- 2016-12-05 02:52:19
- សេដ្ឋកិច្ច
សក្ដានុពលសំខាន់របស់កម្ពុជា៦ចំណុច ទាក់ទាញអ្នកវិនិយោគបរទេស
- 2016-12-05 02:52:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក្ដានុពលសំខាន់របស់កម្ពុជា៦ចំណុច ទាក់ទាញអ្នកវិនិយោគបរទេស
ចន្លោះមិនឃើញ
បច្ចុប្បន្ន កម្ពុជាមានលក្ខណៈពិសេសជាច្រើនដែលអំណោយផល ក្នុងការទាក់ទាញអ្នកវិនិយោគិនបរទេស។ នេះជាផ្នែកមួយដែលបង្ហាញពីការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា នាពេលឆាប់ៗខាងមុខ។ នាព្រឹត្តិការណ៍ជួបជុំ ធុរកិច្ចកម្ពុជា-ចិន ថ្មីៗកន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងនូវសក្ដានុពលពិសេសៗរបស់ប្រទេស ជាការទាក់ទាញវិនិយោគិនដូចខាងក្រោម៖
ទី១៖ កម្ពុជាមានភាពអំណោយផលនៃដី អាកាសធាតុ ធនធានធម្មជាតិ កេរដំណែលប្រវត្តិសាស្ត្រ ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ កោះ ទន្លេ បឹងបួ និងព្រៃព្រឹក្សា។ សក្ដានុពលទាំងនេះ ដែលកំពុងរង់ចាំការ ការវិនិយោគ និងការអភិវឌ្ឍ។
ទី២៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញក្នុងប្រទេស ដែលធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងអត្រាកំណើនជាមធ្យម ៧,៧% ក្នុងរយៈពេលជាង២ ទសវត្សកន្លងទៅ។ នៅក្នុងឆ្នាំ២០១៦នេះ អត្រាកំណើន នឹងសម្រេចក្នុងរង្វង់ ៧% ខណៈដែលអតិផរណា ស្ថិតនៅក្រោមភាព គ្រប់គ្រងបានក្នុងអត្រាមិនលើសពី ៣%។
ទី៣៖ ភាពបើកចំហសេដ្ឋកិច្ចដោយមិនរើសអើងរវាងអ្នកវិនិយោគកម្ពុជា ឬអ្នកវិនិយោគបរទេស។ កម្ពុជាបានបើកចំហគ្រប់វិស័យ រួមទាំងវិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ជាទូទៅប្រទេសជាច្រើននៅលើពិភពលោក មិនអនុញ្ញាតឲ្យអ្នកវិនិយោគបរទេសធ្វើការវិនិយោគ ១០០% ដោយគ្មានការចូលរួមពីសំណាក់អ្នកវិនិយោគជាតិលើវិស័យទាំងនោះ។
ទី៤៖ ភាពសម្បូរបែប និងកម្លាំងពលកម្មវ័យក្មេង។ កម្ពុជាមានកម្លាំងពលកម្មប្រមាណ ២ភាគ៣ នៃប្រជាជនសរុប។ ប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប។ កម្លាំងពលកម្មនេះត្រូវព្យាករណ៍ថា នឹងបន្តកើនឡើងនៅក្នុងអំឡុងពេល ២ទៅ៣ ទសវត្សទៅមុខទៀត។
ទី៥៖ កម្ពុជាមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ី និងស្ថិតនៅតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជារោងចក្រនៅអាស៊ី។
ទី៦៖ ទំនិញផលិតនៅកម្ពុជាបានទទួលនូវការអនុគ្រោះ ក្រោមរបប "អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ" គឺពន្ធសូន្យដោយគ្មានកំណត់បរិមាណពីសហភាពអឺរ៉ុប និងការបង់ពន្ធនាំចូលតាមអត្រាទាបចូលទីផ្សារធំៗដទៃទៀត។ ក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ទំនិញផលិតនៅកម្ពុជា នឹងអាចនាំចូលគ្រប់ទីផ្សារប្រទេសសមាជិកអាស៊ានដោយពុំជាប់ពន្ធនាំចូល៕