• 2016-12-15 05:03:30
  • ព័ត៌មាន

មុន​ឡើង​ភ្នំ​សន្ទុក ត្រូវ​ដឹង​រឿងរ៉ាវ ៧ចំណុច​នេះ

  • 2016-12-15 05:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​សន្ទុក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រមណីយដ្ឋាន​ធម្មជាតិ​ផង និង ប្រវត្តិសាស្ត្រ​ផង ដែល​ល្បីល្បាញ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។ រមណីយដ្ឋាន​នេះ មាន​ចម្ងាយ​ប្រមាណ​ជា ១៧គីឡូម៉ែត្រ ពី​ទីរួមខេត្ត ស្ថិត​នៅ​ក្នុង​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​សន្ទុក។ តើ​នៅ​លើ​ភ្នំ​សន្ទុក​មាន​ប្លែក​ និង​ជាទី​ចាប់​អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេសចរ? ឆ្លើយ​តប​នឹង​សំណួរ​នេះ គឺ​ភ្នំ​សន្ទុក​មាន​តំបន់​ពិសេស​ចំនួន​៧ ដែល​ជាទី​ចាប់​អារម្មណ៍ និង ត្រូវ​ដឹង​មុន​ទៅ​លេង​ភ្នំ​សន្ទុក៖

-ទី១. ផ្លូវ​ឡើង​ភ្នំ​សន្ទុក៖ ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​សន្ទុក​គឺ​មាន​មធ្យោបាយ​ចំនួន​ពីរ គឺ​ទី ១ អាច​ធ្វើដំណើរ​ដោយ​យានយន្ត​ ឬ ម៉ូតូ​ តាម​ផ្លូវ​ក្រវៀចក្រវៀន តាម​ចង្កេះ​ភ្នំ​រហូត​ដល់​កំពូល​ភ្នំ​ តាមរយៈ​ថ្នល់​ចាក់​បេតុង​យ៉ាង​មាំ និង មាន​ចំណត​យានយន្ត​យ៉ាង​ធំ​ទូលាយ​ផងដែរ។ ទី២. ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង តាម​រយៈ​កាំជណ្ដើរ​ពី​ជើង​ភ្នំ​ដល់​កំពូល​ភ្នំ ដែល​មាន​កាំជណ្ដើរ​សរុប​ចំនួន ៨០៩ កាំ។

*ផ្លូវថ្មើរជើង ដោយ​ដើរ​តាម​ជណ្ដើរ​ឡើង​នេះ ៨០៩កាំ កាលពី​មុន​មាន​អ្នកសែង​អង្រឹង​ឡើង​*

-ទី២. ពុទ្ធបដិមា៖ នៅ​លើ​កំពូល​ភ្នំ​មាន​រូប​ព្រះពុទ្ធ​បដិមា​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឡើង​ពី​ថ្មភ្នំ ឥរិយាបថ​ចូល​ព្រះ​និព្វាន​ ដែល​មាន​ប្រវែង​ ១០ ម៉ែត្រ និង មាន​រូប​ចម្លាក់​ព្រះ​ព្រះពុទ្ធរូប​ដទៃ​ទៀត​ដែល​ហាក់​ដូចជា​ផុស​ចេញ​ពី​ថ្ម​ភ្នំ​អញ្ចឹង។

*រូមចម្លាក់​នៃ​ពុទ្ធបដិមា ធ្វើ​ពី​ថ្មភ្នំ​ ឥរិយាបថ​ចូលព្រះនិព្វាន*

-ទី៣. ប្រាសាទ​តេជោ​ក្រហម​ក៖ នៅ​លើ​កំពូល​ភ្នំ​នេះ​មាន​ប្រាសាទ​មួយ​ល្បី​ស័ក្ដិសិទ្ធិ នោះ​គឺជា​ប្រាសាទ​តេជោ​ក្រហម​ក ដែល​ប្រាសាទ​នេះ​មាន​ជាប់​ទាក់ទង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ផង និង អប្បិយជំនឿ​ផង។ លោក​ យាយ ម៉ៅ អ្នក​ថែ​រក្សា​កន្លែង​អ្នកតា​ក្រហម​ក លើ​ភ្នំ​សន្ទុក​និយាយ​ថា នៅ​ប្រាសាទ​នេះ​មាន​មាន​អ្នក​បន់ស្រន់​ជាហូរហែ​ព្រោះ​តែ​ការ​បួងសួង​ច្រើន​បាន​សម្រេច។  "កូន​អើយ! អ្នក​មក​បន់​ច្រើន​ណាស់ ខ្លះ​មក​បន់​ឲ្យ​ការ​ចូល​ចែចូវ​បាន​សម្រេច រកស៊ី​មាន​បាន ប្រលង​ជាប់ ខ្លះ​សុំ​កូន​ក៏​មាន។ ការ​ប្រាថ្នា​ទាំង​អស់​ច្រើន​បាន​សម្រេច"។

