- 2017-03-10 00:40:00
- ព័ត៌មាន
ហូ សុធា ផ្លាស់ប្ដូរជីវិតពីបុគ្គលិកប្រាក់ខែ ៧០ដុល្លារ រហូតក្លាយជានាយិកាក្រុមហ៊ុន
- 2017-03-10 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហូ សុធា ផ្លាស់ប្ដូរជីវិតពីបុគ្គលិកប្រាក់ខែ ៧០ដុល្លារ រហូតក្លាយជានាយិកាក្រុមហ៊ុន
ចន្លោះមិនឃើញ
ការព្យាយាម និងចិញ្ចឹមចិត្តមិនរុញរា ចង់មាន ចង់បានអ្វីជារបស់ខ្លួន បូករួមជាមួយការជំរុញទឹកចិត្តពីគ្រួសារ ធ្វើឲ្យអ្នកស្រី ហូ សុធា សម្រេចបានក្ដីស្រមៃ អាចបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ និងដំណើរការទទួលបានជោគជ័យរហូតមកទល់សព្វថ្ងៃ។ ដោយសារការចង់ចេះចង់ដឹងគ្រប់ផ្នែកនៅវ័យសិក្សា បូករួមនឹងបទពិសោធន៍ការងារពាក់ព័ន្ធ ជាច្រើនឆ្នាំផងដែរ ទើបធ្វើឲ្យក្រុមហ៊ុនទេសចរ របស់អ្នកស្រីមានថ្ងៃនេះ។
ចង់ចេះចង់ដឹងគ្រប់ផ្នែក កាលរៀននៅវិទ្យាល័យ
ដោយសារ យុវតីហូ សុធា បានសេពគប់មិត្តភ័ក្ដិដែលចូលចិត្តនាំរៀន កាលពីនៅថ្នាក់វិទ្យាល័យ ទើបធ្វើឲ្យ យុវតីរូបនេះ ចង់ចេះចង់ដឹង រៀនពីអ្វីៗជុំវិញខ្លួន ឲ្យចេះគ្រប់មុខវិជ្ជា។ នៅត្រឹមថ្នាក់ទី ៨ យុវតីសិស្សវិទ្យាល័យព្រះយុគន្ធររូបនេះ បានចូលសិក្សាវគ្គខ្លីៗបង់លុយនៅតាមសាលា អង្គការនានា នូវជំនាញសំខាន់ដូចជា កុំព្យូទ័រ រដ្ឋបាល គណនេយ្យ...។
“ មានបងស្រីនៅក្បែរផ្ទះ គាត់នាំទៅរៀនចឹង យូរៗទៅបងក៏ចូលចិត្តរៀនវគ្គខ្លី ហ្នឹងហ្មង...ធ្វើម៉េចឲ្យយើងចេះដឹងអីក្នុងខ្លួនឲ្យច្រើនចឹងទៅ។ រៀននៅ យុគន្ធរ នៅថ្នាក់ទី ៧ ទី៨ហ្នឹង បងឆ្លៀតរៀនវគ្គខ្លីៗ...រៀនកុំព្យូទ័រ រៀនរដ្ឋបាល រៀនគណនេយ្យ រៀន១វគ្គៗ បីៗខែ អ៊ីចឹងទៅណាស់។ ហើយបងចូលចិត្តណាស់ ចូលចិត្តទៅរៀនចឹងៗ មិនឲ្យខាតពេល"។ នេះជាសម្ដីរបស់ នាយិកាក្រុមហ៊ុនអ្នកស្រីនាយិកា ក្រុមហ៊ុនទេសចរណ៍ ធូវើលដ៍ ត្រាវែល (2World Travel [Cambodia])។
ពេលរៀនវគ្គសិក្សាខ្លះ យុវតីខាងលើ ពុំតម្រូវឲ្យបង់លុយនោះទេ ដោយសារតែឃើញនាងយកចិត្តទុកដាក់រៀន និងជួយសម្រួលកិច្ចការគ្រូ ដូចជា ដើរប្រមូលលុយ ជួយលុបក្ដារខៀន ទើបធ្វើឲ្យលោកគ្រូអ្នកគ្រូ អាណិតស្រលាញ់ ឲ្យនាងរៀនដោយពុំគិតថ្លៃ។
សិស្សវិទ្យាល័យព្រះយុគន្ធរខាងលើ បានបន្តឆ្លៀតរៀនសិក្សាវគ្គខ្លីរហូត ហើយបានបញ្ចប់ការមធ្យមសិក្សាទុតិយភូមិដោយជោគជ័យនៅឆ្នាំ ២០០១។
ផ្ដើមក្ដីស្រមៃក្នុងវិស័យទេសចរ ដោយចាប់ផ្ដើមពីតូច
ចប់បាក់ឌុប ឆ្នាំ២០០១ភ្លាម យុវតីដែលមានស្រុកកំណើតនៅទឹកដីខេត្តព្រៃវែងខាងលើ ពុំស្វែងរករៀនថ្នាក់ឧត្ដមសិក្សា ដើម្បីយកសញ្ញាបត្របរិញ្ញាបត្រ ដូចមិត្តភ័ក្ដិរបស់ខ្លួនដទៃនោះទេ។ ដោយសារ មាននិស្ស័យស្រលាញ់ចូលចិត្តផ្នែកទេសចរ ហើយកាលនៅវិទ្យាល័យ ហើយបានប្រលូកក្នុងកិច្ចការសង្គម បានដើរហើរច្រើនកន្លែង រួមពូកែភាសាអង់គ្លេសផងនោះ ទើបធ្វើឲ្យ យុវតីហូ សុធា សម្រេចចិត្តដាក់ពាក្យធ្វើការ នៅក្រុមហ៊ុនមួយ ដោយបានជាប់ និងបម្រើការងារជាអ្នកលក់សំបុត្រយន្តហោះតែម្ដង។
ប្រាក់ខែដំបូងបាន ៧០ តែទទួលយក និងបន្តក្ដីស្រមៃទៅមុខ
ការងារដំបូងក្នុងជីវិត យុវតី សុធា បានទទួលប្រាក់ខែ ៧០ដុល្លារ យ៉ាងណាក្ដី យុវតីកើតនៅស្រុក ស្រុកសីធរកណ្ដាល ខេត្តព្រៃវែងរូបនេះ ទទួលយកមិនរុញរា ហើយរៀនសូត្រពីការងារក្នុងផ្នែកទេសចរនេះ ជាច្រើនឆ្នាំ។
អំឡុងពេលធ្វើការ យុវតីខាងលើ ក៏ទទួលបានការណែនាំ បង្ហាត់បង្រៀន និងទៅទទួលការបណ្ដុះបណ្ដាលវគ្គខ្លីបន្ថែមនៅប្រទេសថៃផងដែរ។
“ប្រាក់ខែដំបូងផស់បង កាលហ្នឹងបាន៧០(ដុល្លារ) អាហ្នឹងយើងអត់មានបទពិសោធន៍ ប៉ុន្តែយើងខិតខំធ្វើការ គេបង្ហាត់បង្ហាញបង្រៀនយើង...។ ហើយបង ធ្វើការនៅក្រុមហ៊ុនបាន៣ឆ្នាំ បងក៏ដូរទៅកន្លែង១ទៀត...Updateកន្លែងថ្មី... ប៉ុន្តែនៅធ្វើការក្នុងផ្នែកទេសចរហ្នឹងដដែល"។ នេះបើតាមអ្នកស្រីហូ សុធាបាននិយាយ។
បានជួបស្វាមី ហើយបានជំរុញក្ដីស្រមៃក្លាយជាការពិត
អ្នកស្រីហូ សុធា បានជួបស្វាមី ជាបុគ្គលិកធ្វើការនៅសណ្ឋាគារ ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅឆ្នាំ ២០០៥។
ដោយសារមានការលើកទឹកចិត្តពីស្វាមី រួមផ្សំនឹងឱកាសដែលប្រជាពលរដ្ឋខ្មែរជាច្រើនមានជីវភាពធូរធារចាប់ផ្ដើមចេញធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅបរទេស អ្នកស្រី ហូ សុធាបានរៀបចំសម្រេចផែនការអាជីវកម្ម ដោយបង្កើតបានក្រុមហ៊ុនទេសចរ ធូវើលដ៍ ត្រាវែល (2World Travel [Cambodia])ជាមួយដើមទុន ២ម៉ឺនដុល្លារ ដោយទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពេញលេញ នៅចុងឆ្នាំ២០០៩។
“និយាយតាមត្រង់ ការិយាល័យដំបូង បងទើបបើក នៅម្ដុំបឹងកេងកង ហើយពេលហ្នឹងបុគ្គលិក គឺគ្នាតែ៣នាក់ទេ គឺបង ស្វាមីបង និងប្អូនប្រុសបង។ តែបង និយាយថា...ធ្វើការងាររហ័ស ហើយម៉ត់ចត់ អ៊ីចឹងហើយ ភ្ញៀវៗ ភាគច្រើនបរទេស ច្រើនតែគាត់ចូលមកហើយជាប់។ ហើយក្រុមហ៊ុនបងចេះតែជោគជ័យរហូតមក ហើយជោគជ័យហ្នឹងចេញពីខ្លួនយើងហ្នឹងហ្មង" ។
ដោយសារវិស័យទេសចររីកចម្រើន មានកន្លែងសម្រាប់ប្រជាពលរដ្ឋទៅលេងច្រើន ជាឱកាសល្អ ហុចបន្ត ដល់ការខិតខំព្យាយាមរបស់អ្នកស្រី ហូ សុធា បើកក្រុមហ៊ុននៅម្ដុំបឹងកេងកងបាន២ឆ្នាំ អ្នកស្រីបានមកពង្រីកការិយាល័យធំជាងមុននៅផ្លូវម៉ៅសេទុង និងមានបុគ្គលិកដែលមានជំនាញទេសចរជាច្រើននាក់មកបម្រើការងារ។
ក្រុមហ៊ុនទេសចរ ធូវើលដ៍ ត្រាវែល (2World Travel [Cambodia]) មកទល់សព្វថ្ងៃទទួលបានគាំទ្រពីភ្ញៀវទេសចរជាច្រើន ជាពិសេសទៅលើកញ្ចប់ទេសចរទាំងក្នុង និងក្រៅប្រទេស ការជាវសំបុត្រយន្តហោះទូទាំងពិភពលោកផងដែរ ដែលទាំងនេះគឺកើតចេញពីការខិតខំ របស់អ្នកស្រី សុធា និងគ្រួសារផ្ទាល់។
ជីវិតផ្ទាល់ខ្លួន
លោកស្រី ហូ សុធា មានស្រុកកំណើតនៅស្រុកសីធរកណ្ដាល ខេត្តព្រៃវែង។ សហគ្រិនស្ត្រីរូបនេះ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៥ ហើយបច្ចុប្បន្នមានកូនចំនួនបីនាក់។ លោកស្រីក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ រដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យបៀលប្រាយ ឆ្នាំ២០១២ផងដែរ៕