- 2016-12-05 02:28:58
- ព័ត៌មាន
បឹងស្នេហ៍ កន្លែងមើលសត្វស្លាបច្រើនប្រភេទរាប់ម៉ឺនក្បាលដ៏កម្រ គេមិនសូវស្គាល់
- 2016-12-05 02:28:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងស្នេហ៍ កន្លែងមើលសត្វស្លាបច្រើនប្រភេទរាប់ម៉ឺនក្បាលដ៏កម្រ គេមិនសូវស្គាល់
ចន្លោះមិនឃើញ
សត្វស្លាបច្រើនប្រភេទរាប់សិបម៉ឺនក្បាលដែលហោះជាក្រុមៗមកទំជ្រកនៅព្រៃលិចទឹករាល់ល្ងាចនៅបឹងស្នេហ៍ ក្លាយជាទិដ្ឋភាពយ៉ាងស្អាតបែបធម្មជាតិជាមួយនឹងសំឡេងស្រែកឆ្លើយឆ្លងកងរំពងលាន់ឮពេញព្រៃលិចទឹកទំហំ ៨០ ហិកតា ធ្លាយដល់ផ្ទៃជលសារបឹងស្នេហ៍ ២៧៧៦ ហិកតា ដែលព័ទ្ធជុំវិញព្រៃនោះ។
សត្វមានច្រើនរហូតដល់ថ្នាក់ទំស្ទើរងាប់ដើមឈើ ពោលគឺដើមឈើជ្រុះស្លឹកអស់សល់តែមែកច្រងេងច្រងាង ខណៈទិដ្ឋភាពកម្រមាននេះ ទេសចរអាចឃើញនៅទួលអភិរក្សព្រៃព័ន្ធតាឡី បឹងស្នេហ៍ ក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សត្វស្លាបទាំងនេះជាពពួកសត្វផ្លាស់ទី ដូចជា ននាល ក្រៀលខ្យង ទុង ក្រសារ កុក ក្អែកទឹក។ ទេសចរអាចទៅមើលសត្វបានចាប់ពីខែកក្កដា ដល់ វិច្ឆិកា តែចន្លោះខែកញ្ញា និងតុលា ជាពេលសម្បូរសត្វគ្រប់ប្រភេទជាងគេ។ ឯខែវិច្ឆិកា សម្បូរតែសត្វកុកប៉ុណ្ណោះ។ នេះយោងតាមលោក ផាន់ យ៉ន អ្នកប្រចាំការនៅមជ្ឈមណ្ឌលអភិរក្សធនធានធម្មជាតិ និងទេសចរណ៍បឹងស្នេហ៍ ព្រៃព័ន្ធតាឡី បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក»។
ប្រជាសហគមន៍អភិរក្សសត្វស្លាបនៅទួលព័ន្ធតាឡីរូបនេះ ថា៖ "សត្វ [ស្លាប] មានរាប់សែនក្បាល ហើយហើរមកពីបាត់ដំបង រតនគិរី និងកំពង់ធំ មកជ្រក និងរកស៊ីនៅណឹង បន្ទាប់ពីអភិរក្សតាំងពីឆ្នាំ២០១១ មកម៉េះ។ ឲ្យតែល្ងាចម៉ោង ៥ ឬ ៥ ជាង សត្វដឹងតែហោះមកជ្រកនៅព្រៃណឹង"។
ការធ្វើដំណើរតាមកាណូតពីដីគោក ចំណាយពេលជិត ១៥ នាទីលើចម្ងាយផ្លូវទឹក ២ គីឡូម៉ែត្រ នឹងទៅដល់ព្រៃលិចទឹកដែលគេមិនសូវស្គាល់ និងកម្រមានមនុស្សទៅដល់៕