*ប្រាសាទ​តេជោក្រហមក*

-ទី៤. ចម្លាក់​សុដន់​ក្រមុំ និង​មេម៉ាយ អម​រណ្ដៅ​អណ្ដូង​តា​ប្រេង៖ នៅ​ក្បែរ​ប្រាសាទ​តេជោ​ក្រហម​ក គឺ​មាន​រូប​ចម្លាក់​ពីរ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ គឺជា​រូប​ចម្លាក់​សុដន់​ក្រមុំ និង មេម៉ាយ ហើយ​នៅ​កណ្ដាល​នៃ​រូប​ចម្លាក់​នេះ មាន​រូប​រណ្ដៅ​អណ្ដូង​តា​ប្រេង​មួយ ដែល​ភ្ញៀវ​ទេសចរ​ទៅ​ហើយ​រមែង​ធ្វើ​ពិធី​បន់ស្រន់។ តាម​ពិត​រូបចម្លាក់ និង រណ្ដៅ​នេះ គឺ​ជា​ដំណើរ​ព្រេង​មួយ​ដែល​បាន​ដំណាល​មក​ថា រណ្ដៅ​នោះ​គឺជា​កន្លែង​បញ្ចុះ​សព​អតីត​ព្រះមហាក្សត្រ​មួយ​អង្គ ​នៃ​សម័យ​បុរាណ ដែល​កាល​នោះ​ស្ដេច​អង្គ​នេះ​បាន​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​​ចូលចិត្ត​ស៊ីសាច់​ព្រៃ តែ​ក្រោយ​មក​ក៏​កាប់​សម្លាប់​ស្ត្រី​ (សម្លាប់​ស្ត្រី​យក​កន្សោម​ដោះ​ស្រីៗ​ដើម្បី​​ធ្វើ​ជា​ក្រយា​ឲ្យ​ទ្រង់​សោយ) និង​ក្រោយ​មក​ត្រូវ​ស្ដេច​ជំនាន់​ក្រោយ​ដឹង​រឿង​ក៏​ព្រមព្រៀង​គ្នា​ជាមួយ​នឹង​ប្រជារាស្ត្រ ដើម្បី​ចាប់​កំហុស​ស្ដេច​នោះ​ ដើម្បី​កាត់​ទោស​ធ្វើ​គុត ហើយ​ក៏​ទម្លាក់​សព​ចូល​ទៅ​ក្នុង​រណ្ដៅ​នេះ​តែម្ដង។ ចំពោះ​រូប​ចម្លាក់​សុដន់​ពីរ​នោះ គឺ​យើង​សង់​ឡើង​ដើម្បី​ជា​និមិត្តរូប ​នៃ​ការ​ពញ្ញាក់​អារម្មណ៍​ដល់​ទង្វើ​ឃោរឃៅ​គ្មាន​មនុស្ស​ធម៌​ក្នុង​រឿង​ព្រេង​នោះ និង​ចង់​ដាស់តឿន​ឲ្យ​មនុស្ស​គ្រប់គ្នា​កុំ​មាន​គំនិត​ប្រព្រឹត្តិ​ទង្វើ​បែប​នេះ​ទៀត។

*អណ្ដូង​ដែល​គេ​បោះសព​ព្រះមហាក្សត្រ​ក្នុង​រឿង​ព្រេង ដែល​បាន​សម្លាប់​មនុស្ស​ស្រី​*
*ចម្លាក់​សុដន់តូច​នេះ តំណាង​ឲ្យ​សុដន់​ក្រមុំ ដែល​ស្ដេច​សម្លាប់​រួច​កន្សោមដោះ​ធ្វើជា​ក្រយា​សោយ*
*ចម្លាក់​សុដន់​ធំ តំណាង​ឲ្យ​ស្រ្តី​មានគូរ ឬ មាន​ប្ដី*

-ទី៥. ប្រាសាទ​ថ្ម​អណ្ដែត៖ ភ្ញៀវ​ទេសចរ​ជាច្រើន​នៅ​ពេល​បាន​ទៅ​ដល់​ភ្នំ​សន្ទុក​ក៏​មិន​សូវ​រំលង​ទៅ​មើល​ថ្ម​អណ្ដែត​ដែល​គេ​ដាក់​នៅ​ក្នុង​កញ្ចក់​ទឹក​មួយ ហើយ​ថ្ម​មួយ​ដុំ​នោះ​អណ្ដែត​លើ​ទឹក ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​ជឿ​ថា មាន​បារមី​ស័ក្ដិសិទ្ធិ​បន់ស្រន់​អ្វី​តែង​បាន​សម្រេច​ដូច​បំណង​ប្រាថ្នា។ លោក​យាយ បូ ថុល អ្នក​ថែរក្សា​ថ្ម​អណ្ដែត ជាង​១០​ឆ្នាំ បាន​និយាយ​ថា  បារមី​ថ្ម​អណ្ដែត​បាន​ជួយ​មនុស្ស​ច្រើន​ពី​ក្រីក្រ​ទៅ​ជា​អ្នក​មាន​ធូរធារ​ដូច្នេះ​ហើយ​ទើប​មាន​អ្នក​មក​បន់ស្រន់​ជាហូរហែ។

