នៅពេលដែលខ្ញុំបានឃើញអ្នកញៀនថ្នាំ”។
យុវជនម្នាក់ទៀត ឈ្មោះ មាស ខេមរ៉ា និស្សិតឆ្នាំទី ៤ ផ្នែកគ្រប់គ្រង នៃសាកលវិទ្យាល័យក្នុងខេត្តព្រះសីហនុ និង ជាបុគ្គលិកនៅសាលាអន្ដរជាតិអ៊ីលតុន បានលើកឡើងថា រាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល បានប្រឹងប្រែង បង្រ្កាប និងលុបបំបាត់គ្រឿងញៀន ប៉ុន្ដែបញ្ហានៅតែមិនទាន់អស់នៅឡើយ។ លោកបាននិយាយថា “គ្រឿងញៀន បានបំផ្លាញកោសិកាសង្គមមួយនេះ ប្រសិនបើចង់ឲ្យធនធានមនុស្សមានការរីកចម្រើនទៅមុខបានឆាប់រហ័ស ដូច្នេះត្រូវលុបបំបាត់គ្រឿងញៀនឲ្យអស់”។
ដើម្បីផ្លាស់ប្ដូរ ឬប្រឆាំងនឹងអំពើជួញដូរគ្រឿងញៀនបានប្រសិទ្ធិភាព ចូលត្រូវចាប់ផ្ដើមពីអ្នកក្នុងចំណោមមនុស្សនៅលើផែនដីចំនួន ៧ ពាន់លាននាក់ ដោយនិយាយពាក្យថា “ទេ”។ យុវជន ជា សុធារ និយាយ។ យុវជនរូបនេះ បានពន្យល់ថា “ប្រសិនបើយើងម្នាក់ៗប្ដេជ្ញាចិត្តឈប់ប្រើប្រាស់គ្រឿងញៀនហើយហ៊ាននិយាយពាក្យថាទេនោះ គ្រឿងញៀននឹងលែងមាននៅក្នុងសង្គមកម្ពុជាជាមិនខាន។
ក្នុងនាមជាយុវជនម្នាក់ ត្រូវតែបង្កើតនូវអ្វីដែលថ្មីល្អៗ សម្រាប់ប្រទេសជាតិក៏ដូចជាពិភពលោកនេះ។ ដូច្នេះ យុវជនត្រូវលះបង់គ្រឿងញៀន ដោយងាកមកលេងកីឡា រៀនសូត្រ និង ធ្វើការងារផ្សេងៗ ដែលជាការងារស្ម័គ្រចិត្តរបស់អង្គការណាមួយដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិមួយនេះ។ សុធារ និយាយ។
បច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន ដោយក្នុងនោះ សមត្ថកិច្ចបានចាប់បានទាំងអ្នកផលិត និង ជួញដូរថ្នាំញៀនជាបន្ដបន្ទាប់ ដោយក្នុងនោះក៏មានមន្រ្តីធំៗមួយចំនួនផងដែរ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា