- 2017-04-03 07:15:18
- ព័ត៌មាន
ឡូយ! ម្ចាស់ជើងឯកស្ដេចញ៉ាំឆ្នាំនេះ គឺបានទៅលើនារី!
- 2017-04-03 07:15:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយ! ម្ចាស់ជើងឯកស្ដេចញ៉ាំឆ្នាំនេះ គឺបានទៅលើនារី!
ចន្លោះមិនឃើញ
កញ្ញា ហង្ស រស្មីមុនីរតនា គឺជាបេក្ខនារីដែលបានគ្រងដំណែងស្ដេចញ៉ាំ ប្រចាំកម្មវិធី «ស្តេចញ៉ាំ ២០១៧» រឺ «King of Eating 2017» ដែលប្រារព្ធឡើងក្នុងកម្មវិធីសង្ក្រាន្តសុវណ្ណា កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៧ នៅឯបរិវេណខាងមុខផ្សារទំនើបសុវណ្ណា ផ្ទាល់តែម្តង។
ដោយបានឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់យ៉ាងស្វិតស្វាញ និង ដោយបានផ្ដួលគូប្រកួតបុរសៗ ជាច្រើនរូប កញ្ញា មុនីរតនា មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានទទួលនូវជ័យលាភីលេខមួយ ជា ស្តេចញ៉ាំប្រចាំឆ្នាំ២០១៧នេះ។ មិនតែប៉ុណ្ណោះ កញ្ញាក៏រំភើបណាស់ដែរ ដែលទទួលបានរង្វាន់ជាទឹកប្រាក់ ចំនួន៤លានរៀលពីកម្មវិធី។
កញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះផ្សារទំនើបសុវណ្ណា ដែលបានរៀបចំកម្មវិធីសប្បាយៗនេះឡើង និង ជូនពរអោយប្រជាជនកម្ពុជាទូទាំងប្រទេស ជួបតែសិរីសួស្ដី និង សុខភាពល្អក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងក្រុមការងារ Sabay លោក ចេង សម្បត្តិ ដែលជាមន្ត្រីប្រតិបត្តិផ្នែកទីផ្សារ ប្រចាំផ្សារទំនើបសុវណ្ណា បានអោយដឹងថា ក្នុងឱកាសឆ្នាំថ្មីនេះ ផ្សារទំនើបសុវណ្ណា បានរៀបចំកម្មវិធីសប្បាយៗជាច្រើន ជូនអតិថិជនរបស់ខ្លួន។ ជាក់ស្ដែងគឺមានការដាក់បង្ហាញផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរ ការទស្សនាក្បាច់ល្បុក្កតោ របាំត្រុដិ របាំជូនពរ ល្ខោនស្បែកធំ សិល្បៈចាប៉ីដងវែង និង ការប្រគំតន្ត្រីពីសំណាក់ក្រុមក្មេងខ្មែរ ទៀតផង។ លោកបានបន្តថាគោលបំណងមួយទៀត គឺដើម្បីលើកស្ទួយ និង ថែរក្សាវប្បធម៌ទំនៀមទំលាប់របស់ជនជាតិខ្មែរ។ ជាពិសេស គឺការបង្កើតអោយមានកម្មវិធីស្ដេចញ៉ាំ ដើម្បីផ្ដល់ភាពសប្បាយរីករាយទៅកាន់យុវវ័យ និង អតិថិជនរបស់ផ្សារទំនើបសុវណ្ណាផងដែរ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះគឺបានប្រព្រឹត្តិធ្វើឡើងពីថ្ងៃទី ៣១ ខែមិនា ដល់ ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៧ នៅមុខផ្សារទំនើបសុវណ្ណា រាជធានីភ្នំពេញ ដោយមានការតាំងលក់ផលិតផលខ្មែរ ជិត២០ស្តង់ និង មានចំនួនអ្នកចូលរួមទស្សនា សរុបប្រមាណជាង ៦០០០ នាក់៕