• 2017-05-26 06:48:31
  • ព័ត៌មាន

តំបន់​ព្រៃ​កោង​កាង ៣កន្លែង​​នៅ​កម្ពុជា ​ ទេសភាពល្អឯកដូច​​ផ្ទាំង​គំនូរ

  • 2017-05-26 06:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍ ដ៏​សម្បូរ​បែប ជា​ពិសេស​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ស្អាតៗ ជា​ច្រើន​កន្លែង​។ ​ថ្ងៃ​នេះ Sabay សូម​នាំ​ប្រិយ​មិត្ត​ទៅ​ស្គាល់​តំបន់​ព្រៃ​កោងកាង ដែល​​មាន​ទេសភាព​ស្អាត​បំផុត ប្រៀប​ដូច​ផ្ទាំង​គំនូរ កើត​​ចេញ​ពី​ស្នាដៃ​វិចិត្រករ​ឯក​ដូច្នោះ​ដែរ​។ ​មិន​ត្រឹម​តែ​មាន​សម្រស់​ស្អាត​នោះ​ទេ តែ​ព្រៃ​កោង​កាង​ជា​សម្បត្តិ​ធម្មជាតិ​ ដ៏​មាន​តម្លៃ​បំផុត​ អាច​ផ្ដល់​ជា​ជម្រក​សម្រាប់​មច្ឆាជាតិ​ ការ​ពារ​សំណឹក​ដី ទៀត​ផង​។ ​ខាង​ក្រោម​នេះ ជា​តំបន់​ព្រៃ​កោង​កាង​ទាំង​ ៣​កន្លែង ដែល​ក្រុម​ការ​ងារ​ផ្លូវ​ទៅ​ស្រុក ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ចែក​ជូន​ប្រិយ​មិត្ត​បាន​ទស្សនា​។

១. ឧទ្យានជាតិ​រាម

​ ឧទ្យានជាតិ​រាម មាន​លក្ខណៈ​វិសេសវិសាល​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​កាន់​តែ​ច្រើន ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ហាក់​មើល​រំលង​សក្ដានុពល​តំបន់​​ទេសចរណ៍​កម្សាន្ត​មួយ​នេះ។

លក្ខណៈ​អំណោយ​ផល​នៃ​ធនធាន​ធម្មជាតិ​ មាន​ឆ្នេរ​ខ្សាច់​លាត​សន្ធឹង​ប្រកប​ដោយ​រុក្ខជាតិ​ និង​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ដុះ​លាយ​ចម្រុះ​គ្នា ព្រម​ទាំង​ទេសភាព​ល្អ​ប្រណីត​ ជា​ចំណុច​ទាក់ទាញ​នៃ​ឧទ្យាន​ជាតិ​រាម។ ភ្ញៀវ​ទេសចរ​អាច​នឹង​ទទួល​បាន​នូវ​ការ​កម្សាន្ត​យ៉ាង​ពិសេស​ដូច​ខាង​ក្រោម​៖

១. គយគន់​ឆ្នេរ​ខ្សាច់​ដ៏​ល្អ​ប្រណីត ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​តាម​មាត់​ឆ្នេរ​ជាមួយ​បរិយាកាស​ដ៏​ស្ងប់​ស្ងាត់។

២. ជិះ​ទូក​ទៅ​មើល​ព្រៃ​កោងកាង ទស្សនា​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​រស់​នៅ​តាម​មាត់​ព្រែក ​មាន ត្រដក់ កុក ក្រសារ មាន់​ទឹក ទា ​ទឹក ឬ​អាច​ទៅ​លេង​ភូមិ​នេសាទ​ថ្ម​ធំ​ដែល​មាន​បង​ប្អូន​ប្រជា​នេសាទ​រស់​នៅ​ជាង ៣០ គ្រួសារ ដែល​ទី​នោះ​ក៏​ជា​ជម្រក​នៃ​សត្វ​ដូហ្វីន​សមុទ្រ​រស់នៅ​តែងតែ​បង្ហាញ​ខ្លួន​ឲ្យ​ភ្ញៀវ​ទស្សនា។

៣. ការ​ដើរ​កម្សាន្ត​ក្នុង​ព្រៃ​ក៏​ជា​បទពិសោធន៍​ដ៏​រំភើប​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ដែល​វា​មាន​ភាព​ទាក់​ទាញ​ចិត្ត​បំផុត ​ជាពិសេស​ភ្ញៀវ​ទេសចរ​បរទេស។   ឧទ្យានជាតិ​រាម​មាន​ចម្ងាយ ១៨ គីឡូម៉ែត្រ​ពី​ក្រុង​ព្រះសីហនុ និង ១៩៤ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំ​ពេញ។

២. ពាម​ក្រសោម

​តំបន់​ពាម​ក្រសោម ស្ថិត​ក្នុង​ភូមិ ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក មណ្ឌលសីមា ខេត្ត​កោះកុង  សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ពាម​ក្រសោប គឺ​ជា​កន្លែង​ទេសចរណ៍​ព្រៃ​កោងកាង​ដ៏​ធំ​មួយ​របស់​ខេត្ត កោះកុង ។ ព្រៃ​កោង​កាង​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក​ដ៏​ថ្លា​ឈ្វេង បូករួម​នឹង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ដុះ​ជា​ជួរ​ដូច​គេ​តម្រង់​ បាន​ក្លាយ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ប្រណិត​បំផុត។ ​

​ចំពោះ​ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​ទី​នេះ​ត្រូវ​ទិញ​សំបុត្រ សម្រាប់​​ភ្ញៀវ​ជាតិ​តម្លៃ​៣ពាន់រៀល ​ហើយ​ចំពោះ​ភ្ញៀវ​អន្តរជាតិ៥ពាន់​រៀល។ ក្រៅ​ពី​ដើរ​ទស្សនា​នៅ​តំបន់​​មួយ​ចំនួន នៅ​ទី​នេះ​ក៏​មាន​​ទូក​ជួល​ជិះ ទស្សនា​​ទេសភាព​ព្រៃ សម្រាប់​ឆ្នេរ សត្វ និង ភូមិ​នេសាទ ផង​ដែរ។ តម្លៃ​ទូក​​​មាន​​ថ្លៃ​ចាប់​ពី២ម៉ឺនរៀល រហូត ដល់​៧ម៉ឺនរៀល អាស្រ័យ​ទៅ​តាម​ទីកន្លែង​ជិត​ឬ​ឆ្ងាយ។

បច្ចុប្បន្ន តំបន់​ព្រៃ​កោងកាង​នៅ​ខេត្ត​កោះកុង​មាន​ប្រមាណ​មួយ​ម៉ឺន​ហិកតារ​ ក្នុង​នោះ​មាន ​ពាម​ក្រសោប, កោះកាពិ, កោះស្រឡៅ,​បឹង​កាឆាង,ខេង​ខូង, ជ្រោយ​ប្រស់,តាតៃ, និង ទូល​គគីរ ជាដើម។

៣. ត្រពាំង​សង្កែ

ខ្យល់​សមុទ្រ​ដ៏​ល្អ​បរិសុទ្ធ ខណៈ​ចូល​ដល់​ជំរំ​នៃ​ម្លប់​ដើម​កោងកាង​យ៉ាង​ត្រឈឹងត្រឈៃ នឹង​នាំ​អារម្មណ៍​រីករាយ​សម្រាប់​ភ្ញៀវ​ទេសចរ​​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​​ស្ពាន​​រាប់​រយ​ម៉ែត្រ ដែល​ហ៊ុម​ព័ទ្ធ​ដោយ​សម្រស់​ធម្មជាតិ​​យ៉ាង​ខៀវ​ស្រងាត់​​។ ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ជា​ដែន​ដី​ ប្រជា​សហគមន៍​នេសាទ បាន​ប្រែក្លាយ​អភិវឌ្ឍ​ទៅ​ជា​ភូមិ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​​ក្រុង​កំពត។

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣៣ ពី​កំពត​មក​ខេត្ត​កែប​ចម្ងាយ​ជាង ៧ គីឡូម៉ែត្រ អ្នក​ដំណើរ​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ភូមិ​ទេសចរណ៍​ត្រពាំងសង្កែ ដែល​រំលេច​នូវ​រូបភាព​ទេសភាព​ដ៏​ស្រស់​ត្រកាល​​​នៃ​ភូមិ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ។ ​បន្ទាប់​មក បត់​ស្កាំ​ចុះ​ពី​ផ្លូវ​ជាតិ​ប្រមាណ​ត្រឹម ៣០០ ម៉ែត្រ​ ​ឆ្លងកាត់​ភូមិ​ឋាន​ប្រជាពលរដ្ឋ នឹង​ចូល​ដល់​​ទីតាំង​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ​ ដែល​ស្ថិត​នៅ​ក្បែរ​ដៃ​សមុទ្រ​មាន​ឈ្មោះ​ថា«ព្រែក​ក្បាល​រមាស»។

​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ ភ្ញៀវ​នឹង​រីករាយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​​បក់​ផាត់​ពី​ដៃ​សមុទ្រ គយគន់​​ស្រែ​ស្រូវ​ច្បារ​ដំណាំ​ និង​ស្រែ​​អំបិល​​​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ​បន្ថែម​លើ​ពី​នេះ​ទៀត ភ្ញៀវ​ទេសចរណ៍​អាច​បន្ត​ដំណើរ​តាម​ទូក​ក្នុង​ព្រែក​ក្បាល​រមាស នៅ​អម​សង​ខាង​ជាមួយ​ទេសភាព​ដ៏​ល្អ​ត្រកាល​នៃ​ព្រៃ​លិចទឹក ដើម្បី​បាន​ដល់​តំបន់​អេកូ​ទេសចរណ៍​ព្រៃ​កោងកាង​នា​ឆ្នេរ​សមុទ្រ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​​ផ្ទាល់​៕

ចុចអានអត្ថបទ៖ ផ្លូវ​៣​កន្លែង​​​នៅ​កម្ពុជា​​ ទេសភាព​ស្អាត​បំផុត មិន​ចាញ់​បរទេស​

ចុចអានអត្ថបទ៖ ៥ ​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគីរី​ ​ទេសភាព​ស្អាត​ដូច​រូប​គំនូរ​មិនសូវ​មាន​អ្នក​​ទៅ​ដល់​

ចុចអានអត្ថបទ៖ តិច​ច្រឡំ​ស្រុក​គេ​ណា! សម្រស់​ធម្មជាតិ​ដ៏​ល្អ​ឯក​ដូច​រូប​គំនូរ​នៅ​កម្ពុជា​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់