• 2017-03-07 07:43:16
  • ព័ត៌មាន

អង្គរសង្រ្កាន្តឆ្នាំនេះកាន់តែអស្ចារ្យ ចាប៉ីដងវែងប្រវែងជាង១០ម៉ែត្រនឹងត្រូវដាក់តាំងបង្ហាញ

  • 2017-03-07 07:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​កម្ពុជា​ ដើម្បី​ចូលរួម​អបអរ​សាទរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ជាតិ​ខ្មែរ​ តែង​តែង​ផ្ដល់​នូវ​ការ​ភាព​សប្បាយ​រីករាយ​ការ ជួប​ជុំ​គ្នា​តាម​រយៈ​ការ​​បង្ហាញ​អំពី​ល្បែង​ប្រជាប្រិយ ​របាំ​ប្រពៃណី ទំនៀម​ទម្លាប់​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ព្រឹត្តិការណ៍​តែង​នាំ​មក​អ្វី​ដែល​ថ្មី ប្លែក​គួរ​ឱ្យ​ចាប់​អារម្មណ៍ ក្នុង​នោះ​កន្លង​មក​មាន​ដូចជា​ អន្សម​យក្ស អង្រុត​យក្ស​​មួក​ធ្វើ​ពី​ស្លឹក​ត្នោត​យក្ស បំពង់​ទឹក​ត្នោត​យក្ស ជា​ដើម​។ ចុះ​ក្នុង​ឆ្នាំ​នេះ​វិញ​មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​ទេ?

ឯកឧត្ដម សំហេង បុរស អនុប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ កាល​ពី​ព្រឹក​មិញ​នេះ ឯកឧត្ដម សំហេង បុរស អនុប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ ​ បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ឆ្នាំ​នេះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ​នឹង​មាន​អ្វី​ដែល​ពិសេស​មិន​ចាញ់​ឆ្នាំ​មុន​ៗ​នោះ​ទេ។ លោក​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ នេះ​នឹង​មាន​ចាប៉ី​ដង​វែង​យក្ស​ប្រវែង​ជាង​ ១០​ម៉ែត្រ​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ និង​ប្រគំ​​ដោយ​សាស្ត្រាចារ្យ​ចាប៉ី​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា​ច្រៀង​រៀបរាប់​ពី​ក្បាច់​គុន​ល្បុក្កតោ​ថែម​ទៀត​ផង​។ ​បន្ថែម​លើ​ពី​នេះ​ទៀត ដោយ​សារ​ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​រកា ដំណាង​ដោយ​​សត្វ​មាន់ ដូច្នេះ​ហើយ​នឹង​មាន​ការ​កែ​ច្នៃ​ធ្វើ​ជា​សំបុក​មាន់​យក្ស និង​ពង​មាន់​យក្ស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។

របស់យក្សកាលពីឆ្នាំ២០១៦

អនុប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ឆ្នាំ​២០១៧ ក៏​ឱ្យ​ដឹង​ផង​ដែរ​ថា រយៈពេល​បី​ថ្ងៃ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ឆ្នាំ​នេះ គឺ​មាន​កម្មវិធី​កម្សាន្ត​សប្បាយ កម្មវិធី​ប្រពៃណី​ទំនៀម​ទម្លាប់ កម្មវិធី​សាសនា​ជា​ច្រើន​ដែល​បែង​ចែក​ទៅ​តាម​តំបន់​នី​មួយៗ​ ដូចជា​មុខ​ប្រាសាទ​អង្គរ​វត្ត ទីលាន​ជល់​ដំរី អង្គរ​ឃ្យូង​យូរ​ មុខ​សួន​ច្បារ​រាជ​ដំណាក់ ក្ដារ​បែន​ខាង​លិច​ប្រាសាទ​អង្គរ​វត្ត ជាដើម​។

អន្សមយក្សឆ្នាំ២០១៥

​ក្នុង​នោះ ឯកឧត្ដម សំហេង បុរស បាន​ប្រាប់​ថា តំបន់​ដែល​សំខាន់​បំផុត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺ​តំបន់​មុខ​ប្រាសាទ​អង្គរវត្ត​ដែល​មនុស្ស​ទៅ​លេង​កម្សាន្ត​ច្រើន​បំផុត​។ លោក​បាន​ឱ្យ​ដឹង​ថា កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ឆ្នាំ​២០១៧ នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​មាន​ដូចជា៖ ​

១. ​កម្មវិធី​ល្បែង​ប្រជា​ប្រិយ ដែល​មាន​រហូត​ដល់​២៦​ល្បែង​

២. កម្មវិធី​របាំ​បុរាណ និង​ប្រជាប្រិយ

៣. ​គុណ​ល្បុក្កតោ

៤. កម្មវិធី​សួន​កុមារ​

៥. ​កម្មវិធី​កម្សាន្ត​តំបន់​ត្រជាក់​ចិត្ត​

៦. ​កម្មវិធី​វិចិត្រករ​ឯក

៧. ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ

៨. ​កម្មវិធី​ប្រកួត​អុក​ចត្រង្គ​

៩. ​កម្មវិធី​អភិរក្ស​បេតិកភណ្ឌ​

១០. កម្មវិធី​គោម​បណ្ដែត​ទឹក ដែល​មាន​គោម​​ជាង ៥០០០ គោម

១១. ​កម្មវិធី​តន្ត្រី​សួស្ដី​ឆ្នាំ​ថ្មី​

និង​មាន​កម្មវិធី​​បែប​សាសនា ប្រពៃណី ជា​ច្រើន​នៅ​តាម​តំបន់​សំខាន់ៗ​ផ្សេង​ទៀត​៕​​ ​​​​​ ​​​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់