*ថ្មអណ្ដែត នៅ​ភ្នំសន្ទុក ដែល​មាន​អាយុកាល​ជាង ២០ឆ្នាំ​មក​ហើយ​ ក្រោយ​ពី​បាន​យក​មក​ពី​ព្រៃភ្នំ​មក​តម្កល់​ទុក​នៅ​ទី​នេះ*

-ទី៦. កន្លែង​បោះ​កាក់​ផ្សង៖ ចុះ​ពី​លើ​កំពូល​ភ្នំ​មក​ក្រោម​បន្តិច​នៅ​ខាង​ឆ្វេង​ដៃ​មាន​ផ្លាក​មួយ​សរសេរ​ប្រាប់​ថា "កន្លែង​បោះ​កាក់"។ ទី​នេះ​ល្បី​ស័ក្ដិសិទ្ធិ​ថា ប្រាថ្នា​អ្វី​ច្រើន​បាន​សម្រេច ជា​ពិសេស​ការ​ប្រាថ្នា​ផ្សង​រក​គូព្រេង និង​រកស៊ី​មាន​បាន។ ការ​ប្រាថ្នា​បាន​ឬ​មិន​បាន​ គឺ​មាន​តម្រុយ​ពីរ។ ទី១ បើ​បោះ​កាក់​ចូល​តាម​ចន្លោះ​នៃ​រង្វះ​ភ្នំ​មួយ​លាន់ឮ​ស្នូរ​ក្រឺង​ៗ បាន​សេចក្ដី​ថា សេចក្ដី​ប្រាថ្នា​នឹង​បាន​សម្រេច និង ទី ២ អត់​ឮ​អី​ គឺ​គ្រាន់​តែ​បាន​បុណ្យ​កុសល។ នេះ​បើ​តាម​អ្នក​ភូមិ​ប្រាប់​ឲ្យ​ដឹង។

*កន្លែង​បោះកាក់*

-ទី៧. ហ្វូស្វា៖ នៅ​លើ​ភ្នំ​សន្ទុក​មាន​ហ្វូង​ស្វា​មិន​ក្រោម​ ២០០ ក្បាល​នោះ​ទេ។ ហ្វូង​ស្វា​ទាំង​នេះ​បាន​បែងចែក​ជា​ ៣ ក្រុម ហើយ​ក្រុម​និមួយៗ​មិន​ត្រូវ​គ្នា​ បើ​ជួប​គ្នា​នឹង​ខាំ​គ្នា​មិន​ខាន។ មួយ​ទៀត​ប្រសិន​បើ​ភ្ញៀវ​ទេសចរ​លេងសើច​ជាមួយ​ស្វា​បែប​បន្លាច​ វា​នឹង​ខាំ​មិន​ខាន ប៉ុន្តែ បើ​បោះ​ចំណី​អី​មិន​ជា​អ្វី​ទេ។ តែ​ត្រូវ​ប្រយ័ត្ន​របស់របរ​ផង​ណា តែ​ប្រហែស​ស្វា​ឆក់​យក​បាត់។

*ស្វាមួយ​ក្បាល​ក្នុង​ចំណោម​ស្វា​ ២០០ ក្បាល​នៅ​ភ្នំ​សន្ទុក*

ទាំង​ ៧​ចំណុច​ខាង​លើ​នេះ គឺជា​ចំណុច​សំខាន់​ៗ​របស់​ភ្នំ​សន្ទុក ប៉ុន្តែ នៅ​មាន​ច្រើន​ទៀត ដែល​ភ្ញៀវ​ទេសចរ​អាច​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​នៅ​ផ្ទាំង​រូបភាព​ និង ខ្យល់​ធម្មជាតិ ដ៏​ល្អ​ផូរផង់ ហើយ​ភ្ញៀវ​ទាំង​ឡាយ​ក៏​អាច​មើល​ពី​លើ​កំពូល​ភ្នំ​ចុះ​មក​ក្រោម​ឃើញ​សម្រស់​ផ្ទះ​អ្នកភូមិ វាលស្រែ នៃ​ស្ថានភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ​ ទាំង​មូល​ផងដែរ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់